ជ័យជម្នះ ៧មករា គឺជាថ្ងៃប្រវត្តិសាស្រ្ត និង ជាថ្ងៃកំណើតទី២របស់ប្រជាជនកម្ពុជាគ្រប់រូបដែលគ្មានជនណាម្នាក់បដិសេធបានឡើយ

ថ្ងៃអាទិត្យ ទី ២០ មករា ២០១៩​
30

កំពង់ឆ្នាំង៖ លោក កែវ ពៅ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង និង ជាប្រធានក្រុមការងារថ្នាក់ខេត្ត ចុះមូលដ្ឋានចុះជួយឃុំកំពង់ហៅ បានថ្លែងថា ជ័យជម្នះ ៧មករា ១៩៧៩ គឺជាថ្ងៃប្រវត្តិសាស្រ្ត និង ជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជាគ្រប់រូបមិនអាចជនណាម្នាក់បដិសេធបានឡើយ មាន៧មករា ទើបធ្វើឱ្យប្រទេសយើងមានសុខសន្តិភាព ឯកភាពជាតិ និងការអភិវឌ្ឍរីកចំរើន ដល់បច្ចុប្បន្ននេះ។

លោកបានថ្លែងដូចនេះ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតី ក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៤០ ទិវាជ័យជម្នះ ៧ មករា១៩៧៩-៧មករា ២០១៩ នាព្រឹកថៃ្ងអាទិត្យ ទី២០ ខែមករាឆ្នាំ ២០១៩
ដោយមានការចូលរួមពី លោក ឡោ សាលីម ប្រធានក្រុមប្រឹក្សាស្រុកកំពង់លែង លោក លោកស្រីក្រុមការងារថ្នាក់ខេត្ត ស្រុក ឃុំ កងកំលាំងប្រដាប់អាវុធទាំងបីប្រភេទ អាជ្ញាធរភូមិ ប្រជាពលរដ្ឋព្រះសង្ឃ ចូលរួមសរុបចំនួន ១៧០អង្គ/នាក់ នៅឃុំពង់ហៅ ស្រុកកំពង់លែង។

ក្នុងឱកាសនោះផងដែរ លោក កែវ ពៅ បានអានសុន្ទរកថារបស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដោយបានគូស បញ្ជាក់ថា ៧មករា ជាថៃ្ងបុណ្យជាតិដ៏ធំមួយ ត្រូវរំលឹកដល់គុណបំណាច់ របស់យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតដើម្បីរំដោះប្រទេសជាតិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត ដែលបានសម្លាប់ជាតិសាសន៍ខ្លួនឯងយ៉ាងព្រៃផ្សៃរាប់លាននាក់ ដែលគ្មានទេនៅក្នុងប្រវត្តិសាស្ត្រ មនុស្សជាតិលើពិភពលោក។

លោក កែវ ពៅ បានបញ្ជាក់បន្តថា អស់រយៈពេល៤០ឆ្នាំកន្លងទៅនេះ ផ្តើមចេញពីជ័យជម្នះ ប្រជា
ជនកម្ពុជា បានសម្រេចផ្លាស់ប្តូរសង្គមយ៉ាងធំធេង ដែលប្រទេសនៅលើពិភពលោកទាំងមូលស្មានមិនដល់ថា កម្ពុជាបានប្រែក្លាយពីវាលពិឃាដនៃរបបប្រល័យពូជសាសន៍ ពីសង្រ្គាមរ៉ាំរ៉ៃរាប់ទស្សវត្សរ៍ ការបាក់បែកជាតិ បែងចែកទឹកដី ក្លាយជាប្រទេសមួយដែលមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ តាំងពីបាតដៃទទេរហូតដល់មានការរីកចំរើនលើគ្រប់វិស័យ ធ្វើអោយ ប្រជាជនមានជីវភាពធូធារ និងមានកំណើនសេដ្ឋកិច្ចកើនឡើងឥតឈប់ឈរដែលធ្វើឱ្យប្រទេសលើពិភពលោកមានការកោតសរសើរគ្រប់គ្នា។

តំណាងអោយសមាជិកសមាជិកាអង្គមីទ្ទិញ បានឡើងប្តេជ្ញាចិត្ត រួមសាមគ្គីគ្នាការពារឱ្យបានរឹងមាំ និងរីកចម្រើនថែមទៀតនូវសមិទ្ធផល ៧មករា ប្តេជ្ញាបន្តអនុវត្តន៍ឱ្យបានជោគជ័យនូវកម្មវិធីនយោបាយរបស់ រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភាដែលមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រមុខប្តេជ្ញាប្រឆាំងដាច់ខាតអ្នកប្រព្រឹត្តបំពានច្បាប់រដ្ឋធម្មនុញ្ញ និង កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ប្តេជ្ញាគាំទ្របេក្ខភាពលោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តីគ្រប់អាណត្តិ។

នៅក្នុងពិធីនោះដែរលោក កែវ ពៅ និងសមាជិកអង្គមីទិ្ទញ បានចូលរួមរាប់ បាត្រប្រគេនព្រះសង្ឃ៥អង្គមកពី៥វត្ត និងបានប្រគេនក្នុងមួយវត្តៗទទួលបានបច្ច័យ៤០ម៉ឺនរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀតដើម្បីឧទ្ទិសកុសលជូលដល់បុព្វការីជនញាតិការទាំងប្រាំពីសន្តានដែលបានពលីជីវិត និងចែកឋានទៅកាន់លោកខាងមុខ សូមទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ និង មានរៀបចំហូបអាហារសាមគ្គីជូនដល់សមាជិកសមាជិកាបានចូលរួមផងដែរ៕

ចែករំលែក

បញ្ចេញយោបល់