ការ​ពង្រឹង​ សម្ព័ន្ធ​ភាព​ដែល ​ជួប​បញ្ហា​ របស់​អាមេរិក

ថ្ងៃព្រហស្បតិ៍ ទី ២២ ធ្នូ ២០១៦​
109

រដ្ឋបាល ត្រាំ មានកិច្ចការធំនៅចំពោះមុខដើម្បីធានាដល់សម្ព័ន្ធមិត្តទាំង ៥ របស់អាមេរិកនៅអាស៊ីអំពីថា តើវ៉ាស៊ីនតោននៅតែប្តេជ្ញាពេញទំហឹងទៅនឹងសន្តិសុខរបស់តំបន់ឬអត់។ វាមិនជាការងាយស្រួលនោះទេ។ ការប្រណាំងប្រជែងយុទ្ធសាស្ត្រនៅអាស៊ីកំពុងកាន់តែស្រួចស្រាវ នៅពេលចរឹតកាន់តែហួងហែងរបស់ចិននាំឲ្យមានការព្រួយបារម្ភអំពីការប៉ះទង្គិចយោធា ឬជម្លោះលើតំបន់ជាប់ជម្លោះនៅសមុទ្រចិនខាងត្បូងនិងខាងកើត។

រដ្ឋបាល ត្រាំ ប្រឈមនឹងបញ្ហាចំនួន ៣។ ទីមួយ ខ្លួនចាំបាច់ត្រូវតែធានាដល់សម្ព័ន្ធមិត្តរបស់អាមេរិកនូវការប្តេជ្ញាចិត្តចំពោះអាស៊ី ដោយការបង្កើតវត្តមានការទូតនិងយោធារបស់ខ្លួន។ រដ្ឋមន្ត្រីការពារជាតិនិងការបរទេសថ្មីគួរតែធ្វើដំណើរទៅកាន់តំបន់នោះឲ្យបានញឹកញាប់ ដើម្បីបំបាត់ការព្រួយបារម្ភរបស់តំបន់ថា អាមេរិកមើលស្រាលកត្តាប្រឈមយុទ្ធសាស្ត្រដ៏ធំរបស់តំបន់ និងផ្តោតខ្លាំងពេកលើតំបន់មជ្ឈឹមបូព៌ា។

ទីពីរ រដ្ឋការថ្មីនោះត្រូវតែប្រើភាសាថ្មីដែលសម្តែងឡើងនូវចំណុចអាទិភាពនិងគោលបំណងរបស់អាមេរិកនៅអាស៊ី។ ខ្លួនត្រូវតែដាក់ជំនួសការប្រើពាក្យ “ការងាកមកអាស៊ី” របស់រដ្ឋការ អូបាម៉ា ដើម្បីពន្យល់ពីគោលនយោបាយរបស់ខ្លួន។ តាមជាក់ស្តែង ពាក្យនោះមិនត្រូវបានគេយកមកប្រើគួរឲ្យទុកចិត្តនោះទេ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិកបានជួបបញ្ហា ហើយការធ្វើទំនើបកម្មយោធាតាមការសន្យាជាច្រើនត្រូវបានពន្យាពេល។

ចុងក្រោយ រដ្ឋការនោះគួរតែបង្កើនក្តីសង្ឃឹមដល់ដៃគូររបស់ខ្លួន។ ការមិនសប្បាយចិត្តរបស់អាមេរិកទៅលើការពឹងផ្អែកខ្លាំងលើការចំណាយផ្នែកការពាររបស់អាមេរិកនោះនឹងត្រូវបានគេកែសម្រួល។ ប្រសិនបើសម្ព័ន្ធមិត្តចង់បានទំនុកចិត្តលើសន្តិសុខនៅអាស៊ីពីអាមេរិក ទីក្រុងវ៉ាស៊ីនតោនគួរតែច្បាស់អំពីអ្វីដែលខ្លួនចង់បានមកវិញ។ សម្ព័ន្ធភាពនោះនឹងមានដំណើរការកាន់តែប្រសើរ ប្រសិនបើភាគីទាំងអស់បង្កើនក្តីសង្ឍឹមរបស់គេអំពីធនធាន និងកិច្ចសហប្រតិបត្តិការការពារតាមការចង់បាន។

