នៅរសៀលថ្ងៃទី១១វិច្ឆិកា ឆ្នាំ២០១៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានទទួលជួបសាមណនិស្សិត និងនិស្សិតកម្ពុជាចំនួន១១អង្គ-នាក់ ដែលនិមន្តមកគង់និងបន្តកម្មសិក្សានៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ារ។ ឯកឧត្តម សៀន ប៊ុនវុធ ឯកអគ្គរាជទូតកម្ពុជាប្រចាំមីយ៉ាន់ម៉ារ មានប្រសាសន៍ឲ្យដឹងថា សាមណនិស្សិត និងនិស្សិតទាំង១១អង្គ-នាក់នេះ បាននិមន្តមកគង់ និងបំពេញការសិក្សាសាកលវិទ្យាល័យពុទ្ធសាសនទូតថេរវាទអន្តរជាតិ ក្នុងទីក្រុងរ៉ង់ហ្គោនថ្នាក់បណ្ឌិតឆ្នាំទី៣ មានចំនួន២អង្គ សាមណនិស្សិតសិក្សាថ្នាក់អនុបណ្ឌិតឆ្នាំទី៣ មានមាន២អង្គ សាមណនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រ ឆ្នាំទី២មានចំនួន២អង្គ សាមណនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំទី១ មានចំនួន៤អង្គ និងសមាជិកសិស្ស សិក្សាបរិយត្តិធម៌ខាងក្រៅសាកលវិទ្យាល័យមានចំនួន១រូប ក្រោមការផ្តល់អាហារូបករណ៍ពីសំណាក់រដ្ឋាភិបាលមីយ៉ានីម៉ារ។ ឯកឧត្តមឯកអគ្គរាជទូតមានប្រសាសន៍បន្តថា ក្រោមការជួយឧបត្ថម្ភពីសំណាក់រដ្ឋាភិបាលមីយ៉ាន់ម៉ារ និងការទំនាក់ទំនងជាមួយនិង មន្រ្តីស្ថានទូតកម្ពុជា សាមណនិស្សិតទាំង១អង្គ-នាក់នេះ បានធ្វើការសិក្សាប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់បំផុត។
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍កោតសរសើរ ប្រគេនចំពោះសាមណនិស្សិតទាំងអស់ ដែលបានចំណាយកាយពល និងពេលវេលា និមន្តមកគង់ប្រថាប់ដើម្បីបន្តការសិក្សាថ្នាក់ នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ារ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសា សន៍ក្រើនរលឹកដល់សាមណនិស្សិត និស្សិតកម្ពុជាទាំងអស់ ត្រូវបន្តការសិក្សាក្រេបជញ្ជក់នូវចំណេះដឹងដ៏ល្អៗ ពីវប្បធម៌ក៏ដូចជាចំណេះដឹងខាងជំនឿសាសនា ដើម្បីយកទៅបណ្តុះបណ្តាលជូនដល់សាមណសិស្ស សាមណនិស្សិត និងនិស្សិតកម្ពុជា ដែលមិនបាននិមន្តនិងមកសិក្សានៅទីនេះ។ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានធ្វើការណែនាំដល់សាមណនិស្សិត និងនិស្សិតកម្ពុជាទាំងអស់ ដែលគង់ស្នាក់នៅរៀនសូត្រនៅ ក្នុងប្រទេសមីយ៉ាន់ម៉ារនៅពេលនេះ ត្រូវមានមនសិកាគោរពស្រឡាញ់ក្នុងជួរសាមណនិស្សិត និងនិស្សិតទាំងអស់ ពិសេសត្រូវចូលរួមក្នុងកិច្ចការសង្គម និងដើរឲ្យទាន់ពីសន្ទុះនៃការរីកចំរើនរបស់ពិភពលោក ដែលតម្រូវឲ្យយើងទាំងអស់គ្នា ត្រូវតែចូលរួមសហការគ្នាដើម្បីពិភពលោកឲ្យមានការរីកចំរើននិងការអភិវឌ្ឍ ពិសេសការរស់នៅក្នុងភាពសុខដុមរមនា និងសុខសន្តិភាព។ ជាមួយគ្នានេះសម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ប្រគេន សាមណនិស្សិត និងនិស្សិតទាំង១១អង្គ‑ នាក់ នៅពេលបញ្ចប់ការសិក្សានៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ារហើយនោះ សម្តេចនឹងចំណាយថវិកាផ្ទាល់របស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការទិញសំបុត្រយន្តហោះវិលត្រឡប់ទៅកាន់មាតុប្រទេសវិញ។
ព្រះភិក្ខុ កុន សុគាម ប្រធានសមាគមសាមណនិស្សិតខ្មែរ មានសង្ឃដិកាថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានចំណាយពេលវេលាដ៏មានតំលៃ ក្នុងការ ផ្តល់នូវឱកាសឲ្យសាមណនិស្សិតទាំង១១អង្គ‑ នាក់ បានចូលជួបសំដែងការគួរសម ពិសេសបានទទួលនូវ ការណែនាំដ៏ខ្ពង់ខ្ពស់ ពីសម្តេចតេជោនាយករដ្ឋមន្រ្តី ដើម្បីជាប្រទីបនៅក្នុងការសិក្សារៀនសូត្រឲ្យកាន់តែ មានប្រសិទ្ធភាពខ្ពស់ថែមទៀត ពិសេសទៅទៀតនោះ គឺដើម្បីដឹងគុណដល់រូបសម្តេចដែលតែងតែផ្តល់នូវ ទំនុកបំរុង ឧបត្ថម្ភ និងជួយសំរួលដល់សាមណនិស្សិតគ្រប់អង្គ បានបន្តមកសិក្សាក្នុងប្រទេសមីយ៉ាន់ម៉ារ។
អត្ថបទ៖ ខេមរា