អភិបាលខេត្តកំពង់ធំ ប្តេជ្ញាយកផ្ការំដួលបីទងឱ្យបាន ក្នុងការប្រកួត ប្រជែងចលនាទីក្រុងស្អាតនាពេលខាងមុខ

ថ្ងៃពុធ ទី ២៧ កុម្ភៈ ២០១៩​
22

កំពង់ធំ៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ ថ្លែងថាព្រឹត្តិការណ៍នេះ ពិតជាបានរួមចំណែក និងលើកទឹកចិត្តដល់បងប្អូនជនរួមជាតិទាំងអស់ ពិសេសចំពោះមន្ត្រីរាជការ យុវជន អាជីករ ក៏ដូចជាប្រជាពលរដ្ឋ ជួយសំអាតបរិស្ថានទាំងអស់គ្នាបន្ថែមទៀត ដើម្បីលើកកកម្ពស់ការ អភិវឌ្ឍន៍ទីក្រុងបៃតង ការផ្តល់នូវបដិសណ្ឋារកិច្ចល្អ ដែលជាការរួមចំណែក ដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងការរីកចម្រើននៃសង្គមជាតិ។

លោក អភិបាលខេត្តបានថ្លែងយ៉ាងដូច្នេះ បន្ទាប់អានសារលិខិតរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ក្នុងពិធីអបអរសាទរ ទិវាជាតិទីក្រុងស្អាត លើកទី៧ ក្រោមប្រធានបទ “ទីក្រុងស្អាត ទីក្រុងផ្តល់ភាពកក់ក្តៅ” នៅមុខផ្សារកំពង់ធំ ក្រុងស្ទឹងសែន ដែលមានការចូលរួមពីមន្ត្រីរាជការជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស កម្លាំង​សមត្ថកិច្ច សាលារៀនឯកជន គ្រិះស្ថានឯកជន ក្រុមហ៊ុនប្រមូលសំរាម និងកម្លាំងកាយរិទ្ធ ព្រមទាំងយុវជនស្ម័គ្រចិត្ត កាកបាទក្រហម ចូលរួមបោសសំអាតនៅតាមដងផ្លូវ​ទី​សាធារណៈ ក្នុងគោលបំណង ដើម្បីបំផុសស្មារតីដល់សាធារណជន ឱ្យកាន់តែយល់ដឹង និងចូល​រួមសំអាតថែរក្សាបរិស្ថានឱ្យបានល្អ។

លោកបានបន្ថែមទៀតថា ដើម្បីសម្រេចបានគោលបំណង នៃការប្រកួតប្រជែងចលនាទីក្រុងស្អាតទទួលបានផ្ការំដួលបីទង គឺតម្រូវឱ្យយើងទាំងអស់រួមគ្នាចូលរួមយកចិត្តទុកដាក់ខ្ពស់ ក្នុង​ការរៀបចំផែនការអភិវឌ្ឍន៍ និងគ្រប់គ្រងទីក្រុងឱ្យបានត្រឹមត្រូវ ព្រមទាំងមានកិច្ចសហ​ការ​ល្អ។ ហើយបច្ចុប្បន្ននេះ រដ្ឋបាលខេត្តកំពង់ធំ កំពុងខិតខំអភិវឌ្ឍខេត្តឱ្យមានការរីកចម្រើនបន្ថែម​ទៀត។

ជាពិសេសនៅក្នុងក្រុងស្ទឹងសែន ដែលកំពុងមានការសាងសង់រង្វង់ មូលវិមានឯករាជ្យ សាង​សង់​ច្រាំងស្ទឹងសែន រៀបចំសួនកំសាន្ត ពង្រីកផ្លូវជាតិ និងផ្លូវក្នុងក្រុងជាដើម ធ្វើយ៉ាងណាឱ្យក្រុង​ស្ទឹងសែន ក្លាយជាទីក្រុងស្អាត ប្រកបដោយភាពទាក់ទាញ និងកក់ក្តៅ សម្រេចគោល​បំណងយកផ្ការំដួលបីទង នៅឆ្នាំ២០២១ ឱ្យបាន។

លោកអភិបាលខេត្ត បានបញ្ជាក់ថាទីក្រុងស្អាត គឺជាទីក្រុងដែលគ្មានសំរាម ប្រកបដោយភាព «ស្អាត និងបៃតង» មានអនាម័យ មានការធានាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពអនា​ម័យ អាចរក្សាបានកំណើនទេសចរ ជារៀងរាល់ឆ្នាំ ហើយវិស័យទេសចរណ៍កម្ពុជា បាននឹងកំពុង​បោះជំហាន រីកចម្រើនយ៉ាងខ្លាំងជាលំដាប់៕

ចែករំលែក

បញ្ចេញយោបល់