សម្ដេច​តេជោ ហ៊ុន សែន បានគូស​បញ្ជាក់​ថា បុគ្គល​ណា​ធ្វើខុស​ច្បាប់​ត្រូវទទួល​ខុសត្រូវ​ចំពោះ​មុខច្បាប់

ថ្ងៃព្រហស្បតិ៍ ទី ១២ ឧសភា ២០១៦​
307

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃវិទ្យាស្ថានវ៉ាន់ដា នាព្រឹកថ្ងៃទី១០ ខែឧសភានេះ ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាត្រូវការថែរក្សាសន្ដិភាព និងស្ថិរភាពនយោបាយសម្រាប់ប្រទេសជាតិ ដើម្បីការអភិវឌ្ឍន៍។ ការគូសបញ្ជាក់របស់សម្ដេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្រ្ដី បានធ្វើឡើ ងបន្ទាប់ពីក្រុមអង្គការសង្គមស៊ីវិល និងសកម្មជនដីធ្លីមួយចំនួន រួមទាំងប្រធានគណ បក្សប្រឆាំងផងនោះ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ បានស្លៀកពាក់ពណ៌ខ្មៅ ដើម្បីទាមទារតវ៉ាឲ្យមានការដោះ លែងមន្រ្ដីសមាគមអាដហុកចំនួន៤នាក់ និងមន្រ្ដីនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតម្នាក់ផង ដែរ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃវិទ្យាស្ថានវ៉ាន់ដា នាព្រឹកថ្ងៃទី១០ ខែឧសភានេះថា ការសម្ដែងមតិពីបញ្ហាអ្វីមួយ គឺជាសិទ្ធិរបស់បុគ្គលម្នាក់ៗ ប៉ុន្ដែសិទ្ធិសម្ដែងមតិរបស់អ្នកណាម្នាក់ គឺមានព្រំដែនជាមួយសិទ្ធិរបស់អ្នកដទៃ ហើយប្រសិនបើអ្នកណាម្នាក់រំលោភសិទ្ធិអ្នកដទៃនោះទេ គឺនឹងត្រូវប្រឈមទៅនឹងផ្លូវច្បាប់ហើយ។ សម្ដេចតេជោនាយករដ្ឋមន្រ្ដី បានព្រមានថា សូមកុំប្រើប្រាស់សិទ្ធិបញ្ចេញមតិ ដើម្បីបំពានអ្នកដទៃឲ្យសោះ ព្រោះរាជរដ្ឋាភិបាល ត្រូវការថែរក្សាសន្ដិភាព និងស្ថិរភាពនយោបាយ ហើយបុគ្គលណាធ្វើខុសត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា ប្រសិនបើមន្រ្ដីសមាគមអាដហុកទាំង៤នាក់ រួមទាំងអគ្គលេខាធិការរងគ.ជ.បម្នាក់នោះ មិនធ្វើខុសច្បាប់ទេ គឺមិនមានអ្នកណាទៅចាប់ខ្លួន ឬក៏កាត់ទោសនោះទេ ហើយអ្នកដទៃសូមកុំភ័ន្តច្រលំឱ្យសោះ ចំពោះការទាមទារឲ្យដោះលែងគ្មានលក្ខខណ្ឌ ព្រោះបើទាមទារឲ្យដោះលែងដោយគ្មានលក្ខខណ្ឌ គឺមិនចាំបាច់មានច្បាប់នោះទេ។ ជាមួយគ្នានេះសម្ដេចតេជោ បានអំពាវនាវ ដល់អាជ្ញាធរមានសមត្ថកិច្ចសូមមេត្ដាប្រុងប្រយ័ត្ន ចំពោះការតវ៉ាទាមទារនានា ដែលខុសទៅនឹងច្បាប់ ព្រោះសភាពការណ៍នៅលើពិភពលោក បានស្ដែងឲ្យឃើញច្បាស់ហើយ។

