ក្រុមហ៊ុន១៨ មានសិទ្ធិអនុវត្តកូតា២០ម៉ឺនតោននៃការនាំចេញអង្ករទៅកាន់ប្រទេសចិន នៅឆ្នាំ២០១៧

ថ្ងៃអង្គារ ទី ២០ ធ្នូ ២០១៦​
109

 

សហព័ន្ធស្រូវអង្ករកម្ពុជា ជាមួយក្រុមហ៊ុនហ្គ្រីនត្រេដ ដែលជាតំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ជូនឈ្មោះ ក្រុមហ៊ុនផលិត និងនាំចេញអង្ករចំនួន ១៨ក្រុមហ៊ុន ទៅឱ្យក្រុមហ៊ុនរដ្ឋរបស់ចិន COFCO ដើម្បីរៀបចំអនុវត្តការនាំចេញអង្ករទៅកាន់ប្រទេសចិន ដែលមានកូតា២០ម៉ឺនតោន ចុងឆ្នាំ២០១៧ ខាងមុខនេះ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជាចុះថ្ងៃទី ១៩ ធ្នូ ២០១៦ បានឱ្យដឹងថា លោក សុខ ពុទ្ធីវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោក ចាន់ សុខទី អគ្គនាយកក្រុមហ៊ុនហ្គ្រីនដ្រេត រួមទាំងសមាជិកមួយចំនួនទៀត បានធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំង ចាប់ពីថ្ងៃទី១៥-១៧ ខែធ្នូ ឆ្នាំ២០១៦ ដើម្បីពិភាក្សាការងារជាមួយក្រុមហ៊ុនចិន COFCO និងបានសម្រេចនូវឈ្មោះក្រុមហ៊ុនចំនួន១៨ ដែលមានសិទ្ធិក្នុងការអនុវត្តកូតា នាំចេញអង្ករទៅកាន់ប្រទេសចិន ដោយផ្អែកលើសមត្ថភាព និងបទពិសោធន៍ដែលក្រុមហ៊ុនទាំងនោះ ធ្លាប់បាននាំចេញទៅកាន់ប្រទេសចិន និងជាសមាជិករបស់សហព័ន្ធស្រូវអង្ករកម្ពុជា។

សហព័ន្ធស្រូវអង្ករកម្ពុជាបានបញ្ជាក់ថា ក្រៅពីក្រុមហ៊ុនទាំង១៨ នេះ សម្រាប់ក្រុមហ៊ុនដទៃទៀត ដែលជាសមាជិកសហព័ន្ធស្រូវអង្ករ ដែលមានបំណងនាំចេញទៅប្រទេសចិន សូមទាក់ទងមកសហព័ន្ធស្រូវអង្ករ និងក្រុមហ៊ុនហ្គ្រីនដ្រេត ឱ្យបានរួសរាន់។

ប្រទេសចិន ជាទីផ្សារដ៏ធំសម្រាប់អង្ករកម្ពុជា ជាក់ស្តែងនៅ១១ខែ ឆ្នាំ២០១៦ អង្កររបស់កម្ពុជាជាង១០ម៉ឺនតោន ត្រូវបាននាំចេញទៅប្រទេសចិន ច្រើនជាងបំផុតបើប្រៀបធៀបនឹងប្រទេសផ្សេងៗ។

សូមរំលឹកផងដែរថា កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ក្នុងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីចិន ស៊ី ជិនភីង មកកម្ពុជានោះ កម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នា ក្នុងការនាំចេញអង្ករចំនួន ២០ម៉ឺនតោនទៅកាន់ប្រទេសចិន៕

15442136_724413824380134_6323009697241804298_n

15541987_1269513849780496_6756210495289397139_n 15492520_1269513469780534_5483021285871782103_n 15492615_1269513516447196_4699885353362840248_n 15541181_1269513853113829_1856945557986292618_n 15541551_1269513479780533_1955562187139859456_n15541546_724413877713462_5903246025335546477_n

ចែករំលែក

បញ្ចេញយោបល់