ភ្នំពេញ៖ លោក ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា រដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា គ្រោងជួយបន្តកសាងអភិវឌ្ឍន៍មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈមួយ ក្នុងខេត្តតាកែវ គឺវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោ ហ៊ុន សែន តាកែវ ដើម្បីបណ្ដុះបណ្ដាលជំនាញសំខាន់ៗ ចំនួន៣ ដល់និស្សិតកម្ពុជា ពិសេសលើជំនាញសហគ្រិនភាព។ ការលើកឡើងបែបនេះ ត្រូវបានធ្វើឡើងក្រោយបញ្ចប់ជំនួបពិភាក្សាការងារជាមួយ លោក ណាវិន ស្រីវ៉ាតាវ៉ា ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦នេះ នាទីស្ដីការក្រសួងការងារ។
លោក ពេជ សោភ័ន បានបញ្ជាក់ទៀតថា «ជំនាញសំខាន់ៗទាំង៣ ដែលឥណ្ឌាមានបំណងចង់ជួយជ្រោមជ្រែងដល់កម្ពុជានោះ រួមមាន ទី១-ជំនាញអក្សរសាស្រ្តអង់គ្លេស ទី២-ជំនាញសហគ្រិនភាព ដើម្បីបណ្ដុះបណ្ដាលយុវជន និងនិស្សិតកម្ពុជា ឱ្យចេះចាប់យកឱកាសបង្កើតអាជីវកម្ម មុខរបររកស៊ី និងទី៣-ជំនាញការងារមួយចំនួន ដែលទីផ្សារការងារបច្ចុប្បន្ន កំពុងត្រូវការជាចាំបាច់ ដូចជាជំនាញកុំព្យូទ័រ ព័ត៌មានវិទ្យាជាដើម»។
លោករដ្ឋលេខាធិការ បានបន្តថា គម្រោងអភិវឌ្ឍន៍ជំនាញក្នុងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោ ហ៊ុន សែន ខេត្តតាកែវនេះ ភាគីកម្ពុជាបានចូលរួមផ្ដល់នូវអគារសិក្សា គ្រូបណ្ដុះបណ្ដាល និងមន្រ្តីជំនាញមួយចំនួន សម្រាប់ធ្វើការជាមួយភាគីឥណ្ឌា ហើយក្រៅពីនេះ ជាបន្ទុករបស់ភាគីឥណ្ឌាដែលសុទ្ធតែជំនួយឥតសំណងទាំងអស់ ប៉ុន្តែការងារទាំងនេះ ស្ថិតក្នុងកិច្ចពិភាក្សារួមគ្នានៅឡើយរវាងភាគីកម្ពុជា និងភាគីឥណ្ឌា។
លោកបន្តថា ការងារទាំងនេះ សុទ្ធតែជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានគោលដៅអភិវឌ្ឍន៍ប្រទេស ឱ្យទទួលបានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ខណៈបច្ចុប្បន្ន កម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតទាប។
ក្រៅពីជំនួយលើគម្រោងខាងលើ រដ្ឋាភិបាលឥណ្ឌាបានជួយឧបត្ថម្ភសម្ភារៈមួយចំនួន ដល់វិទ្យាស្ថានសហគ្រិនភាពកម្ពុជា-ឥណ្ឌា ក្នុងរាជធានីភ្នំពេញ និងបានផ្ដល់កុំព្យូទ័រមួយចំនួន ដល់វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តផងដែរ ដែលនឹងត្រូវបើកសម្ពោធក្នុងពេលខាងមុខ ហើយវិទ្យាស្ថានទាំងពីរនេះ ត្រូវបានលោកបណ្ឌិត ពេជ សោភ័ន បញ្ជាក់ថា មានទាំងនិស្សិតឥណ្ឌូណេស៊ី និងហ្វីលីពីន មកសិក្សាជាមួយនិស្សិតកម្ពុជា ទៀតផង។
សូមជម្រាបផងដែរថា វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោ ហ៊ុន សែន ខេត្តតាកែវ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១២ ហើយបច្ចុប្បន្ន មាននិស្សិតមកពីទូទាំងខេត្តតាកែវ និងមកពីខេត្តជុំវិញ ចូលសិក្សាមានចំនួនសរុប ៦០០នាក់។ ដោយឡែក ក្រៅពីវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោ ហ៊ុន សែន ខេត្តតាកែវខាងលើ កម្ពុជាមានមជ្ឈមណ្ឌលបណ្ដុះបណ្ដាលចំនួន ៤ភូមិភាគទៀត គឺមានភូមិភាគបាត់ដំបង ភូមិភាគសៀមរាប ភូមិភាគកំពត និងភូមិភាគស្វាយរៀង៕
Top of Form
Top of Form