នៅក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី២៥នៅទីក្រុងណៃពីដោ នៃសាធារណរដ្ឋសហភាពមីយ៉ាន៉ម៉ារសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាបានជួបសន្ទនាដោយផ្ទាល់ជាមួយនឹងឯកឧត្តមបាន គីមូន អគ្គលេខាធិការអង្គការសប្រជាជាតិ ដើម្បីធ្វើការពិភាក្សាទៅលើការដោះស្រាយចំពោះប្រាក់បៀវត្សរបស់បុគ្គលិក នៃសាលាក្តីខ្មែក្រហមរបស់ភាគីកម្ពុជាចាប់ពីខែតុលាដល់ខែធ្នូឆ្នាំ២០១៤។
ក្នុងជំនួនពិភាក្សាគ្នានោះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ជំរាបជូនឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ អំពីការសំរេចរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយនូវថវិកាចំនួន១លាន១សែន៥ម៉ឺនដុល្លាអាមេរិក ក្នុងការដោះស្រាយប្រាក់បៀវត្សជូនដល់បុគ្គលិកនៃសាលាក្តីខ្មែរក្រហមនៃភាគីកម្ពុជាសំរាប់ខែតុលាវិច្ឆិកា និងខែធ្នូឆ្នាំ២០១៤។
ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានធានាអះអាងនៅចំពោះមុខឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិដែរថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តដោះស្រាយប្រាក់បៀវត្សសំរាប់បុគ្គលិកភាគីកម្ពុជា នៃសាលាក្តីខ្មែរក្រហមសំរាប់រយៈពេល៦ខែក្នុងឆ្នាំ២០១៥ ខាងមុខបន្តទៀត។
ជាការឆ្លើយតបឯកឧត្តមបាន គីមូន អគ្គលេខាធិការអង្គការសប្រជាជាតិ មានប្រសាសន៍ថ្លែងនូវអំណរគុណចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី និងរាជរដ្ឋាភិបាលកម្ពុជាចំពោះការខិតខំដោះស្រាយដល់ការលំបាក់របស់បុគ្គលិកនៃសាលាក្តីកាត់ទោសមេដឹកនាំខ្មែរក្រហមប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត។ ជាមួយគ្នានេះ ភាគីទាំងពីរក៏បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅលើបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា៕