(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រសួងទេសចរណ៍ បានចូលរួមគោរពវិញ្ញាណក្ខន្ធ លោក Andrey G. Karlov ឯកអគ្គរដ្ឋទូតសហភាពរុស្សី ប្រចាំសាធារណរដ្ឋតួគី និងបានសរសេរលិខិតចូលរួមរំលែកមរណៈទុក្ខនៅស្ថានទូតរុស្សីប្រចាំកម្ពុជា។
គួររំលឹកផងដែរថា ទីភ្នាក់ងារព័ត៌មាន RT របស់រុស្ស៊ីបានចេញផ្សាយ នៅយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ថា អគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសតួកគី ដែលត្រូវខ្មាន់កំាភ្លើងបាញ់ឱ្យរបួសធ្ងន់ នៅអំឡុងពេលចូលរួមទស្សនាការតាំងពិព័ណ៌រូបថតមួយ នៅក្នុងទីក្រុងអង់ការ៉ា ដែលធ្វើឱ្យគាត់បានស្លាប់បាត់បង់ជីវិតបន្ទាប់ពី ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យភ្លាមៗ ដោយសាររងរបួសធ្ងន់ធ្ងរពេក។
ពាក់ព័ន្ធនឹងការបាញ់សម្លាប់អគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុងអង់ការ៉ា លោក Andreї Karlov អ្នកជំនាញរុស្ស៊ី លោក Koray Gurbuz បានកត់សម្គាល់ថា ការវាយប្រហារនេះមិនមែនជារឿងចៃដន្យនោះទេ ដោយលោកបានលើកឡើងដូច្នេះថា «រុស្ស៊ី តួកគី និងអ៊ីរ៉ង់ ពិតជាមានគោលបំណងពិតប្រាកដក្នុងការស្វែងរកសន្តិភាព សម្រាប់ស៊ីរីព្រមទាំងស្ថេរភាពនៅក្នុងតំបន់ ហើយកិច្ចប្រជុំនៅថ្ងៃស្អែក (ថ្ងៃអង្គារ៍នេះ) ពិតជាមានសារៈសំខាន់ណាស់»។ លោក Gurbuz បន្តថា «ការបាញ់សម្លាប់អគ្គរដ្ឋទូតរុស្ស៊ី ប្រចាំទីក្រុងអង់ការ៉ា គឺមានគោលបំណងគម្រាម និងរារាំងដល់គំរោងសហការរវាងតួកគី រុស្ស៊ី និងអ៊ីរ៉ង់ ស្ដីពីប្រទេសស៊ីរី»។
ដោយឡែកប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក៏បាននិយាយដែរថា ការបាញ់ប្រហារនេះ ធ្វើឡើងក្នុងចេតនាបំផ្លាញដំណើរការសន្តិភាពសម្រាប់ស៊ីរី និងទំនាក់ទំនង រុស្ស៊ី-តួកគី។ «គ្មានអ្វីគួរឱ្យសង្ស័យនោះទេ! ការបាញ់សម្លាប់អគ្គរដ្ឋទូតរុស្ស៊ី គឺមានចេតនាបំផ្លាញការស្ដារទំនាក់ទំនងឡើងវិញរវាងរុស្ស៊ី និងតួកគី រួមទំាងកិច្ចខិតខំប្រឹងប្រែង ដើម្បីស្វែងរកសន្តិភាពសម្រាប់ស៊ីរី»៕