ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ បានតែងតាំងលោក Rex Tillerson ធ្វើជារដ្ឋមន្ត្រីការបរទេសរបស់គាត់ ហើយព័ត៌មាននោះគឺថា ប្រធានក្រុមហ៊ុន Exxon Mobil រូបនោះ កំពុងជួបការមន្ទិលពីពួកសាធារណរដ្ឋ ក៏ដូចជាពួកប្រជាធិបតេយ្យផងដែរ។ រាល់ប្រធានាធិបតីសមនឹងទទួលបានទីប្រឹក្សាដែលពួកគេចង់បាន។ ប៉ុន្តែ នោះមិនមានន័យថា អ្នកដែលជ្រើសតាំងនោះមិនសមទទួលបានត្រួតពិនិត្យមើលនោះទេ ហើយសម្រាប់លោក Tillerson ក៏ដូចគ្នាដែរ ដែលរាប់បញ្ចូលទាំងការប្រែប្រួលអាកាសធាតុនិងប្រទេសរុស្ស៊ី ជាពិសេស។
លោក Tillerson គឺជានាយកក្រុមហ៊ុនដែលមានសមត្ថភាពខ្ពស់ដែលបានដឹកនាំក្រុមហ៊ុនធំជាងគេបំផុតមួយរបស់ពិភពលោកនៅចំពេលនៃភាពចលាចលទីផ្សារប្រេង និងឧស្ម័ន។ ដែលមានលក្ខណៈនយោបាយដូចជាឧស្សាហកម្មប្រេងដែរនោះ គាត់បានធ្វើការពាក់ព័ន្ធជាមួយប្រមុខរដ្ឋជាច្រើន និងរដ្ឋមន្ត្រីក្រសួងការបរទេស និងហិរញ្ញវត្ថុនៅទូទាំងពិភពលោក។ គាត់ពិតជាដឹងនូវរបៀបធ្វើកិច្ចការងារការទូតទ្វេភាគីប្រសើរជាងព្រឹទ្ធសមាជិកដែលបញ្ចេញយោបល់ចេញតែពីការិយាល័យ។ គាត់ក៏ស្គាល់អំពីពួកឧក្រិដ្ឋជនស៊ីឈ្នួលពិភពលោក ដែលបានរឹបអូសយកទ្រព្យសម្បត្តិនៅ Venezuela របស់ក្រុមហ៊ុន Exxon ដោយរបបសង្គមនិយមរបស់ប្រទេសនោះ។
ប៉ុន្តែ ប្រវត្តិធុរកិច្ចរបស់លោក Tillerson ក៏ធ្វើឲ្យគាត់ជាគោលដៅនយោបាយមិនមានប្រជាប្រិយផងដែរ ហើយការព្រួយបារម្ភធំមួយនោះគឺការប្រែប្រួលអាកាសធាតុ ទោះបីជាមិនដូចអ្នកនយោបាយឆ្វេងនិយមនឹកចង់បានក៏ដោយ។ ពួកប្រជាធិបតេយ្យនឹងចង់បង្ខូចគាត់ថា ជាមនុស្សចាស់ដែលគំនិតហួសសម័យ ហើយការព្រួយបារម្ភរបស់យើងគឺថា លោក Rex នឹងចំណាយពេលក្នុងក្រសួងការបរទេសក្នុងការព្យាយាមបន្ថយកំហឹងអ្នករិះគន់ទាំងនោះ។
គាត់បានបង្ហាញពីទំនោរខ្លះរួចហើយនៅក្នុងទិសនោះ។ គាត់បាននិយាយថា ក្រុមហ៊ុន Exxon Mobil ជឿថា ហានិភ័យនៃការប្រែប្រួលអាកាសធាតុ គឺជា “សកម្មភាពធ្ងន់ធ្ងរ និងគួរឲ្យគិតដល់” ហើយគាត់បានគាំទ្រលើពន្ធកាបោន។ ក្រុមហ៊ុនរបស់គាត់ក៏បានហៅកិច្ចព្រមព្រៀងស្តីពីអាកាសធាតុនៅក្រុងប៉ារីសថា ជា“ជំហានទៅមុខដ៏សំខាន់” ទោះបីជាខ្លួនមិនអាចធ្វើអ្វីកើតក្នុងការកាត់បន្ថយកំដៅពិភពលោកក៏ដោយ ដោយសារតែខ្លួនខ្វះខាតយន្តការអនុវត្តហ្មត់ចត់។
