ភ្នំពេញ ៖ ដោយមើលឃើញពីសារៈសំខាន់នៃសួនច្បារ ពោលគឺមិនត្រឹមតែជាកន្លែងដើរកម្សាន្ត និងលើកសោភណ្ឌភាពរាជធានីភ្នំពេញប៉ុណ្ណោះទេ ប៉ុន្តែសួនច្បារនាពេលបច្ចុប្បន្នបានក្លាយជាកន្លែងហាត់ប្រាណយ៉ាងពេញនិយមបំផុត ពីសំណាក់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ មិនថាជាមនុស្សចាស់ ឬក្មេងឡើយ។
ដើម្បីជាការលើកសោភណ្ឌភាពរាជធានីភ្នំពេញ និងម្យ៉ាងទៀតដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការហាត់ប្រាណ ដើម្បីសុខភាពនោះ រដ្ឋបាលរាជធានីភ្នំពេញគ្រោងធ្វើការជួសជុលកែលំអសួនច្បារខាងកើតDNចាប់ពីក្ដាន់២ ដល់ផ្លូវលេខ១៣៤មុខផ្ទះលោក ហុក ឡង់ឌី ក្នុងភូមិសាស្ត្រខណ្ឌ៧មករា ហើយគម្រោងនេះនឹងស្ថាបនាឱ្យរួចរាល់នៅមុនចូលឆ្នាំខ្មែរ២០១៧ខាងមុខនេះ។
មន្ត្រីរដ្ឋបាលរាជធានីបានឲ្យដឹងថា សួនខាងលើនេះកាលពីជិត៩ឆ្នាំមុន រដ្ឋបាលរាជធានីភ្នំពេញបានជួសជុលម្ដងហើយ ដោយបានដាក់ឧបករណ៍ហាត់ប្រាណនៅទីនោះសម្រាប់ប្រជាពលរដ្ឋមកហាត់ប្រាណដោយឥតគិតថ្លៃផង តែក្រោយមក មិនសូវមានការថែទាំ បណ្ដាលឱ្យបែកបាក់ ខូចខាតយ៉ាងធ្ងន់ធ្ងរ។
ដើម្បីបានពិនិត្យភាពជាក់ស្ដែងនៃសួនច្បារនេះ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស អមដោយមន្ត្រីបច្ចេកទេសរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ បានអញ្ជើញចុះត្រួតពិនិត្យសួនច្បារ នៅតាមបណ្ដោយផ្លូវលេខ១៧១ និងផ្លូវ១៦៩ ដើម្បីកែលំអសោភ័ណ្ឌភាពឲ្យកាន់តែស្រស់បំព្រងថែមទៀត ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋទាំងអស់លំហែកម្សាន្ត និងលេងកីឡា។
មន្ត្រីរដ្ឋបាលរាជធានីបានបញ្ជាក់ដែរថា សួនច្បារខាងកើតដេអិន(DN)នេះ ស្ថិតនៅលើទីតាំងមួយចន្លោះផ្លូវលេខ១៧១និងផ្លូវលេខ១៦៩ចាប់ពីខាងត្បូងក្ដាន់២រហូតដល់ផ្លូវលេខ១៣៤ត្រឹមមុខផ្ទះលោក ហុក ឡង់ឌី តាមគម្រោងសួនច្បារនេះអនុវត្តដោយក្រុមហ៊ុន ឯកជនមួយនិងមានការតាមដានបច្ចេកទេសពីមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ៕