អបអរសាទរចំពោះសមិទ្ធផលថ្មី របស់អ្នកភូមិនគរក្រៅ ដែលទទួលបានស្ពានបេតុង និងទ្វារទឹកថ្មី

ថ្ងៃព្រហស្បតិ៍ ទី ២៥ កក្កដា ២០១៩​
4

សៀមរាប៖ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ អាជ្ញាធរជាតិអប្សរា បានរៀបចំពិធីបើកការដ្ឋានសង់ស្ពានបេតុង និងទ្វារទឹកមួយកន្លែង ស្ថិតក្នុងភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប។ ការងារនេះត្រូវបានរំពឹងថានឹងជួយសម្រួលដល់ការរស់នៅ និងបង្កបង្កើនផលដំណាំដល់អ្នកភូមិនគរក្រៅ ប្រមាណជាង ៣០០គ្រួសារ។

ពិធីបើការដ្ឋានសង់ស្ពានបេតុង និងទ្វារទឹកថ្មីនៅភូមិនគរក្រៅ ត្រូវបានរៀបចំឡើងនៅជិតការដ្ឋានដែលត្រូវសង់ស្ពាន និងទ្វារទឹក ស្ថិតនៅភូមិនគរក្រៅ សង្កាត់គោកចក។ ស្ពានបេតុងដែលជាចំណងដៃថ្មីរបស់អាជ្ញាធរជាតិអប្សរា ផ្តល់ឱ្យអ្នកភូមិអង្គរ នៅពេលនេះមានប្រវែង ៣១ម៉ែត្រ ទទឹង ៣,៥ម៉ែត្រ និងកម្ពស់ ៤ម៉ែត្រ ដែលសង់លើអូរខ្លូត។ ចំណែកទ្វារទឹកវិញ មានប្រវែង ១០ម៉ែត្រ ទទឹង ៣,៥ម៉ែត្រ ស្ថិតនៅច្រកបញ្ចេញទឹកទន្លេស្ងួត។

លោក ភឿន សុឃីម អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរានៅក្នុងពិធីនៅពេលនោះ បានរម្លឹកពីប្រវត្តិក៏ដូចជាសមិទ្ធផលនានាដែលនាយកដ្ឋានគ្រប់គ្រងទឹកបានធ្វើនាពេលកន្លងមក។ លោកបន្តថា កាលពីឆ្នាំ២០១៣ អ្នកភូមិនគរក្រៅ ធ្លាប់ជន់លិចដោយសារជំនន់ទឹកភ្លៀង ព្រោះពុំទាន់មានសំណង់ទ្វារទឹកត្រឹមត្រូវនៅពេលនោះ។ លោកបន្ថែមថា ដោយសារមើលឃើញពីទុក្ខលំបាកបែបនេះ នៅឆ្នាំ២០១៤ អាជ្ញាធរជាតិអប្សរាបានស្ដារ និងសាងសង់ប្រព័ន្ធធារាសាស្រ្ដមួយចំនួនក្នុងភូមិសាស្រ្ដនេះ ហើយចាប់ពីពេលនោះមកពុំមានទឹកជំនន់ជន់លិចទៀតឡើយ។

លោក យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានសម្ដែងនូវអារម្មណ៍សប្បាយរីករាយ និងចូលរួមអបអរសាទរចំពោះសមិទ្ធផលរបស់អ្នកភូមិនគរក្រៅ ដែលទទួលបាននៅពេលនេះ។ ជាមួយគ្នានោះ លោកក៏បានរម្លឹកពីការងារមួយចំនួនរបស់អាជ្ញាធរជាតិអប្សរាក្នុងការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ក៏ដូចជាការងារស្នូលសំខាន់ៗដើម្បីលើកកម្ពស់ដល់ការរស់នៅរបស់អ្នកស្រុកអង្គរ ដូចជាការងារសង់ទ្វារទឹក ស្ពាន ផ្លូវ និងស្ដារប្រព័ន្ធធារាសាស្រ្ដផ្សេងៗ ។ល។

ជាមួយនឹងសមិទ្ធផលដែលអាជ្ញាធរជាតិអប្សរាកំពុងសាងសង់ដល់អ្នកភូមិនគរក្រៅ នៅពេលនេះ លោកអគ្គនាយករងបានរំពឹងថា វានឹងចូលរួមបម្រើផលប្រយោជន៍យ៉ាងទូលំទូលាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពិសេសបញ្ជៀសពីហានិភ័យផ្សេងៗដែលកើតឡើងពីការជន់លិចនារដូវវស្សា ក៏ដូចជាជួយស្ទាក់ទឹកសម្រាប់បង្កបង្កើនផលដំណាំរបស់បងប្អូននៅទីនេះផងដែរ៕

បញ្ចេញយោបល់