អភិបាលខេត្តកំពង់ឆ្នាំង ជំរុញឱ្យផ្សព្វផ្សាយច្បាប់ចរាចរណ៍បាន ទូលំទូលាយជូនប្រជាពលរដ្ឋ

ថ្ងៃចន្ទ ទី ១១ មីនា ២០១៩​
35

កំពង់ឆ្នាំង៖ ដើម្បីធានា បាននូវសោភ័ណភាព សុវត្ថិភាព និង សណ្តាប់ធ្នាប់ ក្នុងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១១ ខែ មីនា ឆ្នាំ២០១៩នេះ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក ឈួរ ច័ន្ទឌឿន អភិបាល ខេត្តកំពង់ឆ្នាំង បានបំពាក់ឯកសណ្ឋាន និង មួកសុវត្ថិភាព ដល់អ្នករត់ម៉ូតូឌុបនៅក្រុងកំពង់ឆ្នាំង ចំនួន២០០នាក់ ។

លោក ឈួរ ច័ន្ទឌឿន បានអោយដឹងថា ដើម្បីជំរុញអោយការផ្សព្វផ្សាយ ច្បាប់ចរាចរណ៍អោយបាន ទូលំទូលាយ បន្ថែមទៀត អ្នករត់ម៉ូតូឌុបនៅក្នុង ខេត្តកំពង់ឆ្នាំង ត្រូវចូលរួមគោរពនិងអនុវត្តច្បាប់ចរាចរណ៍ ទាំងអស់គ្នា រាល់ពេលធ្វើដំណើរ និង ឌុបភ្ញៀវ លើផ្លូវសារធារណៈ ។ នេះជាលើកទី២ហើយដែល អាជ្ញារធរខេត្តបានរៀបចំអោយមាន ឯកសណ្ឋានជាកំណត់សំគាល់សម្រាប់ក្រុមម៉ូតូឌុប និងម៉ូតូកង់បី ដើម្បីសោភ័ណភាពនិងចូលរួមអបអរសាទរបុណ្យទន្លេលើកទី៥ នាថ្ងៃទី១៥-១៧ខែមីនា ឆ្នាំ២០១៩នៅក្នុងក្រុងកំពង់ឆ្នាំង។

មានប្រសាសន៍សំណេះសំណាលនាពេលនេះ លោក ថោង ខុន បានមានប្រសាសន៍ថា បានកោតសរសើរ ដល់អាជ្ញាធរខេត្តដែល បានរៀបចំអោយ អ្នកប្រកបរបរ រត់ម៉ូតូឌុបនិងម៉ូតូអោយមានឯកសណ្ឋាន នេះជាការចូលរួមចំណែកប្រឡងប្រណាំងទីក្រុងសា្អត ធ្វើយ៉ាងណា រក្សាបាននូវសោភ័ណភាព នៅក្នុងខេត្តសម្រាប់ភ្ញៀវជាតិ និង អន្តរជាតិ ចំណុចសំខាន់គឺចូលរួមអបអរសាទរបុណ្យទន្លេខាងមុខ ដោយរក្សាបាននូវសណ្តាប់ធ្នាប់ប្រកបដោយសុជីវធម៌ គុណធម៌របស់អ្នករត់ម៉ូតូឌុប ។

លោកបានមានប្រសាសន៍បន្តទៀតថា ក្រោមការដឹកនាំប្រកបដោយគតិ បណ្ឌិតរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន, តាមរយៈនៃនយោបាយ ឈ្នះ ឈ្នះ បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពពេញផ្ទៃប្រទេស បាន ផ្តល់ឱកាសឱ្យយើងបានធ្វើការអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើន លើគ្រប់វិស័យ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធ នានារួមមាន ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព បណ្តាញអគ្គិសនី បណ្តាញ ទឹកស្អាត តាំងពីទីប្រជុំជន រហូតដល់ជនបទ ដែលជាការឆ្លើយតបទៅ នឹងតម្រូវការរបស់ប្រជាពលរដ្ឋយើង ។

ដើម្បីបង្ហាញអោយឃើញអំពីការប្រែប្រួលនៃការអភិវឌ្ឍនេះ ការប្រកបមុខ របររត់ម៉ូតូឌុប ក៏ត្រូវមានអត្តសញ្ញាណមួយច្បាស់លាស់ សម្រាប់ សម្គាល់ផងដែរ ដើម្បីងាយស្រួលភ្ញៀវជាតិនិងអន្តរជាតិ ទំនាក់ទំនង ក្នុងការផ្តល់នូវសេវាកម្មម៉ូតូឌុបនេះ ។

លោក ថោង ខុន ក៏បានអំពាវនាវដល់ក្រុមម៉ូតូឌុបទាំងអស់ ត្រូវចូលរួមគោរព និង អនុវត្តច្បាប់ចរាចរណ៍ជាប្រចាំ ដោយត្រូវធ្វើខ្លួនជាគំរូគេក្នុងកាងអនុវត្តច្បាប់ចរាចណ៍ផ្លូវគោក ។

លោក កែវ ពៅ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត កំពង់ឆ្នាំងបានបញ្ជាក់អោយដឹងថា ដើម្បីចូលរួមជាមួយអាជ្ញាធរ ខេត្តមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបានឧបត្ថម្ភមួកសុវត្ថិភាពចំនួន២០០មួក និងអាជ្ញាធរក្រុងកំពង់ឆ្នាំងឧបត្ថម្ភអាវចំនួន២០០ផងដែរ ៕

ចែករំលែក

បញ្ចេញយោបល់