មេបក្សប្រឆាំងម្នាក់អំពាវនាវ «ធ្វើបដិវត្តន៍ប្រជាជន» ក្រោយឃើញក្រុមបាតុករបារាំងមិនទាន់ពេញចិត្តអ្វីដែលលោក ម៉ាក្រុង ទើបផ្តល់ឲ្យ

ថ្ងៃអង្គារ ទី ១១ ធ្នូ ២០១៨​
17

ប៉ារីស៖ ការធ្វើសម្បទាន​របស់ប្រធានាធិបតី​បារាំង លោក អែមម៉ានុយអែល ម៉ាក្រុង មិនបានធ្វើឱ្យ​ក្រុមបាតុករ​អាវកាក់​ពណ៌លឿងស្ងប់ចិត្តនោះទេ ខណៈក្រុម​អ្នកនយោបាយ​ប្រឆំាងមួយចំនួន​នៅក្នុងប្រទេស​បារាំង ដូចជាលោក ហ្សង់ លុច មេឡង់ឆុង (Jean-Luc Mélenchon) បានឆ្លៀតអំពាវនាវ​ឱ្យមានការធ្វើបដិវត្តន៍​ប្រជាជន (citizen’s revolution) រហូតដល់ការចែករំលែកប្រកបដោយតម្លាភាពត្រូវបានសម្រេចឡើង។ នេះបើតាម​ការចេញផ្សាយ​ដោយសារព័ត៌មាន Russian Today (RT) នៅរសៀលថ្ងៃអង្គារ ទី១១ ខែធ្នូ ឆ្នាំ២០១៨។

ការអំពាវនាវរបស់លោក Mélenchon ធ្វើឡើងភ្លាមៗ​បន្ទាប់ពី​លោក ម៉ាក្រុង ប្រកាសពីភាព​អា​សន្នផ្នែកសេដ្ឋកិច្ច និងសង្គម​នៅក្នុង​ប្រទេសបារាំង ក៏ដូចជាផ្ដល់សម្បទាន​មួយចំនួនជាការឆ្លើយតប​ ទៅនឹងការទាមទារ​របស់ក្រុមបាតុករ​អាវកាក់ពណ៌​លឿង។ លោក Mélenchon បាន​ស​រសេរ​នៅលើ Twitter លោកយ៉ាងដូច្នេះថា «ខ្ញុំជឿជាក់ថា ការធ្វើបាតុកម្ម​តវ៉ាជាលើកទី ៥ នៃបដិវត្តន៍ប្រជាជននៅ​ក្នុងប្រទេសរបស់យើង​ នៅថ្ងៃសៅរ៍ចុង​សប្ដាហ៍នេះ នឹងក្លាយជាពេល​វេលាមួយ​ដ៏អស្ចារ្យ… ប៉ុន្តែជាការ​ពិតណាស់ ខ្ញុំចង់ឱ្យការ​សម្រេចចិត្តណា​មួយគឺត្រូវបានធ្វើឡើ​ង​ដោយប្រជាជន​បារាំង»។

គួរបញ្ជាក់ថា លោក ម៉ាក្រុង បានសន្យា​នៅក្នុងសុន្ទរកថា​​តាមកញ្ចក់ទូរទស្សន៍​នៅថ្ងៃចន្ទសប្ដាហ៍នេះ​ថា ប្រាក់ឈ្នួលអប្បបរមា​នឹងត្រូវបានបន្ថែម ១០០​អឺរ៉ូ ក្នុងមួយខែ​ចាប់ពីឆ្នាំ២០១៩ តទៅ​។ លើសពីនេះទៅទៀត គម្រោងតំឡើងពន្ធសម្រាប់និវត្តន៍ជន​ដែលមានប្រាក់ចំណូលទាប​នឹងត្រូវលុបចោល រីឯប្រាក់បន្ថែម​ម៉ោងក៏មិនត្រូវជាប់ពន្ធដែរ ខណៈនិយោជកត្រូវបានលើក​ទឹកចិត្ត ឱ្យផ្ដល់ប្រាក់​ឧបត្ថម្ភ​បំណាច់ឆ្នាំដល់​​នាយាជិក ដែលជាប់ពន្ធ។ ដោយឡែកជុំវិញការធ្វើបាតុកម្មតវ៉ាឯណោះវិញ ក្រសួងមហា​ផ្ទៃបារាំង បានឱ្យដឹងថា មនុស្សច្រើនជាង៤,៥០០នាក់ត្រូវបានចាប់ខ្លួន ហើយក្នុង​នោះ ៤,០៩៩នាក់ កំពុងជាប់ឃុំនៅឡើយ ខណៈមនុស្ស​០៤នាក់ហើយបានស្លាប់ គិតចាប់តាំងពីបាតុកម្ម បាន​ផ្ទុះឡើងកាល​ពីថ្ងៃទី១៧ ខែវិច្ឆិកាមក។ ប្រ​សិនបើកិច្ចចរចា​រវាងរដ្ឋាភិបាលបារាំង និងក្រុមបាតុករ​អាវកាក់​ពណ៌​លឿង​នៅតែមិន​ត្រូវគ្នាទៀត​នោះ​ មហាបាតុកម្ម​អាចនឹងផ្ទុះឡើង​​ជាលើកទី ៥ នៅចុង​សប្តាហ៍​នេះ៕

ប្រភព៖ Fresh News

ចែករំលែក

បញ្ចេញយោបល់