អាជ្ញាធរ​ជាតិអប្សរា​ជួស​ជុល​ទំនប់​ថ្នល់​ដាច់​លើខ្ន​ងភ្នំគូ​លែន​តាម​សំណើរបស់​ប្រជាពលរដ្ឋ

ថ្ងៃចន្ទ ទី ២៥ មេសា ២០១៦​
176

អាជ្ញាធរជាតិអប្សរាសហការជាមួយប្រជាពលរដ្ឋឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប បានចាប់ផ្តើមត្រួសត្រាយកូនឈើ ដើម្បីជួសជុលទំនប់ថ្នល់ដាច់សម្រាប់ទប់ទឹកជូនប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ។ ការសម្រេចជួសជុលនៅពេលនេះ គឺយោងទៅតាមសំណើរបស់ប្រជាពលរដ្ឋ ដែលបានស្នើសុំមកអាជ្ញាធរជាតិអប្សរាកាលពីចុងឆ្នាំ២០១៥កន្លងទៅ។ ការជួសជុលនេះគ្រោងនឹងចំណាយពេលប្រហែល១ខែទើបរួចរាល់។

ឯកឧត្តម ហង់ ពៅ អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានគ្រប់គ្រងទឹកបញ្ជាក់នៅព្រឹកថ្ងៃទី២៩ ខែមីនានេះថា ប្រជាជនបានស្នើមកអាជ្ញាធរជាតិអប្សរា ឲ្យជួយជួសជុលទំនប់ទឹកបុរាណនេះឡើងវិញ ដោយពួកគាត់យល់ថា អាជ្ញាធរជាតិអប្សរាមានក្រុមជំនាញដែលធ្លាប់ធ្វើការស្តារនិងជួសជុលប្រព័ន្ធទឹកបុរាណជាច្រើនក្នុងតំបន់រមណីយដ្ឋានអង្គរ។ ឥឡូវក្រុមក្រុមការងារសម្រេចជួសជុលហើយ ដោយកម្លាំងប្រជាពលរដ្ឋជាច្រើនបានចូលរួម ហើយយើងបញ្ជូនអ្នកបច្ចេកទេសទៅប្រចាំការនៅលើភ្នំផ្ទាល់តែម្តង។ ការងារនេះក៏បានការចូលរួមដែរ ពីគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច សហគមន៍ និងបេតិកភណ្ឌអង្គររបស់អាជ្ញាធរជាតិអប្សរា ហៅកាត់ថា ACHA និងមូលនិធិបុរាណវិទ្យា សម្រាប់ការអភិវឌ្ឍ (ADF)។ នេះគឺជាទស្សនវិស័យរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា ដែលតែងយកចិត្តទុកដាក់ចំពោះតម្រូវការនានារបស់សហគមន៍ប្រជាពលរដ្ឋ ជាពិសេសគឺការលើកកម្ពស់សុខុមាលភាព និងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមបញ្ជាក់ថា ទំនប់នេះត្រូវបានបុព្វបុរសខ្មែរសាងសង់មុនសម័យអង្គរ ដើម្បីទប់ទឹកប្រើប្រាស់ដូចនឹងបារាយណ៍ ដែលយើងឃើញសព្វថ្ងៃដែរ។ តែដោយទំនប់នេះបានបាក់ខូចលែងប្រើប្រាស់កើត ទើបសហគមន៍ប្រជាពលរដ្ឋបានស្នើមកអ្នកជំនាញយើងតាមរយៈ ADF ដើម្បីឲ្យយើងជួយជាបច្ចេកទេសដល់ពួកគាត់។ “យើងរីករាយនឹងចូលរួមជាមួយពួកគាត់ ព្រោះនេះជាតម្រូវការផ្ទាល់របស់ប្រជាជន។ ទំនប់នេះនឹងជួយរក្សាទឹកសម្រាប់ប្រជាពលរដ្ឋចំនួន៣ភូមិប្រើប្រាស់ប្រចាំថ្ងៃ ហើយក៏ជាជម្រាបទៅស្ទឹងសៀមរាប និងស្ទឹងផ្សេងទៀតនៅរដូវប្រាំងដែលមានប្រភពពីភ្នំគូលែនដែរ។ អាជ្ញាធរជាតិអប្សរាផ្តល់អ្នកបច្ចេកទេស ហើយគម្រោង ACHA ដែលឧបត្ថម្ភដោយប្រទេសញូវហ្សេឡែនជាអ្នកផ្តល់មធ្យោបាយ ធ្វើការជាមួយពួកគាត់ ដើម្បីជួសជុលឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។ យើងសប្បាយចិត្តត្រង់ថា វាជាគំនិតដែលពួកគាត់បានលើកឡើងដោយខ្លួនឯង ហើយក៏បញ្ជាក់ពីការចូលរួមរបស់សហគមន៍ ក្នុងការងារអភិរក្សដែរ”៕

12938180_537381853135414_8683574761268638570_n

12932552_537381893135410_1275475928305720216_n

12928234_537381816468751_2649555744772315611_n (1)

12924443_537381859802080_6836886302815757525_n

1934738_537381856468747_1076770541150202631_n

12923179_537381823135417_4355123852900380265_n

ចែករំលែក

បញ្ចេញយោបល់