ប្រសិនបើវ៉ាស៊ីនតោនផ្តល់ការដឹកនាំសម្ព័ន្ធមិត្តកាន់តែមានប្រសិទ្ធភាពនៅអាស៊ី រដ្ឋការថ្មីនោះត្រូវតែរៀបចំផែនការនិងចំណុចអាទិភាពយុទ្ធសាស្ត្ររបស់ខ្លួន។ នោះគួរតែចាប់ផ្តើមជាមួយនឹងការសម្រេចិត្តប្រកាន់ជំហរកាន់តែរឹងមាំលើសកម្មភាពឯកតោភាគីរបស់ចិនក្នុងការសាងសង់និងធ្វើយោធាតូបនីយកម្មកោះសិប្បនិមិត្តនៅក្នុងសមុទ្រចិនខាងត្បូងនោះ។

នៅពេលទីក្រុងប៉េកាំងបានបញ្ចប់ការសាងសង់ផ្លូវចុះចតយន្តហោះលំដាប់យោធាចំនួន ៣ និងមូលដ្ឋានយោធានៅសមុទ្រចិនខាងត្បូង វាច្បាស់ណាស់ថា អ្វីដែលពិតជាមានគ្រោះថ្នាក់នោះគឺការគ្រប់គ្រងលំហរអាកាសរបស់ចិនលើផ្លូវពាណិជ្ជកម្មដ៏មមាញឹកបំផុតមួយរបស់ពិភពលោក និងជាច្រកដ៏សំខាន់មួយសម្រាប់ការផ្គត់ផ្គង់ថាមពលទៅកាន់អាស៊ីខាងជើង។ ការគំរាមរបស់ចិនចំពោះសេរីភាពនៃការធ្វើនាវាចរកាត់តាមសមុទ្រចិនខាងត្បូងនោះ គឺជាការគំរាមដោយផ្ទាល់ដល់ជប៉ុន និងកូរ៉េខាងត្បូង ដោយសារតែពួកគេពឹងផ្អែកលើប្រេងនិងឧស្ម័ននៅតំបន់មជ្ឈឹមបូព៌ា។ បញ្ហាដូចគ្នានោះគឺលើសេដ្ឋកិច្ចរបស់អូស្ត្រាលីដែលជាអ្នកផ្គត់ផ្គង់ថាមពលដ៏ធំទៅកាន់អាស៊ីខាងជើង។
donal

ការឆ្លើយតបដំបូងរបស់រដ្ឋការ អូបាម៉ា ចំពោះវិបត្តិនេះគឺការធ្វើមិនដឹងមិនឮ ចំពោះវា។ បន្ទាប់មកអនុញ្ញាតឲ្យគម្លាតយូរលើរបៀបដែលត្រូវឆ្លើយតប ហើយចុងក្រោយបង្កើនការហោះហើរយោធានិងការឆ្លងកាត់របស់ទ័ពជើងទឹក។ ការខំប្រឹងលើការបង្កើនការឆ្លើយតបរួមក្នុងចំណោមសម្ព័ន្ធមិត្ត ឧទាហរណ៍ដោយដាក់សម្ពាធលើប្រទេសជាច្រើនឲ្យប្រើប្រាស់សេរីភាពនៃការធ្វើនាវាចរ នោះ មិនត្រូវបានសហការ និងគ្មានចិត្តចង់ធ្វើនោះទេ។

លទ្ធផលនោះគឺថា ជប៉ុន កូរ៉េខាងត្បូង និងអូស្ត្រាលី កន្លងមកមិនបានធ្វើប្រតិបត្តិការលើសេរីភាពនៃការធ្វើនាវាចរនោះទេ ហើយនៅតែស្ទាក់ស្ទើក្នុងការធ្វើបែបនោះ ដោយគ្មានការដឹកនាំពីអាមេរិកលើបញ្ហានោះ។

