ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំដើម្បីពន្លឿន និងបង្កើនលទ្ធផលការងារឲ្យកាន់តែមានប្រសិទ្ធភាព

ថ្ងៃសុក្រ ទី ២៥ មករា ២០១៩​
26

ត្បូងឃ្មុំ៖ ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩នេះ បានបើកកិច្ចប្រជុំវិសាមញ្ញលើកទី១៥ អាណត្តិទី២ ក្រោមអធិបតីភាព លោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងមានការចូលរួមពី លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងសមាជិកសមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករង រដ្ឋបាលសាលាខេត្ត នាយកទីចាត់ការសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីសាលាខេត្តដែលពាក់ព័ន្ធជាច្រើនរូបទៀត។

ក្នុងកិច្ចប្រជុំនោះ មានរបៀបវារៈចំនួន២ ដែលត្រូវបានលើកយកមកពិភាក្សារួមមាន៖

១-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងផែនការសកម្មភាពការងាររយ:ពេលបីខែ (មករា កុម្ភ: និងមីនា) ឆ្នាំ២០១៩ របស់រដ្ឋបាលសាលាខេត្ត និង
២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការបែងចែកតួនាទី ភារកិច្ច និងរបៀបរបបធ្វើការជូនគណ:អភិបាលខេត្តត្បូងឃ្មុំ ។

ក្នុងឱកាសនោះ លោក ស៊ាក ឡេង បានលើកឡើងថា កិច្ចប្រជុំធ្វើឡើងនាពេលនេះ ក្នុងទិសដៅបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ទៅលើចំណុចខ្វះខាតមួយចំនួន និងកែតម្រូវ លើសេចក្តីព្រាងសកម្មភាពការងាររយ:ពេល៣ខែដើមឆ្នាំនេះ។

លោកបន្តថា បន្ទាប់ពីគណ:អភិបាលខេត្ត ទទួលតួនាទី ភារកិច្ច តាមការបែងចែកជូនរួចមក លោកបានស្នើរអោយបន្តសាមគ្គីភាពគ្នា ក្នុងជួរគណ:អភិបាលខេត្តអោយបានល្អ, បំពេញតាមមុខងាររៀងខ្លួន ដោយទំនួលខុសត្រូវខ្ពស់ និងរួមគ្នាដឹកនាំគ្រប់គ្រងកិច្ចការរដ្ឋបាលដែនដី ការពារសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម ធ្ចើយ៉ាងណាអោយកំរិតជីវភាពកាន់តែល្អប្រសើរ ស្របទៅនឹងយុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន ប្រមុខដឹកនាំដ៏ឆ្នើម ពិសេសធ្វើយ៉ាងណាអោយដំណើរការការងារអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ កាន់តែល្អប្រសើរថែមទៀត។

ជាមួយគ្នានោះដែរ អង្គប្រជុំក៏បានលើកឡើង និងសម្រេចអោយមានព្រឹត្តិការណ៍កំសាន្តនានា ដើម្បីចូលរួមអបអរក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ខាងមុខនេះ ដោយរដ្ឋបាលខេត្ត សហការជាមួយអ្នកពាក់ព័ន្ធទាំងអស់ នៅថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី ត្រូវនឹងថ្ងៃទី១៤ នឹងរៀបចំអោយមានការលេងល្បែងកំសាន្តប្រជាប្រិយខ្មែរនាពេលថ្ងៃ និងការប្រគុំតន្រ្តីនាពេលរាត្រី នៅក្នុងតំបន់រដ្ឋបាលខេត្ត គឺជាលើកទី១ហើយ សម្រាប់ក្នុងបរិវេណរដ្ឋបាលប្រមូលផ្តុំខេត្ត ដែលរៀបចំអោយមានព្រឹត្តិការណ៍ដ៍ពិសេសៗនេះឡើង ក្នុងគោលបំណងអោយប្រជាពលរដ្ឋសប្បាយរីករាយ ក្នុងឱកាសឆ្នាំថ្មីនេះ។

ជាមួយគ្នានោះ លោក ស៊ាក ឡេង និងលោក ជាម ច័ន្ទសោភ័ណ បានសំណូមពរឱ្យអង្គប្រជុំទាំងអស់ ទាំងមន្ទីរអង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធ រួមគ្នារៀបចំព្រឹត្តិការណ៍នេះ អោយបានអធិកអធម ដែលជាការលើកមុខមាត់ខេត្តបន្តទៀត ពិសេសអំពាវនាវអោយប្រជាពលរដ្ឋចូលរូមលេងកំសាន្ត និងទស្សនាអោយបានច្រើនកុះករផងដែរ ៕

ចែករំលែក

បញ្ចេញយោបល់