លោកនាយករដ្ឋមន្រ្តីហ៊ុន សែន អញ្ជើញជួបសម្តែងការគួរសមជាមួយ​ ប្រធានរដ្ឋសភា វៀតណាម

ថ្ងៃអង្គារ ទី ២០ ធ្នូ ២០១៦​
97

នៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារដាច់ដោយឡែកពីគ្នា ជាមួយ លោកស្រី ង្វៀន ធីគីមងិន ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។

ក្នុងជំនួបដែលធ្វើឡើងនៅវិមានរដ្ឋសភា លោកស្រី ង្វៀន ធីគីមងិន   ប្រធានរដ្ឋសភាវៀតណាម បានមានប្រសាសន៍ សម្តែង នូវការវាយតំលៃខ្ពស់ និងកោតសរសើរចំពោះលទ្ធផល នៃជំនួបពិភាក្សាទ្វេភាគីដែលប្រមុខរដ្ឋាភិបាល នៃប្រទេស ទាំងពីរដែលសម្រេចបាន ក្នុងដំណើរទស្សនកិច្ចរបស់លោក នាយករដ្ឋមន្រ្តីមកកាន់ប្រទេសវៀតណាមនៅពេលនេះ ពិសេសគឺការចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សារណៈសំខាន់ៗចំនួន៣ ដែលបានចុះហត្ថលេខានៅក្នុងដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះ។ លោកស្រីប្រធានរដ្ឋសភាវៀតណាមមានប្រសាសន៍បន្តថា លោកស្រីមានការសប្បាយរីករាយខ្លាំងណាស់ ដោយបានជួបសន្ទនាដោយផ្ទាល់ជាមួយលោកនាយករដ្ឋមន្រ្តីជាថ្មីម្តងទៀត បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយលោកក្នុងប្រទេសកម្ពុជា កាលពីពេលថ្មីៗកន្លងទៅ។

នៅក្នុងជំនួបនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះលោកស្រីប្រធានរដ្ឋសភា ដែលបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅបំផុត ជូនចំពោះលោក និងគណៈប្រតិភូ។ លោកបន្តថា លោកពិតជាមានការរីករាយដែលរដ្ឋសភានៃប្រទេសទាំងពីរកម្ពុជា វៀតណាម បានពង្រីកនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងស្អិតរមួត ពិសេសការផ្លាស់ប្តូរនូវដំណើរទស្សនកិច្ចពីគ្នាទៅវិញទៅមក ក្នុងចំណោមថ្នាក់ដឹកនាំជាន់ខ្ពស់រដ្ឋសភានៃប្រទេសទាំងពីរ។ ក្នុងជំនួបពិភាក្សាគ្នានេះដែរលោកនាយករដ្ឋមន្ត្រីកម្ពុជា ក៏បានថ្លែងនូវការកោតសរសើរបំផុត ជូនចំពោះថ្នាក់ដឹកនាំរដ្ឋសភាវៀតណាម ដែលជារៀងដរាបរៀងមកតែងតែជួយដល់កម្ពុជា ពិសេសក្នុងគ្រាដែលកម្ពុជាជួបប្រទះនូវការលំបាក និងគ្រោះធម្មជាតិនាពេលកន្លងមក។

photo_2016-12-20_21-07-09

photo_2016-12-20_21-08-22 photo_2016-12-20_21-07-20

ចែករំលែក

បញ្ចេញយោបល់