ស្វាយរៀង៖ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦នេះ លោក ហ៊ុន ម៉ាណែត អគ្គលេខាធិការរង គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល សមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយ សមាជិកសមាគមអតីតយុទ្ធជនកម្ពុជាចំនួន៥៦៨នាក់ នៅក្រុងបាវិត ស្រុកចន្ទ្រា និងស្រុកកំពង់រោទ៍ខេត្តស្វាយរៀង។
ការជួបសំណេះសំណាល និងសួរសុខទុក្ខនេះ បានធ្វើឡើងនៅសាលាក្រុងបាវិត ក្រុងបាវិត ដោយមានសមាជិកអតីតយុទ្ធជនកម្ពុជាមកពីក្រុងបាវិត និងស្រុកចន្ទ្រាចំនួន២៧១នាក់ ចាប់ពីវេលាម៉ោង៨ដល់ម៉ោង៩៖៣០នាទីព្រឹកថ្ងៃនេះ។ បន្ទាប់ពីបញ្ចប់ការសំណេះសំណាលរួចមក លោក ហ៊ុន ម៉ាណែត បានដឹកនាំក្រុមការងារចុះទៅជួបជាមួយ បងប្អូនសមាជិកអតីតយុទ្ធជនកម្ពុជាមកពីស្រុកកំពង់រោទ៍ ចំនួន២៩៧នាក់ នៅក្នុងបរិវេណវត្តរោទ៍។
លោក ហ៊ុន ម៉ាណែត បានផ្តាំផ្ញើការសួរសុខទុក្ខពីលោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងភរិយា តែងតែគិតគូរជាប្រចាំចំពោះការរស់នៅ និងប្រកបរបររកចិញ្ចឹមជីវិតរបស់បងប្អូន ហើយចាត់ឲ្យក្រុមការងារទាំងអស់តាមដាន និងចុះសួរនាំដោយផ្ទាល់ផងដែរ។
លោក ហ៊ុន ម៉ាណែត ក្នុងនាមលោក ហ៊ុន សែន ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនទាំងអស់ ដែលធ្លាប់បានចូលរួមបូជាទាំងកម្លាំងកាយ កម្លាំងចិត្តគ្រប់បែបយ៉ាង សម្រាប់មាតុភូមិរបស់យើងនាពេលអតីតកាល និងរហូតមកដល់ពេលនេះ៕