(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យារយៈពេលខ្លី ចំនួន ១១៧ នាក់ ដើម្បីបម្រើការងារជូនគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧ ខាងមុខ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដែលចេញផ្សាយកាលពីពេលថ្មីៗកន្លងទៅនេះ ។
នៅក្នុងសេចក្តីជូនដំណឹងរបស់ គ.ជ.ប ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ បានឱ្យដឹងថា គ.ជ.ប ត្រូវការជ្រើសរើស៖ ១-នាយកដ្ឋានរដ្ឋបាល ចំនួន៣នាក់, ២-នាយកដ្ឋានប្រតិបត្តិការ ចំនួន១០នាក់, ៣-នាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត ចំនួន៤៦នាក់, ៤-នាយកដ្ឋានបណ្តុះបណ្តាល និងអប់រំអ្នកបោះឆ្នោត ចំនួន២៧នាក់, ៥-នាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ ចំនួន២១នាក់ និង៦-នាយកដ្ឋានសេវាកម្មច្បាប់ និងវិវាទកម្ម ចំនួន១០នាក់។
បេក្ខជនដែលមានបំណងដាក់ពាក្យសុំប្រឡងចូលបម្រើការងារ អាចមកទាក់ទងដាក់ពាក្យប្រឡង នៅទីស្តីការ គ.ជ.ប ដែលមានទីតាំងស្ថិតនៅក្នុងក្រសួងមហាផ្ទៃអគារ H (ខាងជើង) នៅរៀងរាល់ម៉ោងធ្វើការ។ ពាក្យសុំចូលបម្រើការងារមានចែកជូនដោយឥតគិតថ្លៃ។ គ.ជ.ប ចាប់ផ្តើមចែកពាក្យ និងទទួលពាក្យសុំប្រឡង នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ និងឈប់ទទួលពាក្យសុំប្រឡងនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៧៕