ដើម្បីរៀបចំកម្មវិធី សម្តែងសិល្បៈរួមអាស៊ាន-ចិន ឆ្នាំ២០១៦ ឱ្យដំណើរទៅដោយជោគជ័យ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដែលមានសមាសភាពមកពីក្រសួងទេសចរណ៍ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងសុខាភិបាល ក្រសួងព័ត៌មាន សាលាខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា រួមនិងក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។
គួរបញ្ជាក់ថា កម្មវិធីសម្តែងសិល្បៈរួមអាស៊ាន-ចិន ក្រោមប្រធានបទ “ការតភ្ជាប់ក្នុងភាពចម្រុះគ្នា” គ្រោងនឹងត្រូវប្រារព្ធឡើងរយៈពេល០៣ថ្ងៃ នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី២៦ដល់២៨ ខែធ្នូ ឆ្នាំ២០១៦។ កម្មវិធីនេះ នឹងមានការចូលរួមពីសិល្បករ សិល្បការិនី ប្រមាណ២៦៦នាក់ មកពីបណ្តាប្រទេសជាសមាជិកអាស៊ានទាំង១០ និងសាធារណរដ្ឋប្រជាមានិតចិន ដើម្បីអបអរសាទរខួបទី២៥ឆ្នាំនៃទំនាក់ទំនងអាស៊ាន-ចិន។
តាមកម្មវិធីដែលបានគ្រោងទុក ពីរថ្ងៃដំបូងគឺជាពិធីជួបជុំ និងសិក្ខាសាលាស្តីពីវប្បធម៌ចម្រុះអាស៊ាន-ចិន។ ចំណែកកម្មវិធីសម្តែងសិល្បៈរួមគ្នានឹងប្រារព្ធឡើងនៅប្រាសាទបាយ័ន ចាប់ពីពេលរសៀលតទៅ។ ជាមួយគ្នានេះដែរ ក្នុងនាមជាស្ថាប័នទទួលបន្ទុកគ្រប់គ្រងរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាបានចូលរួមសហការយ៉ាងសកម្ម ជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញកម្មវិធីនេះឱ្យប្រព្រឹត្តទៅដោយរលូន ស្របតាមគោលបំណងចម្បងនៃកម្មវិធីដ៏មានអត្ថន័យនេះ៕