ទស្សនៈទាំងនេះមានសារៈសំខាន់ ដោយសារតែលោក ត្រាំ នឹងស្ថិតក្រោមសម្ពាធនយោបាយ និងការទូតដ៏ធំក្នុងការរក្សាទុកផ្នែកមួយនៃកិច្ចព្រមព្រៀងក្រុងប៉ារីស។ នេះនឹងជាកំហុសមួយផ្នែកដោយសារតែប្រធានាធិបតី អូបាម៉ា ចុះកិច្ចព្រមព្រៀងនោះដោយគ្មានការយល់ព្រមពីព្រឹទ្ធសភា។ តទៅមុខ កិច្ចព្រមព្រៀងអាកាសធាតុនោះក៏នឹងក្លាយជាគោលនយោបាយដែលអាមេរិក ជាអ្នកគោរពច្បាប់នោះ នឹងត្រូវតែធ្វើតាម ក្នុងខណៈដែលពិភពលោកទាំងមូលទទួលស្គាល់វា ដោយមិនគោរពតាម។
សម្រាប់រុស្ស៊ីវិញ ប្រវត្តិធុរកិច្ចដ៏យូររបស់លោក Tillerson នៅរុស្ស៊ីសមទទួលបានការផ្សព្វផ្សាយយ៉ាងខ្លាំង។ លោក Rex បាននិយាយថា គាត់មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយបុរសខ្លាំង Vladimir Putin ហើយច្បាស់ណាស់ថា គាត់មិនបានប្រឆាំងការដាក់ទណ្ឌកម្មរបស់អាមេរិកលើរុស្ស៊ី សូម្បីបន្ទាប់ពីលោក Putin បានលុកលុយនិងភ្ជាប់យកតំបន់ Crimea ពីអ៊ុយក្រែនក៏ដោយ។
លោក Tillerson អាចលើកឡើងពីផលប្រយោជន៍ពាណិជ្ជកម្មរបស់គាត់នៅពេលនោះ ដោយសារតែក្រុមហ៊ុន Exxon មានការវិនិយោគយ៉ាងធំនៅរុស្ស៊ី ដែលត្រូវបានរងគ្រោះដោយទណ្ឌកម្មនោះ។ សំណួរនោះគឺថា តើគាត់មើលឃើញការដាក់ទណ្ឌកម្មនិងការធ្វើការពាក់ព័ន្ធជាមួយរុស្ស៊ីដោយរបៀបណា ចេញពីទស្សនៈនៃផលប្រយោជន៍និងតម្លៃជាតិរបស់អាមេរិក។
លោក ត្រាំ បានស្នើឲ្យមានទំនាក់ទំនងប្រសើរឡើងជាមួយវិមាន Kremlin ហើយយើងមិនច្បាស់ទេថា គោលនយោបាយរបស់គាត់នៅរុស្ស៊ីនឹងជោគជ័យនោះទេ។ លោក អូបាម៉ា បានស្វះស្វែងរកដំណោះស្រាយ ប៉ុន្តែនៅទីបំផុតបែរទៅជាបញ្ជូនសារខ្សោយមួយដែលលើកទឹកចិត្តឲ្យរុស្ស៊ីបង្ករចលាចលដល់អាមេរិក ចាប់ពីបណ្តារដ្ឋនៅបាល់ទិក ហូតដល់ប្រទេសអ៊ុយក្រែន និងទូទាំងតំបន់មជ្ឈឹមបូព៌ា។ តើលោក Tillerson នឹងបញ្ជៀសលទ្ធផលដូចគ្នានោះដោយរបៀបណា?
ការតែងតាំងលោក Tillerson អាចជាចំណុចសម្រាប់ការជជែកដេញដោលលើការលួចយកទិន្នន័យតាមអ៊ីនធឺណិតដើម្បីលូកដៃចូលក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក។ ពួកប្រជាធិបតេយ្យក្លាយជាអ្នកប្រើកម្លាំងដើម្បីដោះស្រាយសារជាថ្មី។ កាន់តែគ្រោះថ្នាក់សម្រាប់ឱកាសនៅព្រឹទ្ធសភារបស់លោក Tillerson នោះគឺការមន្ទិលពីព្រឹទ្ធសមាជិក John McCain, Lindsey Graham និង Marco Rubio ដែលនិយាយច្បាស់ថា “មិត្តភ័ក្ររបស់ Vladimir” មិនមែនមានលក្ខណៈសម្បត្តិសម្រាប់រដ្ឋមន្ត្រីការបរទេសនោះទេ។
លោក ត្រាំ នឹងបង្កើតទិសដៅគោលនយោបាយការបរទេសរបស់គាត់ ប៉ុន្តែគាត់ក៏មានការរៀនសូត្រស៊ីជម្រៅដែលនឹងធ្វើឲ្យទីប្រឹក្សារបស់គាត់កាន់តែសំខាន់នៅក្នុងឆ្នាំដំបូងដែរ។ ព្រឹទ្ធសភាគួរតែជួយផ្តល់ការគាំទ្រដល់លោក Tillerson នៅក្នុងបរិបទនោះ៕
ប្រភព៖ Wall Street Journal ចុះថ្ងៃ១៤ ខែធ្នូ ឆ្នាំ២០១៦