អភិបាលខេត្តក្រចេះ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារសម្រេចបាន និងបន្តរួមគ្នាពិនិត្យការងារនៅសល់

ថ្ងៃពុធ ទី ២៧ កុម្ភៈ ២០១៩​
19

ក្រចេះ៖ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តក្រចេះ រៀបចំ សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅបន្តឆ្នាំ ២០១៩ នៅសាលមហោស្រពខេត្ត ក្រោមអធិបតីភាពលោក នូ ភឿង ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ ព្រមទាំងមានសមាជិកសន្និបាតចូលរួមប្រមាណជាចំនួន ៤៥០នាក់។

លោកអភិបាលខេត្ត បានជំរុញដល់សមាជិកសមាជិកាអង្គសន្និបាត ត្រូវខិតខំយកអស់កម្លាំងកាយ ប្រាជ្ញា និងស្មារតី ដើម្បីពិភាក្សាឲ្យ បានផុលផុសអំពីសមិទ្ធផល បញ្ហាប្រឈម និងដំណោះស្រាយ ព្រមជាមួយនឹងការផ្ដល់បទពិសោធន៏ល្អៗ សម្រាប់មូលដ្ឋានអនុវត្ត ទិសដៅការងារក្នុងឆ្នាំ២០១៩នេះ ឲ្យមានប្រសិទ្ធភាព។

លោកបានបន្តថា ឆ្នាំ២០១៨ កន្លងទៅ គឺជាឆ្នាំចុងក្រោយនៃការអនុវត្តកម្មវិធី កំណែទម្រង់ ដែលបានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល នីតិកាលទី៥ នៃរដ្ឋសភា ហើយក៏ជាឆ្នាំចាប់ផ្ដើមរបស់ រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦ ផងដែរ។

សន្និបាតនាពេលនេះ គឺពិតជាមានអត្ថន័យ និងពិតជាមានសារៈសំខាន់ សម្រាប់ទាំងអស់គ្នា ធ្វើការវាយតម្លៃ អំពីលទ្ធផលការងារដែលសម្រេចបាន និងរួមគ្នាធ្វើការពិនិត្យ វាយតម្លៃអំពីបញ្ហាប្រឈមដែលនៅសល់ សម្រាប់ជា មូលដ្ឋានក្នុងការកំណត់ទិសដៅការងារសម្រាប់អនុវត្ត កម្មវិធីកំណែទម្រង់ នានា ក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ឲ្យកាន់តែមាន ប្រសិទ្ធភាពថែមទៀត៕

ចែករំលែក

បញ្ចេញយោបល់