កណ្តាល៖ ដោយជួបការលំបាកក្នុងការធ្វើដំណើរ ដោយសារស្ថានភាពផ្លូវត្រង់ចំណុចទីប្រជុំជនស្រុកស្អាងខេត្តកណ្តាល ផ្លូវជាតិលេខ២១ មានការលំបាក់ខ្លាំងនោះ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦នេះ នៅក្នុងគណនីហ្វេសប៊ុក ឈ្មោះ Saravon Say បានសរសេររៀបរាប់ថា ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវជាតិលេខ២១ សូមសំណូមពរដល់អាជ្ញាធរ និងក្រសួងសាធារណៈការ និងដឹកជញ្ជូន ជួយពិនិត្យនិងជំរុញឱ្យក្រុមហ៊ុនស្ថាបនាផ្លូវនេះ ពន្លឿនការងាររបស់ខ្លួន ជាពិសេសធ្វើយ៉ាងណាកុំឱ្យផ្លូវមានជង្ហុកធំៗជ្រៅៗជាប់គ្នារដឹកពិបាកក្នុងការធ្វើដំណើរយ៉ាងខ្លាំង។ ម្ចាស់គណនីហ្វេសប៊ុកដដែលនេះ បានសំណូមពរថា ក្រសួងគួរតែចុះមកពិនិត្យពីបច្ចេសទេស និងគុណភាពផ្លូវអោយបានត្រឹមត្រូវតាមស្តង់ដា។
គណនីហ្វេសប៊ុកឈ្មោះ Saravon Say បានបន្តថា ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវជាតិលេខ២១ តែងតែចោទជាសំណួរថា ហេតុអ្វីក៏ក្រុមហ៊ុនមិនព្រមដឹកថ្មតូចៗមកចាក់បំពេញជង្ហុកទាំងនេះ កុំអោយលិចទឹក ហើយកិនបង្ហាប់អោយប្រជាពលរដ្ឋធ្វើដំណើរជាបណ្តោះអាសន្នសិន ដោយសុខចិត្តទុកអោយពិបាកធ្វើដំណើរបែបនេះ? កន្លែងដែលធ្វើបានល្អគ្រាន់បើហើយ ក្រុមហ៊ុននៅបន្តធ្វើ រីឯចំណុចពិបាកហេតុម្តេចក៏ក្រុមហ៊ុនមិនព្រមជួយសម្រួលអោយប្រជាពលរដ្ឋធ្វើដំណើរបានស្រួលផង? កាលពីមុនថារងចាំដាក់លូហើយ លុះដាក់បាន70%ហើយ ក៏មិនព្រមលុបដី និងកិនបង្ហាប់អោយស្អាតធ្វើអោយទឹកដក់គ្រប់មុខផ្ទះប្រជាពលរដ្ឋ និងតាមផ្លូវ។
ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Saravon Say បានបន្ថែមថា បច្ចុប្បន្ននេះក្រុមហ៊ុនដែលដេញថ្លៃធ្វើផ្លូវ ឈូសឆាយផ្លូវទុកចោលយូរខែមកហើយ ធ្វើអោយផ្លូវខូចខាតកាន់តែខ្លាំង ដក់ទឹកដូចកូនបឹងតូចៗនៅលើផ្លូវជាតិចំណែកអាជ្ញាធរពាក់ព័ន្ធមិនអើពើ គ្មានវិធានការដោះស្រាយ សុខចិត្តមើលប្រជាពលរដ្ឋធ្វើដំណើរទៅមកទាំងលំបាកវេទនាបែបនេះ។
ក្នុងគណនីហ្វេសប៊ុកដដែលនេះ បានបញ្ជាក់ផងដែរថា ក្រុមហ៊ុនកូរ៉េ ដែលដេញថ្លៃស្ថាបនាផ្លូវជាតិលេខ២១នេះ ឈ្មោះក្រុមហ៊ុនហាន់ស៊ីន និងបន្តទៅឱ្យក្រុមហ៊ុន អ៊ុត ធី គ្រុប ជាអ្នកស្ថាបនាបន្តទៀត។
គួរបញ្ជាក់ថា ការបង្ហោះសារលើទំព័រហ្វេសប៊ុក ខាងលើនេះធ្វើឡើងក្នុងបំណងសំណូមពរ ដល់អាជ្ញាធរ និងក្រសួងសាធារណៈការ និងដឹកជញ្ជូនជួយពិនិត្យនិងជំរុញ ឱ្យក្រុមហ៊ុន ស្ថាបនាផ្លូវនេះ ពន្លឿនការងាររបស់ខ្លួន ធ្វើយ៉ាងណា កុំឱ្យមានជង្ហក់ធំៗជ្រៅៗ បែបនេះទៀត ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរបានងាយស្រួលទាំងអស់គ្នា៕