ទស្សនៈមិត្តអ្នកអាន៖ កម្ពុជា ជារដ្ឋអធិបតេយ្យប្រឆាំងដាច់ខាតការជ្រៀតជ្រែកពីបរទេសទោះក្រោមរូបភាពណាក៏ដោយ

ថ្ងៃព្រហស្បតិ៍ ទី ១៨ កក្កដា ២០១៩​
35

ម្តងជាពីរដងបុគ្គលសភាតំណាងរាស្ត្រសហរដ្ឋអាមេរិកប៉ុន្មាននាក់ ដែលមានមហិច្ឆតាចង់​យក​កម្ពុជាធ្វើជាកូនជឹងដើម្បីបម្រើឲ្យផលប្រយោជន៍ និងភូមិ​សាស្ត្រនយោបាយរបស់ខ្លួន តែង​បានរំលោភបំពានម្តងហើយ​ម្តងទៀត​មកលើអធិបតេយ្យជាតិកម្ពុជា។ ថ្មីៗនេះ សភាតំណាងរាស្ត្រអាមេរិកជាន់ទាប ទើបបានអនុម័តច្បាប់មួយស្តីពីប្រជាធិបតេយ្យនៅកម្ពុជា (H.R 526) ដែលសេចក្តីស្នើច្បាប់នេះ មានចរិតនយោ​បាយ បង្ហាញឲ្យឃើញជាក់ស្តែងនូវការជ្រៀតជ្រែក​ចូលកិច្ចការផ្ទៃក្នុងកម្ពុជា ជារដ្ឋឯករាជ្យ អធិប​តេយ្យ ដោយផ្អែកតែទៅលើព័ត៌មានបំភ្លៃ លំអៀង និងព័ត៌មានចាស់ហួសសម័យ។

ខ្លឹមសារនៃសេចក្តីស្នើច្បាប់នោះបានបន្ទោសទៅលើប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា បានកាន់តំណែងយូរជាងគេបំផុតនៅអាស៊ីអាគ្នេយ៍។ តាមពិតទៅការកាន់តំណែងយូរ ឬឆាប់ របស់មេដឹកនាំមិនថាចំពោះប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ឬក្នុងពិភពលោកទេ វាអាស្រ័យទៅ​លើការគាំទ្ររបស់ប្រជាពលរដ្ឋនៃប្រទេសនោះប៉ុណ្ណោះ។ នៅក្នុងបណ្តាប្រទេសប្រកាន់របបលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ការកាន់តំណែង​របស់មេដឹកនាំប្រទេសអាចធ្វើទៅបានតាមរយៈការបោះឆ្នោត។

នៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៣មក តែងបានរៀបចំឲ្យមានការបោះឆ្នោតជ្រើសតាំងតំណាង​រាស្ត្ររៀងរាល់ ៥ឆ្នាំម្តង ដោយមានបណ្តាគណបក្សនយោបាយនានាចូលរួមប្រកួតប្រជែង និងមានអ្នកសង្កេតការណ៍ជាតិ-អន្តរជាតិរាប់ពាន់នាក់ឃ្លាំមើលការបោះឆ្នោត។ ប្រសិនបើប្រជាពលរដ្ឋកម្ពុជាដ៏ច្រើន​លើស​លប់នៅតែបន្តការគាំទ្រ និងមានជំនឿទុកចិត្តលើការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺគ្មានមូល​ហេតុអ្វីដែលអាចចោទថា លោក ហ៊ុន សែន កាន់អំណាចយូរ ឬឆាប់ទេ។ ម្យ៉ាងទៀត ទាំងរដ្ឋធម្ម​នុញ្ញ និងច្បាប់ពាក់ព័ន្ធនៃព្រះ​​រាជាណាចក្រកម្ពុជា មិនបានកំណត់អាណត្តិរបស់នាយករដ្ឋមន្ត្រីដែរ។ ការ​ចោទ​​លោក ហ៊ុន សែន ដែលកំពុងដឹកនាំរាជរដ្ឋាភិបាលកម្ពុជាកើតចេញពីការបោះឆ្នោតថាកាន់អំណាច​យូរ គឺផ្ទុយទាំងស្រុងទៅនឹងឆន្ទៈរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត ដែលជាការប្រមាថទៅលើដំណើរការ​ប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា។

បើចោទលោក ហ៊ុន សែន ថាឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីតាមរយៈការបោះឆ្នោតមិនប្រជាធិប​តេយ្យ តើការបោះឆ្នោតនៅកម្ពុជាទាល់តែគ្មានវត្តមានលោក ហ៊ុន សែន ឈរឈ្មោះទើបហៅថា ប្រជា​ធិបតេយ្យឬ? ឬប្រជាធិបតេយ្យដែលសភាតំណាងរាស្ត្រអាមេរិកប៉ុន្មាននាក់នោះចង់បាន គឺទាល់​តែ​ដោះ​លែង​លោក កឹម សុខា ដែលកំពុងជាប់ចោទពីបទក្បត់ជាតិ? ឬទាល់តែអតីតគណ​បក្សសង្គ្រោះ​ជាតិដំណើរ​ការឡើងវិញ? ហើយវាទាល់តែសមាគម និងអង្គការមិន​មែនរដ្ឋាភិបាលឡើងមកកាន់កាប់ស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលា​ការ ឬក៏ទាល់តែកម្ពុជាប្រគល់អធិបតេយ្យជាតិទៅឲ្យអ្នកទាំងនោះ ដូចកាលសម័យ លន់ នល់ ទើបហៅថា ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស?

