(កំពង់ចាម)៖ លោកឧកញ៉ា ឡូវ ហ៊ឹង និងលោកឧកញ៉ា ជា លាងហុង ទីប្រឹក្សាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាអគ្គនាយកក្រុមហ៊ុន KH Niron បានចុះជួបសំណេះសំណាល និងនាំយកអំណោយមួយចំនួន ចែកជូនប្រជាពលរដ្ឋ ៦០០គ្រួសារ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦នេះ ក្នុងវត្តសិរីសោភា ហៅវត្តចន្លាត់ដៃ ស្ថិតក្នុងភូមិចន្លាត់ដៃ ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ក្នុងឱកាសនោះផងដែរ លោកឧកញ៉ា ជា លាងហុង ក៏បានផ្តាំផ្ញើឱ្យប្រជាពលរដ្ឋចូលរួមអនុវត្តន៍គោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ការធ្វើអត្តសញ្ញាណប័ណ្ណ ចូលរួមអនុវត្តន៍ច្បាប់ ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយការបរិភោគគ្រឿងស្រវឹង និងសំណូមពរដល់ប្រជាពលរដ្ឋ ចូលរួមសហការជាមួយសមត្ថកិច្ច លុបបំបាត់គ្រឿងស្រវឹង គ្រឿងញៀន ដែលជាភាពអសកម្មនៅក្នុងភូមិ-ឃុំ ក៏ដូចជានៅក្នុងសង្គម ជាពិសេសជះឥទ្ធិពលយ៉ាងខ្លាំង នៅក្នុងស្រទាប់យុវវ័យ។
លោកឧកញ៉ា ឡូវ ហ៊ឹង បានថ្លែងនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ លោក ហ៊ុន សែន និងភរិយា ដែលជានិច្ចជាកាល តែងតែយកចិត្តទុកដាក់គិតគូរដោះស្រាយ រាល់ការលំបាកខ្វះខាតរបស់ប្រជាពលរដ្ឋ នៅគ្រប់មូលដ្ឋាន និងជំរុញការងារអភិវឌ្ឍប្រទេសជាតិ ឱ្យរីកចម្រើនលើគ្រប់វិស័យ។
បន្ទប់ពីបានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោកឧកញ៉ា ឡូវ ហ៊ឹង និងលោកឧកញ៉ា ជា លាងហុង ក៏បានចុះពិនិត្យការការជួសជុលផ្លូវលំ ១ខ្សែ មានប្រវែង ៣,៥០០ម៉ែត្រ ស្ថិតនៅក្នុងឃុំចន្លាត់ដៃ ដែលបានកំពុងបើកការដ្ឋានជួសជុល ជារៀងរាល់ថ្ងៃ ដើម្បីជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ឲ្យបានកាន់តែល្អប្រសើរ។
តំណាងប្រជាពលរដ្ឋ បានថ្លែងអំណរគុណដល់លោកឧកញ៉ា ឡូវ ហ៊ឹង និងលោកឧកញ៉ា ជា លាងហុង ដែលតែងតែជួយដោះស្រាយ និងឧបត្ថម្ភរាល់ការខ្វះខាតទាំងឡាយ ដែលប្រជាពលរដ្ឋនៅក្នុងស្រុកស្រីសន្ធរ។ លោកឧកញ៉ា ជា លាងហុង ក៏បានជួយឧបត្ថម្ភគ្រួសារ ដែលមានជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ដោយបានឧបត្ថម្ភជាថវិកាក្នុងការព្យាបាលផងដែរ៕