លោកស្រី កែ ច័ន្ទមុនី បានអំពាវនាវដល់មន្រ្តីជាស្រី្ត ត្រូវតែពង្រឹងសមត្ថភាព ក្នុងការដឹកនាំគ្រប់គ្រងពោរពេញដោយសមត្ថភាពខ្ពស់

ថ្ងៃពុធ ទី ៦ មីនា ២០១៩​
63

កំពង់ឆ្នាំង៖ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩នេះ នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានប្រារព្វធ្វើខួបអនុស្សាវរីយ៍លើកទី១០៨ នៃទិវានារីអន្តរជាតិ។ ពិធីនេះត្រូវប្រារព្ធ​ឡើងក្រោមអធិបតីភាពលោកស្រី កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួម ពីលោកស្រី ដោក សុទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត លោកស្រីឈឹម ស្រីមុំ ឈួរ ច័ន្ទឌឿន អភិបាលខេត្ត លោកស្រី ប៉ាល់ យឿន អភិបាលរងខេត្ត លោក កែវ ពៅ ប្រធាន​មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងមន្ត្រីរាជការមន្ទីរ សាធារណការ និងដឹកជញ្ជូន​ខេត្តសរុបចំនួន១១០នាក់ស្រី៣០នាក់។

មានប្រសាសន៍នៅក្នុងឱកាសនោះ លោកស្រី កែច័ន្ទមុនី បានមាន ប្រសាសន៍ថា ទិវានារីអន្តរជាតិនាឆ្នាំនេះ គឺបានធ្វើឡើងក្រោមប្រធានបទ “លើកកម្ពស់សមភាពយេនឌ័រ និង ការគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធាន មនុស្ស ”ប្រធានបទនេះ ចំពេលដែលប្រទេសជាតិយើង កំពុងតែមានសុខ សន្តិភាព ស្ថេរភាពនយោបាយល្អ រាជរដ្ឋាភិបាលបានគាំទ្រ និងផ្ដល់ឱកាស ក្នុងខ្លឹមសារ លើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈតួនាទីរបស់ស្ត្រី ក៏ដូចជាពង្រឹង សមភាពយេនឌ័រ នៅក្នុងសង្គមអោយមានកំរិតខ្ពស់។

ជាមួយគ្នានោះ លោកស្រី កែ ច័ន្ទមុនី បានអំពាវនាវដល់មន្រ្តីជាស្រី្ត ត្រូវតែពង្រឹងសមត្ថភាព ក្នុងការដឹកនាំ គ្រប់គ្រង ធ្វើយ៉ាងណាអោយ ខ្លួនក្លាយជាអ្នកដឹកនាំ ពោរពេញដោយស​មត្ថភាព ទន្ទឹមនឹងនោះត្រូវចូលរួម ធ្វើការទប់ស្កាត់ និងលុបបំបាត់អំពើហឹង្សាលើស្រ្តី ព្រមទាំងដោះស្រាយ ជម្លោះនានាដោយសន្តិវិធី ។

ដើម្បីចូលរួមអបអសារទទិវានារីអន្តរជាតិនេះ លោក កែវ ពៅ ប្រធានមន្ទីរ បានរៀបចំ វត្ថុអនុស្សា​វរីយ៍ជូនដល់គណៈអធិបតី និងមន្រ្តីរាជការ ក្នុងមន្ទីរផងដែរ៕

ចែករំលែក

បញ្ចេញយោបល់