លោក ស៊ិក ប៊ុនហុក៖ គ.ជ.ប គ្រោងធ្វើសិក្ខាសាលាស្តីពីសេចក្តីព្រាងបទបញ្ជា នីតិវិធីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤

ថ្ងៃសុក្រ ទី ១៦ ធ្នូ ២០១៦​
133

នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក ចច អេដហ្គឺ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក រ៉េណេ ហ្គ្រេដវ៉ូល តំណាងមូលនិធិខុនរ៉ាដ និងតំណាង UNOPS នៅទីស្តីការ គ.ជ.ប លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានមានប្រសាសន៍ឲ្យដឹងថា គ.ជ.ប កំពុងរៀបចំបោះពុម្ភបញ្ជីបោះឆ្នោតដំបូង ដើម្បីយកទៅបិទផ្សាយជាសាធារណៈនៅតាមសាលាឃុំ សង្កាត់ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧។ លោកថា គោលដៅនៃការបិទផ្សាយនេះ គឺឲ្យប្រជាពលរដ្ឋធ្វើការប្តឹងតវ៉ា ឬប្តឹងជំទាស់។ ចំពោះការប្តឹង និងការដោះស្រាយពាក្យបណ្តឹងពាក់ព័ន្ធនឹងបញ្ជីបោះឆ្នោតដំបូងនេះ ត្រូវប្រើរយៈពេល ៣៨ថ្ងៃទើបចប់។ គ.ជ.ប នឹងផ្តល់សុពលភាពជាបញ្ជីបោះឆ្នោតផ្លូវការនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧។
លោក ស៊ិក ប៊ុនហុក បានមានប្រសាសន៍បញ្ជាក់ថា លទ្ធផលបណ្តោះអាសន្ននៃការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មីឆ្នាំ២០១៦ បានចំនួន ៧,៨៧៣,១៩៤នាក់ ស្មើនឹង ៨១,៤៧%។ លោកបន្តថា ក្នុងរយៈពេល ៣ខែ នៃការចុះឈ្មោះបោះឆ្នោត គ.ជ.ប ជួបប្រទះនូវបញ្ហាមួយចំនួនទាំងសម្ភារៈបរិក្ខា បម្រើឲ្យការចុះឈ្មោះទាំងធនធានមនុស្ស និងប្រព័ន្ធបញ្ចូលទិន្នន័យ។
លោក ចច អេដហ្គឺ បានអបអរសាទរចំពោះលទ្ធផលនៃការចុះឈ្មោះបោះឆ្នោតប្រកបដោយជោគជ័យ ហើយថា នេះជាជំហានដំបូងនៃការកែទម្រង់ការបោះឆ្នោតនៅកម្ពុជា។ លោក ចច អេដហ្គឺ បានរំលឹកថា ក្នុងរយៈពេលនៃការចុះឈ្មោះបោះឆ្នោតកន្លងមក លោកក៏បានចុះទៅសង្កេតមើលពីដំណើរការចុះឈ្មោះបោះឆ្នោតផងដែរ។ សម្រាប់ការបោះឆ្នោតនៅថ្ងៃខាងមុខសហភាពអឺរ៉ុបនឹងបន្តជួយ គ.ជ.ប ជាបន្តទៀត ដោយចាប់ពីពេលនេះ សហភាពអឺរ៉ុបផ្តល់ជំនាញការផ្នែកច្បាប់ ១រូប ហើយនៅចុងខែធ្នូ ឆ្នាំ២០១៦ ឬដើមឆ្នាំ២០១៧ ជំនាញការផ្នែកអប់រំសាធារណជន ១រូបទៀតនឹងមកដល់។
លោក ស៊ិក ប៊ុនហុក បានស្វាគមន៍ចំពោះអង្គការខុនរ៉ាដ ក្នុងការផ្តល់ជំនាញការ ២រូប ដែលជាជំនួយរបស់សហភាពអឺរ៉ុប។ លោកបន្តថា សូមអ្នកជំនាញការជួយពិនិត្យមើល និងផ្តល់ជាអនុសាសន៍លើសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤។ លោកបន្ថែមថា តាមគម្រោងនៅថ្ងៃទី៥-៦ ខែមករា ឆ្នាំ២០១៧ គ.ជ.ប នឹងធ្វើសិក្ខាសាលាដើម្បីប្រមូលយក អនុសាសន៍ពាក់ព័ន្ធ នឹងសេចក្តីព្រាងបទបញ្ជា និងនីតិវិធីពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕
photo_2016-12-16_15-29-58 photo_2016-12-16_15-30-07 photo_2016-12-16_15-30-12photo_2016-12-16_15-28-36

ចែករំលែក

បញ្ចេញយោបល់