អ្នក​វិភាគ៖ ចិនប្រហែលជា​សាងសង់​«តំបន់​ត្រីកោណ» នៅសមុទ្រចិនខាងត្បូង​

ថ្ងៃចន្ទ ទី ២៦ ធ្នូ ២០១៦​
75

អ្នកវិភាគម្នាក់បានព្រមានថា ចិនប្រហែលជាកំពុងតែព្យាយាមសាងសង់តំបន់ត្រីកោណដែលមានលក្ខណៈយុទ្ធសាស្ត្រ នៅក្នុងសមុទ្រចិនខាងត្បូង ដើម្បីគ្រប់គ្រងព្រំដែនទឹកដែលមានជម្លោះឱ្យមានប្រសិទ្ធភាព។
លោក  Francisco Ashley Acedillo អតីតទីប្រឹក្សាជាន់ខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខជាតិ និងជាអតីតអ្នកតំណាងគណបក្ស Magdalo បានធ្វើការកត់សំគាល់ថា អ្នកវិភាគផ្នែកការពារជាតិនិងអ្នកជំនាញជាច្រើននាក់បានលើកឡើងពីលទ្ធភាព ដែលអាចកើតមានឡើងនូវការព្យាយាមរបស់ចិនក្នុងការបង្កើតតំបន់ត្រីកោណ នៅក្នុងកោះ Paracels កោះ Fiery Cross និងកោះ Scarborough។

លោកបានបន្តទៀតថា «ប្រសិនបើពួកគេធ្វើបែបនេះមែន ពួកគេអាចគ្រប់គ្រងសមុទ្រចិនខាងត្បូងបានទាំងមូល។ ពួកគេពិតជាអាចគ្រប់គ្រងតំបន់នោះបាន១០០ភាគរយ»។

មជ្ឈមណ្ឌល Asia Maritme Transparency Initiative(AMTI) កាលពីសប្តាហ៍មុនបានរាយការណ៍ថា ចិនទំនងជាដំឡើងសពា្វវុធ ដែលរួមមានប្រព័ន្ធប្រឆាំងម៉ីស៊ីល និងយន្តហោះចម្បាំង នៅក្នុងកោះសិប្បនិម្មិតមួយចំនួន ដែលចិនបានសាងសង់រួចមកហើយ នៅសមុទ្រចិនខាងត្បូងនេះ។

មជ្ឈមណ្ឌលនេះបានឱ្យដឹងទៀតថា ខ្លួនបានតាមដានការសាងសង់សំណង់ត្រីកោណនេះនៅក្នុងកោះ Fiery Cross កោះ Mischief និងកោះ Subi តាំងពីខែមិថុនា និងកក្កដាមក។

ដោយសារតែមានការវិវត្តន៍នៅក្នុងព្រំដែនទឹក ដែលត្រូវបានទាមទារដោយប្រទេសជាច្រើន ជាពិសេស ភាគច្រើនទាមទារដោយចិននោះ លោក Acedillo បានជឿថា ចិនប្រហែលជាត្រៀមខ្លួនរួចរាល់ហើយក្នុងការសំឡឹងមើលការអភិវឌ្ឍនៅក្នុងតំបន់ Scarborough។

លោកបានបន្ថែមទៀតថា «សម្រាប់ខ្ញុំ យើងបានលឺថា ពួកគេប្រហែលជាអាចបញ្ជូនកងនាវា ទៅទីនោះ និងទាមទារកោះ Scarborough ជាថ្មីម្តងទៀត ជាមួយនឹងបំណងចង់កែប្រែតំបន់នេះ ទៅជាតំបន់មួយក្នុងចំណោមតំបន់៧ ដែលយើងបានមើលឃើញថា ពួកគេបានធ្វើរួចហើយ»៕

23333

ប្រភព : ABS-CBN News ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦

 

 

ចែករំលែក

បញ្ចេញយោបល់