រដ្ឋសភាកម្ពុជា-វៀតណាម ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទំាងទ្វេភាគី និងពហុភាគី

ថ្ងៃពុធ ទី ២៩ ឧសភា ២០១៩​
12

វៀតណាម៖ ក្នុងថ្ងៃទី១នៃដំណើរទស្សនកិច្ចនៅប្រទេសវៀតណាម នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ លោក ហេង សំរិន ប្រធានរដ្ឋសភា បានជួបសវនាការ និងពិភាក្សាការងារជាមួយលោកស្រី ង្វៀន ធីគីមងិន (Nguyen Thi Kim Ngan) ប្រធានរដ្ឋសភាវៀតណាម នៅវិមានរដ្ឋសភាវៀតណាម ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរឲ្យរឹងមាំ និងគ្រប់ជ្រុងជ្រោយទាំងនៅក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។

លោក ហេង សំរិន បានជម្រាបប្រធានរដ្ឋសភាវៀតណាមថា រដ្ឋសភាកម្ពុជានៅក្នុងនីតិកាលទី៦ បានកំពុងបន្តពង្រឹង និងពង្រីកទំនាក់ទំនងការទូតសភាតាមរយៈសកម្មភាពចូលរួមក្នុងវេទិកាសភាអន្តរជាតិនានា សំដៅរួមចំណែកលើកកំពស់ថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងក្របខណ្ឌតំបន់ និងសកលលោក។ ជាក់ស្តែងនៅឆ្នាំ២០២០ ខាងមុខនេះ សភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១។

លោក ហេង សំរិន បានមានប្រសាសន៍បន្តថា រដ្ឋសភាកម្ពុជា បានពង្រីកបន្ថែមទៀតនូវក្រុមមិត្តភាពសភាកម្ពុជា ជាមួយបណ្តាសភាប្រទេសជាមិត្តក្នុងតំបន់ និងសកលលោក តាមការស្នើសុំពីសភាប្រទេសជាមិត្តភាព និងភាពចាំបាច់របស់រដ្ឋសភាកម្ពុជាខ្លួនឯង។ រដ្ឋសភាកម្ពុជាបានបង្កើតក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្ដី តាំងពីឆ្នាំ២០១៥ សម្រាប់ជាសេនាធិការរបស់រដ្ឋសភា ក្នុងគោលដៅអនុវត្ដគោលនយោបាយ លើកកំពស់សមភាពយេឌ័រ និងផ្ដល់ភាពអង់អាចដល់ស្រ្ដី ចូលរួមក្នុងវិស័យនយោបាយ និងសកម្មភាពសង្គមគ្រប់កម្រិត។

ចំពោះទំនាក់ទំនងរវាងរដ្ឋសភាកម្ពុជា និងវៀតណាម លោកប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា រដ្ឋសភានៃប្រទេសទាំងពីរ បានបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយគ្នាបានយ៉ាងល្អប្រសើរ ដើម្បីផ្លាស់ប្តូរបទពិសោធន៍លើការងារសភាទាំងក្នុងកម្រិតថ្នាក់ដឹកនាំ គណៈកម្មការជំនាញ និងមន្រ្តីបច្ចេកទេស នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។ រដ្ឋសភាកម្ពុជាបានគាំទ្រគ្នាទៅវិញទៅមក ក្នុងវេទិកាអន្តរសភា។

លោកស្រី ង្វៀន ធីគីមងិន បានគំាទ្រប្រសាសន៍លើកឡើងរបស់លោកប្រធានរដ្ឋសភា និងបានប្តេជ្ញាចិត្តថា នឹងខិតខំជំរុញទំនាក់ទំនងប្រទេស និងរដ្ឋសភានៃប្រទេសទាំងពីរដែលមានតំាងពីយូរលុង និងជាប្រពៃណីស្រាប់នេះ ឲ្យកាន់តែរឹងមាំឡើង។

លោកស្រី បានគូសបញ្ជាក់ថា ក្នុងការគាំទ្រគ្នាទៅវិញទៅមក ក្នុងផលប្រយោជន៍សកល ក៏ដូចជាផលប្រយោជន៍រវាងប្រទេសទំាងពីរលោកស្រី នឹងលៃលកពេលវេលា ដើម្បីមកចូលរួមកិច្ចប្រជុំ ភាពជាដៃគូសភាអាស៊ី-អឺរ៉ុប (ASEP) លើកទី១១ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២០ ខាងមុខនោះ។

