(ភ្នំពេញ)៖ លោក ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ អំពាវនាវដល់កីឡាករ កីឡាការិនីទាំងអស់ខិតខំថែមទៀតដើម្បីជាមុខមាត់របស់ប្រទេសជាតិ និងកងយោធពលខេមរភូមិន្ទ។ លោក បានថ្លែងដូចនេះ ក្នុងឱកាសចូលរួមក្នុងពិធីបូកសរុបការងារកីឡាឆ្នាំ២០១៦ នៅពហុកីឡាកងយោធពលខេមរភូមិន្ទ(ស្តាតចាស់) នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦នេះ ។
យោងតាមរបាយការណ៍ លោកឧត្តមសេនីយ៍ឯក តែម មឺន នាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទបានបញ្ជាក់ថា ក្នុងឆ្នាំ២០១៦ បានសហការជាមួយក្រសួងអប់រំយុវជននិងកីឡាគណៈកម្មាធិការជាតិអូរឡាំពិកកម្ពុជាក្នុងឆ្នាំ២០១៦កន្លងទៅទទួលបានមេដាយថ្នាក់ជាតិ និងអន្តរជាតិចំនួន១៧៨ ពានចំនួន១៣ ស្រោមដៃមាស២ ។
លោក ម៉ឹង សំផន ក៏បានកោតសរសើរចំពោះគ្រូបង្វឹក និង កីឡាករ កីឡាការីនីទាំងអស់ ដែលបានខិតខំអស់ពីកម្លាំងកាយចិត្តក្នុងការហ្វឹកហាត់ទាំងគ្រូទាំងកីឡាករ ក្នុងកងយោធពលខេមរភូមិន្ទ រហូតពេលនេះកីឡាករ កីឡាការីនី បានដណ្តើមបានមេដាយជូនជាតិជាច្រើនហើយថ្មីៗនេះកីឡាករប៉េតង់កងយោធពលខេមរភូមិន្ទយើងបានមេដៃមាសលើពិភពលោកគឺ លោកវរៈសេនីយ៍ សុខ ចាន់មាន ដែលជាមោទនភាពក្រៃលែងសម្រាប់មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ក៏ដូចជារាជរដ្ឌាភិបាល ដោយបានការកោតសរសើរពីប្រមុខរដ្ឋាភីបាល បានអបអរនិងកោតសរសើរ ដោយបានផ្តល់ជាថវិកា និងឋានន្តរសក្តិផងដែរ។
លោក ម៉ឹង សំផន ក៏បានមានប្រសាសន៍បន្តថា មិនមែនជារឿងធម្មតាទេក្នុងពិភពលោកគឺមានការបញ្ជូនចូលរួមប្រកួតពីបណ្តាប្រទេសជាច្រើនមកដណ្តើមមេដាយ ជាកិត្តិយសសម្រាប់កងយោធពលខេមរភូមិន្ទ និងប្រទេសជាតិយើង។ លោក ក៏បានផ្តាំផ្ញើដល់កីឡាករ កីឡាការិនីទាំងអស់បន្តការខិតខំថែមទៀតដោយប្រឹងប្រែងហ្វឹកហាត់បន្ថែមដើម្បីជាមុខមាត់របស់ប្រទេសជាតិ និងកងយោធពលខេមរភូមិន្ទ៕