ប្រធានាធិបតី ត្រាំ គួរតែផ្តល់អាទិភាពខ្ពស់លើការដឹកនាំការឆ្លើយតបលើសម្ព័ន្ធភាពនោះឲ្យកាន់តែមុតមាំទល់នឹងចេតនារបស់ចិន ដោយគ្មានមូលដ្ឋានទទួលយកបានណាមួយក្នុងច្បាប់អន្តរ ជាតិ ក្នុងការគ្រប់គ្រងផ្ទៃសមុទ្រដ៏ធំនោះទេ។ កាន់តែទូលាយនោះ សម្ព័ន្ធមិត្តត្រូវជាផ្នែកមួយនៃការពិភាក្សាជាប្រចាំជុំវិញរបៀបនៃការឆ្លើយតបទៅនឹងការប្រឈមខាងយុទ្ធសាស្ត្រ។ បញ្ហាជាច្រើនអំពីសន្តិសុខតំបន់គឺមានចិនដែលជាចំណុចស្នូល ឧទាហរណ៍ការពង្រឹងសន្តិសុខអ៊ីនធឺណិតទល់នឹងការលួចកម្មសិទ្ធិបញ្ហារបស់ចិន ការរៀបចំគោលនយោបាយលើការវិនិយោគផ្ទាល់ពីបរទេសដើម្បី ការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងបង្កើតអភិក្រមរួមមួយក្នុងការគ្រប់គ្រងការនាំចេញបច្ចេក វិទ្យាទៅចិន។

លោក ត្រាំ គួរតែឆក់យកឱកាសក្នុងការបោះបង់ចោលការប្រើប្រាស់ពាក្យ “បង្វែរកម្លាំង” របស់រដ្ឋការ អូបាម៉ា ដើម្បីតម្រង់ទិសដល់គោលនយោបាយនៅអាស៊ីប៉ាស៊ីហ្វិករបស់អាមេរិក។ រដ្ឋការថ្មីនោះត្រូវតែកំណត់នូវមូលដ្ឋានគោលនយោបាយថ្មីសម្រាប់ធ្វើការជាមួយមិត្តភ័ក្រ និងសម្ព័ន្ធមិត្តខ្លួននៅតំបន់អាស៊ីប៉ាស៊ីហ្វិក។

ជាមួយជប៉ុននិងកូរ៉េខាងត្បូង កត្តាប្រឈមគោលនយោបាយសំខាន់នោះគឺការពង្រឹងទំនុកចិត្តនៅក្នុងតំបន់អំពីរយៈពេលយូរនៃការចូលរួមរបស់អាមេរិក។ វិធីគន្លឹះមួយក្នុងការធ្វើរឿងនោះគឺការពង្រឹងការធ្វើប្រតិបត្តិការរបស់អាមេរិកជាមួយកម្លាំងយោធាររបស់ប្រទេសទាំងពីរនោះ។

ទំនាក់ទំនងទាំងនេះត្រូវការរៀបចំឡើងវិញ ដើម្បីពង្រឹងសមត្ថភាពធ្វើសង្រ្គាមរួមគ្នារបស់សម្ព័ន្ធមិត្តនោះ។ វ៉ាស៊ីនតោនកាន់តែត្រូវការធ្វើផែនការដើម្បីធ្វើប្រតិបត្តិការជាមួយតូក្យូនិងសេអ៊ូលឲ្យបានច្រើនដូចដែលខ្លួនធ្វើប្រតិបត្តិការចេញពីមូលដ្ឋាននៅលើទឹកដីរបស់ខ្លួន។ ចំណុចអាទិភាពសំខាន់ៗនោះគឺការពង្រឹងសមត្ថភាពសម្រាប់សង្គ្រាមប្រឆាំងនាវាមុជទឹក និងបង្កើតផែនការសម្រាប់ធ្វើប្រតិបត្តិការនៃការប្រយុទ្ធរួម ដែលប្រទេសទាំង ៣ និងអូស្ត្រាលីចូលរួម។ ការការពារមីស៊ីលអន្តរទ្វីប សន្តិសុខអ៊ីនធឺណិត និងប្រើប្រាស់បណ្តាញទាក់ទងតាមផ្កាយរណប និងប្រព័ន្ធនៅលំហអាកាសផ្សេងៗទៀតនឹងត្រូវការជាអាទិភាពកាន់តែខ្ពស់សម្រាប់កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធនៅក្នុងក្របខ័ណ្ឌសម្ព័ន្ធមិត្ត។

