ខេត្តសៀមរាបរៀបចំពិធីក្រុងពាលី ដើម្បីសុំសឹចក្តីសុខក្នុងការរៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តឆ្នាំថ្មី

ថ្ងៃចន្ទ ទី ១ មេសា ២០១៩​
298

សៀមរាប៖ ចូលឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ខាងមុខនេះ ខេត្តសៀមរាប នឹងរៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត សម្រាប់រដូវកាលទី១ បន្ទាប់ពីការបញ្ចប់ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ជាមួយនឹងការវាយតម្លៃថា ការរៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តឆ្នាំថ្មី និងទទួលបានជោគជ័យ។ ក្រុមការងារនៃព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត របស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត រួមជាមួយអាជ្ញាធរខេត្តសៀមរាប និង អាជ្ញាធរជាតិអប្សរា បានប្រារព្ធពិធីក្រុងពាលី តាមបែបព្រហ្មញ្ញសាសនា នៅជាប់បរិវេណព្រះអង្គចេក ព្រះអង្គចម ( ខេត្តសៀមរាប ) នាព្រឹកថ្ងៃចន្ទទី១ខែមេសា ឆ្នាំ២០១៩ ក្រោមវត្តមានរបស់លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត លោក អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត។

ពិធីក្រុងពាលីនេះ បានធ្វើឡើងតាមបែបព្រហ្មញ្ញសាសនាសុទ្ធសាធ ដែលនៅក្នុងនោះរួមមាន ពីធីថ្វាយនូវគ្រឿងសក្ការៈទិសទាំង១០ ពិធីថ្វាយគ្រឿងសក្ការៈទិសធំ ប្រកាសឧទ្ទិសបួងសួង និង ប្រគុំថ្វាយភ្លេងពិណពាធចំពោះបារមីវត្ថុស័ក្តសិទ្ធ ហើយដែលមួយផ្នែកនៃពិធីនេះ គឺបូជាព្រះភូមិ និងបូជាថ្វាយស្តេចក្រុងពាលី ដើមី្បសុំនូវសេចក្តីសុខ ក្នុងការរៀបចំធ្វើសៀមរាបសង្រ្កាន្តឆ្នាំថ្មី នៅលើទឹកដីប្រវត្តិសៀមរាបឱ្យបានប្រព្រឹត្តទៅប្រកបដោយភាពសុខសាន្តជូនដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ បានសប្បាយរីករាយទៀតផង។

សូមបញ្ជាក់ផងដែរថា បន្ទាប់ពីការបញ្ចប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងលក្ខណៈជាថ្នាក់ជាតិ។ តែព្រឹត្តិការណ៍សៀមរាបសង្រ្កាន្តឆ្នាំថី្មនេះ អាជ្ញាធរខេត្ត បានសហការជាមួយសហភាពសហព័ន្ធយុវជនខេត្តសៀមរាប និងស្ថាប័ន ដែលពាក់ព័ន្ធ និងដោយមានការចូលរួមផងដែរ ពីសំណាក់យុវជនស្ម័គ្រចិត្ត ដើមី្បរៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តនេះឡើង ក្នុងគោលបំណងផ្តល់ឱកាសឲ្យយុវជន សាធារណជន ខ្មែរទូទៅ បានចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនៅនៅខេត្តសៀបរាប ជាលក្ខណៈមហាគ្រួសារខ្មែរតែមួយ ជ្រកក្រោមដំបូលសន្តិភាពតែមួយ ក្រោមស្មារតីសុខដុម សប្បាយរីករាយ និងបានសិក្សាស្វែងយល់នូវភាពរុងរឿង នាសម័យមហានគរ និងការដឹកនាំដ៏ឈ្លាសវៃរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការបំផុសឆន្ទៈបន្តថែរក្សាមរតកវប្បធម៌ជាតិខ្មែរឱ្យបានគង់វង្សតទៅអនាគត។

ជាមួយគ្នានេះ លោក ឃឹម ហ្វីណង់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ក្នុងការរៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តឆ្នាំថ្មី យើងត្រូវរៀបចំពិធីក្រុងពាលីតាមបែបព្រហ្មញ្ញសាសនា ជាពិធីសែនព្រេនតាមបែបបូរាណ និងតាមប្រពៃណី ទំនៀមទម្លាប់ ជំនឿសាសនា។ ការរៀបចំពិធីបែបនេះ គឺដើម្បីបួងសួងសុំសេចក្តីសុខ សម្រាប់ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តទាំងមូលផង និង ដើម្បីជាលំអានសម្រាប់អនុជនជំនាន់ក្រោយឲ្យបានដឹង បានយល់ បានស្គាល់ និង រួមគ្នាបន្តថែរក្សាមរតកបុរាណមួយនេះ ឲ្យបានគង់វង្សទៅថ្ងៃអនាគត ។

លោកបានរំលឹកឡើងវិញដែរថា រយៈពេលរដូវកាលកន្លងមក៦ឆ្នាំនេះ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានធ្វើនៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប ដែលមានលក្ខណៈថ្នាក់ជាតិ ហើយបានកត់សម្គាល់ នៃរដូវកាលទាំង៦ឆ្នាំកន្លងទៅ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត មានភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិ ចូលរួមក្នុងរយៈពេល៣ថ្ងៃ មានការកើនឡើងហួសពីការព្យាករណ៍ទុក ហើយក៏ជាកត្តាបង្ហាញអំពីជោគជ័យនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តផងដែរ។

លោកបានបន្តទៀតថា ព្រឹត្តិការណ៍សៀមរាបសង្រ្កាន្តឆ្នាំថ្មីនេះ គឺមានកម្មវិធីសំខាន់ៗដែលគ្រោងរៀបចំនៅក្នុងព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តមានដូចជា ភូមិអាហារនៃក្តីស្រលាញ់ ដែលបាននាំយកអាហារ និងបង្អែមប្រចាំនៅតំបន់សៀមរាបជាច្រើនប្រភេទមកបង្ហាញ និង ឲ្យអ្នកចូលរួមបានស្គាល់ និងភ្លក់រស់ជាតិ នៃអាហារខ្មែររបស់យើង ។ មានកម្មវិធី ភូមិខ្ញុំ តោះតោះលេងទឹក មានដាក់តាំងបង្ហាញជ្រូកយក្ស ការតាំងបង្ហាញនូវការត្បាញក្រម៉ា និង ផលិតផលស្នាដៃស្ត្រីខ្មែរ ដែលកើតចេញកម្លាំងប្រាជ្ញារបស់បងប្អូនស្ត្រីខ្មែរ និង មានកម្មវិធីសប្បាយៗជាច្រើនទៀត។

ក្នុងនោះលោក ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជា និង ភ្ញៀវទេសចរបរទេស មកចូលរួមកំសាន្ត សប្បាយនៅក្នុងព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តនេះ ឲ្យបានច្រើន ជាពិសេសត្រូវចូលរួមថែរក្សានូវបរិស្ថាន និង គោរពច្បាប់ចរាចរណ៍នៅពេលធ្វើដំណើរដើម្បីសុវត្ថិភាពទាំងអស់គ្នា នៅពេលបើកបរត្រូវពាក់មួកសុវត្ថិភាព និងដាក់ខ្សែក្រវ៉ាត់សុវត្ថិភាព (មួកសុវត្ថិភាពមួយ ជីវិតមួយ)៕

ចែករំលែក

បញ្ចេញយោបល់