ជាការពិត ករណីបទល្មើសរបស់លោក កឹម សុខា ជាសំនុំរឿងព្រហ្មទណ្ឌ ស្ថិតក្នុងដែនសមត្ថកិច្ចរបស់​ចៅ​ក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ហើយចំណាត់ការនីតិវិធីនានាបានធ្វើឡើងស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌជាធរមានរបស់កម្ពុជា គឺមិនស្ថិតក្រោម​ដែនសមត្ថកិច្ចរបស់តុលាការអាមេរិកទេ។ លោក កឹម សុខា ត្រូវបានចោទពីបទសន្ទិដ្ឋិភាព​ជា​មួយបរទេស ត្រូវផ្តន្ទាទោសតាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ។ ចំណែកអតីតគណ​បក្សសង្គ្រោះជាតិដែលជាកម្លាំងចលករនៃចលនាបដិវត្តន៍ពណ៌ ក៏ត្រូវបានតុលាការកំពូលកម្ពុជាចេញសាលដីការរំលាយចោលកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ ចំណែកអតីតថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ១១៨រូប ត្រូវជាប់បម្រាមនយោបាយ ក៏ប៉ុន្តែអ្នកទាំងនោះត្រូវបានច្បាប់អនុញ្ញាតបើកផ្លូវឲ្យបន្តធ្វើនយោបាយឡើងវិញ ប្រសិនបើមានលក្ខណៈ​សម្បត្តិគ្រប់គ្រាន់ និងមានការស្នើសុំជាផ្លូវការទៅប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

កម្ពុជា ត្រូវបានចាត់ទុកថា ជាឋានសួគ៌នៃសារព័ត៌មាន សមាគម និងអង្គការមិនមែនរដ្ឋា​ភិបាល។ បច្ចុប្បន្ន នៅកម្ពុជាមានសមាគមសារព័ត៌មាន កាសែត ទស្សនាវដ្តី ព្រឹត្តិប័ត្រ ទី​ភ្នាក់​ងារសារព័ត៌មានបរទេស ស្ថានីយវិទ្យុ និងទូរទស្សន៍ គេហទំព័រ និង TV Online និងអង្គភាពព័ត៌មានផ្សេងៗជាច្រើនទៀតមាន​ចំនួនរាប់ពាន់។ សមាគម និងអង្គការមិនមែនរដ្ឋា​ភិបាល ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃមានប្រមាណចំនួន ៥៤៤១។ រាជរដ្ឋា​ភិបាល​កម្ពុជា មិនដែលមានគោលបំណងបំបិទនូវសិទ្ធិបញ្ចេញមតិពីប្រជាពលរដ្ឋទេ មានតែលើក​ទឹកចិត្តថែម ព្រោះរាជរដ្ឋាភិបាលទាំងមូលកំណត់យកមតិយោបល់ពីប្រជាជនជាកញ្ចក់ឆ្លុះ ដើម្បីវាយតម្លៃអំពីលទ្ធផលការងាររបស់ខ្លួន និងជាធាតុចូលសម្រាប់​រៀប​ចំ​គោល​នយោ​បាយ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍ផ្សេងៗទៅថ្ងៃអនា​គត។

ព្រះរាជាណាចក្រកម្ពុជា អនុវត្តដោយខ្ជាប់ខ្ជួននូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋ។ កម្ពុជា ទទួលស្គាល់ និងគោរពសិទ្ធិមនុស្ស ដូចមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងទៅនឹងសិទ្ធិមនុស្ស សិទ្ធិ​នារី និងសិទ្ធិកុមារ។ កម្ពុជា ត្រូវការ​ពារ​នីត្យានុ​កូល​ភាព ធានាសណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ ហើយប្រឆាំងដាច់ខាតការជ្រៀតជ្រែកពីបរទេស ចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួន ទោះបីក្រោមរូបភាពណាក៏​ដោយ។

សរុបមកវិញ កម្ពុជា គឺជារដ្ឋអធិបតេយ្យ មានរដ្ឋធម្មនុញ្ញជាច្បាប់កំពូល ហើយប្រជាជនកម្ពុជា គឺជាម្ចាស់នៃជោគវាសនារបស់ខ្លួនមានសិទ្ធិស្វ័យសម្រេចក្នុងការជ្រើសរើសរបៀបនៃការដឹកនាំប្រទេស និងរដ្ឋា​ភិបាល។ ប្រជាជនកម្ពុជា និង​គ្រប់ក្រសួងស្ថាប័ន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅតែឈរយ៉ាងរឹងមាំគាំ​ទ្រ ជុំវិញរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីការពារសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋ​កិច្ច និងការអភិវឌ្ឍតទៅមុខទៀត គឺទប់ទល់នឹងការជ្រៀត​ជ្រែករបស់បរទេសចូលកិច្ចការផ្ទៃក្នុងកម្ពុជា។ ក៏ប៉ុន្តែ ប្រសិនបើប្រជាជនកម្ពុជាមិនរួបរួមគ្នាទេ នោះយើង​នឹងមានជោគវាសនាដូចអតីតកាល ពោលគឺសម័យសង្គមរាស្ត្រនិយម ដែលមហាអំណាចពិភព​លោក​​ប្រកួតប្រជែង​គ្នាលើមនោគមន៍វិទ្យា ធ្វើឲ្យខ្មែរមានការបែកបាក់បែងចែកជាក្រុមៗ មានខ្មែរស ខ្មែរស៊ីជម្ពូ និងខ្មែរក្រហម ហើយទីបំផុតទៅប្រទេសធ្លាក់ក្នុងសង្គ្រាមស៊ីវិលររ៉ាំរ៉ៃ បង្កវិនាសកម្មដល់ជាតិ និងប្រជាជន៕
ដោយ៖ សុខ សុវណ្ណ

ចែករំលែក

បញ្ចេញយោបល់