លោក ត្រាំ ក៏នឹងត្រូវដោះស្រាយកង្វល់កាន់តែខ្លាំង ជាពិសេសក្នុងចំណោមសម្ព័ន្ធមិត្តនៅអាស៊ីខាងជើង អំពីកម្លាំងនិងទំនុកចិត្តនៃការការពារការពង្រីកនុយក្លេអ៊ែររបស់អាមេរិក។

បញ្ហានោះត្រូវតែដោះស្រាយជាផ្នែកមួយនៃការគិតរបស់អាមេរិកទៅលើរបៀបធ្វើទំនើបកម្មឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន។ អាមេរិកក៏ត្រូវចូលរួមជាមួយសម្ព័ន្ធមិត្តក្នុងការពិភាក្សាអំពីការយល់ឃើញរបស់មន្ទីបញ្ចកោណអំពីបច្ចេកវិទ្យាយោធាដ៏ចាប់អារម្មណ៍ដូចជា យន្តហោះល្បឿនលឿនបំផុត ឡាហ្សែរ និងប្រព័ន្ធស្វ័យប្រវត្តិដោយគ្មានមនុស្សបើក។

នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ សម្ព័ន្ធមិត្តរបស់អាមេរិកគឺហ្វីលីពីន និងថៃបានបង្ហាញបញ្ហាជាពិសេស។ ការឡើងកាន់តំណែងរបស់ប្រធានាធិបតី Rodrigo Duterte បាននាំឲ្យមានការធ្លាក់ចុះយ៉ាងលឿននៃលំនឹងរបស់អាមេរិកនៅក្នុងទីក្រុងម៉ានីល។ រឿងនេះមិនគួរកើតឡើងចំពេលអាក្រក់បែបនេះនោះទេ ដោយសារតែការកើនឡើងការប្រណាំងប្រជែងដើម្បីឥទ្ធិពលក្នុងតំបន់រវាងចិន និងអាមេរិកនៅតំបន់អាស៊ីអាគ្នេយ៍។

ប្រហែលជា ប្រឹក្សាល្អបំផុតដល់រដ្ឋការ ត្រាំ អំពីហ្វីលីពីននោះគឺកុំបញ្ចេញប្រតិកម្មលឿនពេកដល់ភាសាបញ្ឆេះកំហឹងរបស់លោក Duterte។ វាច្បាស់ណាស់ដែលថា គាត់មិនមែនជាអ្នកគាំទ្រអាមេរិក ប៉ុន្តែការគាំទ្រខ្លាំងក្លាដល់អាមេរិកសម្រាប់សម្ព័ន្ធភាពអាមេរិកនៅហ្វីលីពីនអាចបាត់បង់ផលប្រយោជន៍របស់គាត់ ឬសមត្ថភាពរបស់គាត់ក្នុងការរុញច្រានទំនាក់ទំនងនោះឲ្យឈានដល់ចំណុចផុយស្រួយមួយ។ កងកម្លាំងហ្វីលីពីននៅតែពឹងផ្អែកយ៉ាងខ្លាំងលើសម្ភារៈយោធាអាមេរិក ការបណ្តុះបណ្តាលការគាំទ្រ ហើយពួកគេមិនបានមើលឃើញទំនាក់ទំនងទាំងនេះត្រូវបានខូចខាតដោយមិនបានសម្តែងការព្រួយបារម្ភនោះទេ។

គេនឹងត្រូវការវិស័យការទូតអាមេរិកកាំងកម្រិតខ្ពស់ និងស្ងៀមស្ងាត់ដើម្បីផ្តល់ចីរភាពដល់ទំនាក់ទំនងក្នុងពេលការកាន់តំណែងរបស់លោក Duterte។

