ពិធីអបអរសាទរទិវាសេរីភាពសារព័ត៌មានពិភពលោក ក្រោមប្រធានបទ «តួនាទីប្រកបដោយសក្តានុពលរបស់សារព័ត៌មាន ក្នុងការគាំទ្រសន្តិភាព និងប្រជាធិបតេយ្យ»

ថ្ងៃសុក្រ ទី ៣ ឧសភា ២០១៩​
25

ក្រសួងព័ត៌មាន សហការជាមួយអង្គការ USAID ប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩នេះ រៀបចំពិធីអបអរសាទរ ទិវាសេរីភាពសារព័ត៌មានពិភពលោក ឆ្នាំ២០១៩ ក្រោមប្រធានបទ «តួនាទីប្រកបដោយសក្តានុពលរបស់សារព័ត៌មាន ក្នុងការគាំទ្រសន្តិភាព និងប្រជាធិបតេយ្យ»។

ពិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងមានការចូលរួមពី លោក Sardar Umar Alam តំណាងអង្គការ USAID ប្រចាំកម្ពុជា, លោក Andreas Johansson លេខាទី១ នៃស្ថានទូតស៊ុយអ៊ែត ប្រចាំកម្ពុជា ព្រមទាំងអ្នកសារព័ត៌មានជាតិ អន្ដរជាតិជាច្រើនរូបទៀតផងដែរ។

គួរជម្រាបថា ក្នុងថ្ងៃអបអរសាទរទិវាសេរីភាពសារព័ត៌មានសាកលលោក៣ឧសភា លើកទី២៦នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានក្រើនរំលឹកដល់អ្នកសារព័ត៌មានទាំងអស់ត្រូវស្មោះត្រង់ក្នុងវិជ្ជាជីវៈ ក្លាហានហ៊ាននិយាយការពិត រិះគន់ក្នុងន័យស្ថាបនា និងត្រូវធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងឧ្យឃើញតភាពសង្គម ដើម្បីជួយកសាងយុត្តិធម៌សង្គម រក្សាសុខសន្តិភាព និងអភិវឌ្ឍប្រទេសជាតិ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានទទូចឱ្យអ្នកសារព័ត៌មានត្រូវបន្តខិតខំអភិវឌ្ឍខ្លួនឲ្យមានសមត្ថភាពក្នុងការវិភាគសភាពការណ៍ទាំង​ព្រឹត្តិការណ៍ជាតិ និងអន្តរជាតិឲ្យបានស៊ីជម្រៅ ដើម្បីដើរទាន់ការវិវឌ្ឍសភាពការណ៍ទាំងនៅក្នុងប្រទេស នៅក្នុងតំបន់ និងនៅលើសកលលោកនាពេលបច្ចុប្បន្ន។

ព័ត៌មានក្លែងក្លាយជាប្រធានបទដ៏ព្រួយបារម្ភមួយរបស់ពិភពលោកលើវិស័យព័ត៌មានក្នុងយុគសម័យឌីជីថលនេះ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអំពាវនាវឱ្យអ្នកសារព័ត៌មានរួមគ្នាប្រយុទ្ធប្រឆាំងទៅនឹងព័ត៌មានក្លែងក្លាយដែលបង្កឡើងដោយ​ជនអគតិមួយចំនួន ដើម្បីបំរើមហិច្ឆតាលោភលន់របស់ខ្លួន ដែលកំពុងតែគំរាមកំហែងសុខសន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍនៅលើសកលលោកទាំងមូល ៕

ចែករំលែក

បញ្ចេញយោបល់