លោកស្រី បានជម្រាបលោកប្រធានរដ្ឋសភាដែរថា នៅក្នុងឆ្នាំ២០២០នោះ ប្រទេសវៀតណាម នឹងទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំអន្តរសភាអាស៊ាន (អាយប៉ា) ផងដែរ។

លោកស្រីប្រធានសភាវៀតណាម បានស្នើសុំរដ្ឋសភាកម្ពុជាគំាទ្រ និងចូលរួមកិច្ចប្រជុំខាងលើនេះដែរ។ នៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរ។ លោកស្រីប្រធានរដ្ឋសភា សំណូមពរលោក ហេង សំរិន ជំរុញការផ្លាស់ប្តូរទស្សនកិច្ចរវាងសមាជិករដ្ឋសភាវ័យក្មេង និងសមាជិករដ្ឋសភាស្រ្តី រួមនិងការផ្លាស់ប្តូរ ចែករំលែកបទពិសោធន៍រវាងគណៈកម្មការជំនាញគ្រប់វិស័យ និងនៅក្នុងកម្រិតអគ្គលេខាធិការដ្ឋានផងដែរ ពិសេសការបន្តជំរុញដល់ដំណើរការរៀបចំសន្និសីទប្រចំាឆ្នាំរវាងគណៈកម្មការសេដ្ឋកិច្ច គណៈកម្មការកិច្ចការបរទេស និងគណៈកម្មការការពារជាតិ រវាងរដ្ឋសភាកម្ពុជា ឡាវ និងវៀតណាម ឲ្យបានទៀងទាត់ដើម្បីគំាទ្រនិងជំរុញដល់ការអភិវឌ្ឍតំបន់ត្រីកោណអភិវឌ្ឍន៍ដែលរដ្ឋាភិបាលកម្ពុជា ឡាវ និងវៀតណាមបានបង្កើតឡើងនោះ។

ប្រធានរដ្ឋសភាវៀតណាម បានស្នើសុំភាគីកម្ពុជាជួយសម្រួលដល់ការងារស្វែងរកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម នៅក្នុងប្រទេសកម្ពុជាដើម្បីធ្វើមាតុភូមិនិវត្តន៍មកកាន់ប្រទេសវៀតណាមវិញ។

លោកស្រី ង្វៀន ធីគីមងិន បានមានជំនឿយ៉ាងមុតមាំថា ក្រោមម្លប់ដ៏ត្រជាក់របស់ព្រះករុណា ព្រះបាទ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងក្រោមការដឹកនាំរដ្ឋសភារបស់ លោក ហេង សំរិន និងការដឹកនាំរាជរដ្ឋាភិបាល របស់លោក ហ៊ុន សែន ប្រទេសនិងប្រជាជនកម្ពុជានឹងទទួលបានសមិទ្ធផលថ្មីៗបន្តបន្ទាប់ទៀត។

លោក ហេង សំរិន បានអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលដ៏ធំធេង ដែលរដ្ឋាភិបាល និងប្រជាជនវៀតណាម សម្រេចបានក្នុងការកសាងអភិវឌ្ឍសេដ្ឋកិច្ចសង្គមរីកចម្រើន ជឿនលឿនយ៉ាងឆាប់រហ័ស ស្របតាមទិសដៅ នៃមហាសន្និបាតលើកទី១២ របស់បក្សកុំម្មុយនីស្តវៀតណាម។ លោកបានអគុណដល់ការគំាទ្ររបស់ប្រទេសវៀតណាមចំពោះកម្ពុជា ពិសេសរដ្ឋសភាកម្ពុជា រាប់តំាងពីការជួយបណ្តុះបណ្តាលធនធានមនុស្ស និងជំនួយអគាររដ្ឋបាលក្នុងទឹកប្រាក់២៥លានដុល្លារ ដែលនឹងលេចជារូបរាងនៅពេលខាងមុខនេះ។

បន្ទាប់មកលោក ហេង សំរិន និងលោកស្រី ង្វៀន ធីគីមងិន បានចុះហត្ថលេខាលើឯកសារអនុស្សរណៈយោគយល់គ្នារវាងរដ្ឋសភាប្រទេសទំាងពីរ និងបានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរវាងអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជានិងវៀតណាម ដែលចុះហត្ថលេខាដោយលោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាកម្ពុជា និងលោក ង្វៀន ហាញ់ហ្វុក ប្រធានខុទ្ទកាល័យរដ្ឋសភាវៀតណាមផងដែរ ៕


បញ្ចេញយោបល់