ថៃកំពុងឆ្លងកាត់អន្តរកាលយ៉ាងលំបាកបន្ទាប់ពីការស្លាប់របស់ស្តេច ភូមិបុល អាឌុលយ៉ាដេមក។ វាមិនទាន់ច្បាស់លាស់ថា តើនយោបាយក្នុងស្រុកនឹងមានលក្ខណៈបែបណានៅឡើយ ប៉ុន្តែមនុស្សជាច្រើនព្រួយបារម្ភថា នឹងអាចមានការវិលប្រឡប់ទៅកាន់ការធ្វើបាតុកម្មទ្រង់ទ្រាយធំ និងអំពើហិង្សាតាមដងផ្លូវ។ សម្ព័ន្ធភាពរបស់ក្រុងបាងកកជាមួយអាមេរិកបានជួបភាពល្អក់កករ ដោយសារតែការកាន់អំណាចបែបយោធារបស់ថៃ។ ទីក្រុងវ៉ាស៊ីនតោនត្រូវតែយល់ថា ការដាក់កម្រិតដោយខ្លួនឯងលើការភ្ជាប់ទំនាក់ទំនងផ្នែកការពារជាតិនោះគឺដូចធ្វើឲ្យចិនមានឱកាសកាន់តែខ្លាំង និងប្រទេសផ្សេងទៀតដែលមានផលប្រយោជន៍ក្នុងការបំពេញចន្លោះប្រហោងនោះ។

សម្ព័ន្ធភាពរវាងអូស្ត្រាលីនិងអាមេរិកនៅតែខ្លាំង ប៉ុន្តែគេត្រូវការការយកចិត្តទុកដាក់កម្រិតខ្ពស់នៅក្នុងប្រទេសទាំងពីរដើម្បីធានាថា ភាពចន្លោះប្រហោងត្រូវតែជៀសវាង ហើយផលប្រយោជន៍ធំបំផុតអាចបានមកពីកិច្ចសហប្រតិបត្តិការនោះ។ “សៀវភៅសរបស់ក្រសួងការពារជាតិឆ្នាំ ២០១៦” របស់អូស្ត្រាលី ដែលចេញផ្សាយនៅខែកុម្ភៈ បានស្នើការផ្លាស់ប្តូរជំហានក្នុងកិច្ចសហប្រតិបត្តិការរវាងយោធានិងយោធា ដែលនឹងឃើញមានការចូលកាន់តែកៀកនៃការរួមគ្នាធ្វើប្រតិបត្តិការដែលមាននៅក្នុងផ្នែកជាច្រើនរាប់បញ្ចូលទាំងសន្តិសុខអ៊ីនធឺណិត ការការពារមីស៊ីលអន្តរទ្វីប សន្តិសុខដែនសមុទ្រ សមត្ថភាពប្រយុទ្ធដែនអាកាស កងកម្លាំងប្រតិបត្តិការក្នុងទឹកនិងលើគោក និងកងកម្លាំងប្រតិបត្តិ ការពិសេស។

របៀបវារៈសម្រាប់កិច្ចសហប្រតិបត្តិការការពារជាតិរវាងអាមេរិក និងអូស្ត្រាលីគឺធំធេងណាស់ដែលគេត្រូវតែសួរថា តើវាអាចមានដំណើរការដោយការមានសម្ព័ន្ធភាពដែលបាត់បង់ស្ទើតែទាំងស្រុងនូវម៉ាស៊ីននយោបាយនោះដែរឬទេ។ ការពិភាគ្សាអំពីការពិគ្រោះយោបល់ថ្នាក់រដ្ឋមន្ត្រីរវាងអូស្ត្រាលីនិងអាមេរិក ប្រចាំឆ្នាំដែលមានរដ្ឋមន្ត្រីការបរទេសនិងការពារជាតិរបស់ប្រទេសទាំងពីរនោះត្រូវបានលប់ចោលសម្រាប់ឆ្នាំ ២០១៧ ដោយសារតែការចាកចេញពីតំណែងរបស់រដ្ឋការ អូបាម៉ា។ លោក ត្រាំ គួរតែធានាថា ការពិភាក្សានោះនឹងកើតឡើងនៅពេលឆាប់ៗខាងមុខ។ ការបំពេញទស្សនកិច្ចឆាប់ៗទៅកាន់អូស្ត្រាលីនិងការសម្រេចចិត្តក្នុងការពន្លឿនការរីកធំធាត់នៃកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងកងទ័ពអាមេរិកនៅភាគខាងជើងអូស្ត្រាលីនោះនឹងជួយឲ្យមានភាពប្រសើរឡើងដល់សម្ព័ន្ធភាពដែលកាន់តែមានសារៈសំខាន់ដល់ផលប្រយោជន៍អាមេរិកនៅអាស៊ី។