សម្ដេចតេជោនាយករដ្ឋមន្រ្ដី បានគូសបញ្ជាក់ទៀតថា សន្ដិភាពសម្រាប់ប្រទេសកម្ពុជាពិបាករកណាស់ ហើយទម្រាំបានសន្ដិភាព គឺមានប្រជាពលរដ្ឋស្លាប់ច្រើនណាស់ ដូច្នេះមិនអនុញ្ញាតឲ្យអ្នកណាម្នាក់ មកបំផ្លាញសន្ដិភាពនេះជាដាច់ខាត ទោះមកពីប្រភពណាក៏ដោយ។ សូមរំលឹកថា កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ ក្រុមអង្គការក្រៅរដ្ឋាភិបាល និងសកម្មជនដីធ្លីមួយចំនួន បានធ្វើយុទ្ធនាការស្លៀកពាក់ពណ៌ខ្មៅ ដើម្បីទាមទារឲ្យមានការដោះលែងមន្រ្ដីសមាគមអាដហុក៤នាក់ និងមន្រ្ដីគ.ជ.បម្នាក់ផងដែរ។ នៅក្នុងការតវ៉ានោះអាជ្ញាធរមានសមត្ថកិច្ច បានឃាត់ខ្លួនមនុស្សចំនួន៨នាក់ យកមកអប់រំណែនាំ និងធ្វើកិច្ចសន្យាឲ្យបញ្ឈប់សកម្មភាពទាំងនេះ ហើយក៏បានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីការសួរនាំបានបញ្ចប់។

ចំណែកលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងស្ថិតនៅក្រៅប្រទេសគេចចេញពីការចាប់ខ្លួនរបស់សមត្ថកិច្ចនោះ កាលពីថ្ងៃម្សិលមិញ ក៏បានស្លៀកពាក់ឈុតខ្មៅ ដើម្បីចូលរួមយុទ្ធនាការ ទាមទារឲ្យមានការដោះលែងមន្រ្ដីសមាគមអាដហុក និងមន្រ្ដីគ.ជ.បទាំង៥នាក់នោះផងដែរ។ ទោះជាបែបណាក៏ដោយសម្ដេចតេជោ បានផ្ដល់ជាយោបល់ថា ក្រុមអង្គការសង្គមស៊ីវិល គួរតែរកមេធាវីល្អៗ ដើម្បីដោះបន្ទុកមន្រ្ដីសិទ្ធិមនុស្ស ដែលកំពុងជាប់ឃុំទាំងនោះ ជាជាងការតវ៉ានានា។ ក្នុងនោះសម្ដេចតេជោ ហ៊ុន សែន បានបង្ហើបថា សម្ដេចមិនហ៊ានលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់តុលាការឡើយ ប៉ុន្ដែប្រសិនមាន ការប្រកាសសាលក្រមរួចរាល់ហើយនោះ គឺសម្ដេចអាចនឹងមានការស្នើសុំទៅព្រះមហាក្សត្រ ដើម្បីលើកលែង ឬបន្ធូបន្ថយទោសដល់ពួកគេ។

គួររំលឹកថា មន្ត្រីអាដហុកចំនួន៤នាក់ ដែលត្រូវបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារនោះរួមមាន៖ លោក នី សុខា, លោកណៃ វ៉ង់ដា, លោកយី សុខសាន, និងលោកស្រី លឹម មុនី អ្នកទាំង៤នាក់នេះ ជាប់ចោទពីបទល្មើសសូកប៉ាន់សាក្សី។ ចំណែកលោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប ដែលកំពុងជាប់ឃុំបណ្តោះអាសន្ននៅក្នុងពន្ធនាគារដែរនោះ គឺជាប់ចោទពីបទផ្សំគំនិតសូកប៉ាន់សាក្សី៕

អត្ថបទ៖ប៊ុនធី

20160510_PMHS_VANDA_KKY_9041 20160510_PMHS_VANDA_KKY_9045 20160510_PMHS_VANDA_KKY_9047 20160510_PMHS_VANDA_KKY_9065 20160510_PMHS_VANDA_KKY_9098 20160510_PMHS_VANDA_KKY_9104 20160510_PMHS_VANDA_KKY_9257 20160510_PMHS_VANDA_KKY_9333

ចែករំលែក

បញ្ចេញយោបល់