គណបក្សប្រជាជន ជំរុញការបែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ចជាតិ ដោយធានាឱ្យមានសមធម៌

ថ្ងៃចន្ទ ទី ១៩ ធ្នូ ២០១៦​
119

(ភ្នំពេញ)៖ អង្គសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លើកទី៤០ អាណត្តិទី៥នេះ បានជំរុញបន្តពង្រឹងគោលដៅរបស់ខ្លួន ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងធានាធ្វើយ៉ាងណា បែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ចជាតិឱ្យមានសមធម៌ នេះបើយោងតាមសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃសន្និបាតគណបក្ស កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦។

អង្គសន្និបាតគណបក្សប្រជាជនកម្ពុជា ដែលប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី ១៧ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ គឺបានដាក់ចេញនូវគោលដៅរបស់ខ្លួន ដោយបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឱ្យសម្រេចបានកំណើនក្នុងរង្វង់ ៧% ក្នុងឆ្នាំ២០១៧ និងសម្រេចគោលដៅផ្សេងៗទៀតដែលកំណត់ក្នុងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ ដែលក្នុងនោះ គឺគណបក្សនឹងបន្តពង្រឹងសកម្មភាពគាំទ្រ គោលដៅនៃការកាត់បន្ថយភាពក្រីក្រ និងធានាសមធម៌នៃការបែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ចជាតិ ដោយអនុវត្តវិធានការ គោលនយោបាយសំខាន់មួយចំនួនដូចជា៖ ខិតខំរកទីផ្សារកសិផលដោយមានតម្លៃសមរម្យ ជាពិសេសក្នុងពេល ដែលប្រជាកសិករកំពុងប្រមូលផលស្រូវចំពោះមុខនេះ។ បន្តបែងចែកដីធ្លី តាមរយៈការអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ច និងការធ្វើប្រទានកម្មជូនប្រជាជនក្រីក្រ យោធិនពិការ គ្រួសារយោធាពលី និងមរណៈ និងអតីកងកម្លាំងប្រដាប់អាវុធដែលគ្មាន ឬខ្វះដីពិតប្រាកដ។ ផ្តល់ជូនប្រជាជនដោយឥតគិតថ្លៃនូវសេវាចុះបញ្ជីកំណើត បញ្ជីអាពាហ៍ពិពាហ៍ បញ្ជីមរណភាព សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ បន្តអនុវត្តការតភ្ជាប់បណ្តាញអគ្គិសនីនៅជនបទ ដើម្បីឈានទៅសម្រេចគោលដៅគ្រប់ភូមិមានអគ្គិសនីប្រើប្រាស់ត្រឹមឆ្នាំ២០២០។ បញ្ចុះថ្លៃប្រើប្រាស់អគ្គិសនីពីបណ្តាញជាតិមកត្រឹម៦១០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង សម្រាប់អ្នកប្រើប្រាស់មិនលើសពី ៥០គីឡូវ៉ាត់ម៉ោងក្នុងមួយខែ ចាប់ពីខែមេសា ឆ្នាំ២០១៧ទៅ។ ដំឡើងកម្រិតអប្បបរមានៃប្រាក់បៀវត្សជាប់ពន្ធដល់ ១.០០០.០០០រៀល។ បន្តគិតគូរជំរុញដំឡើងបៀវត្សជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ និងដំឡើងប្រាក់ឈ្នួលរបស់កម្មករ និយោជិត សម្រាប់ឆ្នាំ២០១៨បន្តទៀតបន្តសាងសង់គេហដ្ឋានជូនគ្រួសារអតីតយុទ្ធជនក្រីក្របន្ថែមទៀត៕

photo_2016-12-19_17-06-15 photo_2016-12-19_16-45-43 photo_2016-12-19_17-05-17

photo_2016-12-19_17-05-42

ចែករំលែក

បញ្ចេញយោបល់