លើសពីសម្ព័ន្ធភាពទ្វេភាគីនោះ ឱកាសទំនាក់ទំនងពហុភាគីជាមួយមិត្តភ័ក្រជិតស្និទ្ធបំផុតរបស់អាមេរិកនៅអាស៊ីកំពុងផ្តល់កម្លាំងដល់ទម្រង់ថ្មីនៃកិច្ចសហប្រតិបត្តិការសន្តិសុខ។ កិច្ចសហប្រតិបត្តិការការពារជាតិរវាងអាមេរិក អូស្ត្រាលី និងជប៉ុន កំពុងរីកចម្រើនយ៉ាងលឿន។ ការបង្កើនការបណ្តុះបណ្តាលរវាងប្រទេសអាស៊ីទាំងពីរនោះដែលតម្រូវឲ្យមានកងយន្តហោះប្រយុទ្ធ F-35 នោះអាចផ្តល់កម្លាំងដល់ឥទ្ធិពលអំណាចដែនអាកាសនៅក្នុងអាស៊ីដែនសមុទ្រ។ នៅពេលសម្ព័ន្ធភាពឈលើជំហពហុភាគីកាន់តែខ្លាំងនោះ ឱកាសបានកើនឡើងក្នុងការនាំចូលនូវប្រទេសមិនមែនសម្ព័ន្ធមិត្ត ប៉ុន្តែជាមិត្តភ័ក្រជិតស្និទ្ធ រាប់បញ្ចូលទាំងឥណ្ឌា សិង្ហបូរី និងណូវែល ហ្សឺឡង់។

ដោយសារទតែសន្តិសុខអាស៊ីប៉ាស៊ីហ្វិកកាន់តែមានហានិភ័យនោះ គេមើលឃើញច្បាស់ ណាស់ថា អាមេរិកនៅតែជាអ្នកផ្តល់ស្ថិរភាពនិងទំនុកចិត្តនៅក្នុងតំបន់យ៉ាងសំខាន់ដដែល។ សម្រាប់ប្រធានាធិបតីម្នាក់ដែលព្រួយបារម្ភអំពីទំហំនៃបន្ទុកសន្តិសុខរបស់អាមេរិកនោះ រឿងនោះអាចមើលទៅមិនគួរឲ្យទាក់ទាញអារម្មណ៍នោះទេ។ ប៉ុន្តែ ស្ថានភាពជាក់ស្តែងនៃផលប្រយោជន៍របស់អាមេរិកនៅអាស៊ីនឹងនៅតែបន្តជំរុញឲ្យមានការចូលរួម ជាជាងការដកខ្លួនចេញពីតំបន់នោះ។ មួយផ្នែក ចម្លើយទៅនឹងកង្វល់ទាំងនេះគួរតែដាក់សម្ពាធដល់សម្ព័ន្ធមិត្តនៅអាស៊ីរបស់អាមេរិកឲ្យចំណាយប្រាក់កាន់តែច្រើនលើការចែករំលែកបន្ទុកផ្នែកការពារ និងប្តេជ្ញាកាន់តែពេញទំហឹងដល់កិច្ចសហ ប្រតិបត្តិការសន្តិសុខ៕
ប្រភព៖ Asia Times ចុះថ្ងៃ២១ ខែធ្នូ ឆ្នាំ២០១៦

 

ចែករំលែក

បញ្ចេញយោបល់