គោលនយោបាយ «ចិនតែមួយ» គឺវាហួសសម័យទៅហើយ។ តើតាមពិត ការផ្លាស់ប្តូរនេះ នឹងទៅជាយ៉ាងណា? ប្រធានាធិបតីជាប់ឆ្នោតអាមេរិក Donald Trump បានប្រាប់សារព័ត៌មាន Fox News ថា សហរដ្ឋអាមេរិក «មិនបានជាប់កាតព្វកិច្ចនឹងគោលនយោបាយចិនតែមួយនោះទេ លុះត្រាតែយើងធ្វើកិច្ចព្រមព្រៀងជាមួយនឹងចិន ដែលត្រូវធ្វើជាមួយគ្នាលើបញ្ហាដទៃទៀត រាប់បញ្ចូលទាំងពាណិជ្ជកម្មផងដែរ»។
គ្រាន់តែរយៈពេលមួយសប្តាហ៍ បន្ទាប់ពីមានការបង្កើតគោលនយោបាយការបរទេសដែលគួរឱ្យភ័យព្រួយ ដោយទទួលការហៅទូរស័ព្ទអបអរសាទរពីប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen ដែលការសន្ទនានេះ បានធ្វើឱ្យមានការភ័យខ្លាចកាន់តែខ្លាំង ហើយថាប្រធានាធិបតីអាមេរិកថ្មីរូបនេះ នឹងផ្តាច់ទំនាក់ទំនងរយៈពេល៣៧ ឆ្នាំ រវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន។
សកម្មភាព ដែលបង្កើតឡើងមិនច្បាស់លាស់ គឺបានធ្វើឱ្យអាមេរិក និងចិនមានការយល់ផ្សេងៗគ្នា ថាតើអនាគតរបស់កោះតៃវ៉ាន់ នឹងត្រូវបានគេកំណត់ដោយរបៀបណា ដោយសារតែកុំឱ្យបាក់មុខបាក់មាត់គ្នាទៅវិញទៅមកសម្រាប់ការបង្កើតទំនាក់ទំនងការទូតជាផ្លូវការ។ ចិនទប់ទល់ទៅនឹងសភាពការណ៍ប្រែប្រួល ដោយសារតែរដ្ឋាភិបាលបានទទួលយោបល់ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដែលលោក Trump នឹងអាចពិចារណាចំពោះទំនាក់ទំនងការទូតដែលមានភាពចម្រូងចម្រាសខ្លាំង។ សូម្បីតែអ្នកដែលគាំទ្រយ៉ាងខ្លាំងលើកោះតៃវ៉ាន់ ជាពិសេសប្រជាជនតៃវ៉ាន់ខ្លួនឯង បានបង្ហាញនូវក្តីកង្វល់ថា អនាគតលទ្ធិប្រជាធិបតេយ្យនៃកោះតៃវ៉ាន់អាចត្រូវបានដាក់អនុវត្តន៍ដោយរដ្ឋបាលអាមេរិក ថាគ្រាន់តែជាការតថ្លៃទំនាក់ទំនងការទូតរវាងចិន និងអាមេរិកតែប៉ុណ្ណោះ។ អស់រយៈពេលជាង២០ ឆ្នាំ គោលនយោបាយអាមេរិកបានប្រកាសពីអនាគតរបស់កោះតៃវ៉ាន់ គឺនៅតែជាបញ្ហាសម្រាប់ប្រជាជនតៃវ៉ាន់ដែលត្រូវធ្វើការសម្រេចចិត្ត។
មុនពេលធ្វើការរិះគន់ដែលហួសឆ្ងាយពីការពិតនោះ វាជាការដែលអាចទទួលស្គាល់បានថា ស្ថានភាពជាក់ស្តែងនេះគឺគ្មាននិរន្តភាពទេ។ ប្រជាជនតៃវ៉ានចង់បាន និងសមនឹងទទួលបាននូវការគោរព និងការចូលរួមជាលក្ខណៈអន្តរជាតិដ៏ធំធេង ខណៈដែលប្រទេសចិន ដែលក្នុងនាម «ជាអ្នកបង្រួបបង្រួម» បានបង្កើននូវការគំរាមកំហែងដោយយោធារបស់ខ្លួន ដើម្បីកាត់ផ្តាច់កោះតៃវ៉ាន់ចេញពីឯករាជ្យជាក់ស្តែង និងប្រជាធិបតេយ្យ ដែលខ្លួនទទួលបានរួចមកហើយ។ គោលនយោបាយមិនច្បាស់លាស់របស់អាមេរិក បានធ្វើឱ្យប្រទេសទាំងពីរប្រឈមកម្លាំងដាក់គ្នាដោយមិនអាចចៀសរួច។
ដើម្បីធ្វើឱ្យមានការយកចិត្តទុកដាក់ពីទីក្រុងប៉េកាំង និងបន្ធូរបន្ថយនូវក្តីកង្វល់របស់កោះតៃវ៉ាន់ ចំណុចចាប់ផ្តើមដែលបានប្រកាសឱ្យមានការចរចាណាមួយគួរតែដោះស្រាយលើបញ្ហានេះ៖ រាល់ការផ្លាស់ប្តូរណាមួយនៅក្នុង «គោលនយោបាយចិនតែមួយ» ដែលហួសសម័យរបស់អាមេរិក នឹងស្ថិតនៅក្នុងទិសដៅមួយ មិនមែនជាគោលការណ៍ហួសសម័យរបស់ចិនទេ ក៏ប៉ុន្តែជាគោលនយោបាយឆ្ពោះទៅរកបែបតថភាពជាក់ស្តែង និងថ្មីមួយ ដែលហៅថា «ចិនមួយ តៃវ៉ាន់មួយ»។
គោលការណ៍ជាមូលដ្ឋានសំខាន់ៗមួយចំនួន គួរតែដឹកនាំឱ្យមានការចរចាដែលអាចនាំឱ្យមានកិច្ចព្រមព្រៀងទ្វេភាគី ឬត្រីភាគីថ្មី។
ទី១ គោលនយោបាយចិនតែមួយរបស់ទីក្រុងវ៉ាស៊ីនតោន គឺមិនដូចគ្នាទៅនឹងគោលការណ៍ចិនតែមួយនោះទេ។ ជំហររបស់ពួកគេរៀងៗខ្លួន ត្រូវបានធ្វើឡើងក្នុងសេចក្តីប្រកាសរួមនៅទីក្រុងសៀងហៃឆ្នាំ១៩៧២ ដែលបានចុះហត្ថលេខាដោយប្រធានាធិបតីអាមេរិក Richard Nixon និងនាយករដ្ឋមន្រ្តីចិន Zhou En-lai។ គោលការណ៍ចិនតែមួយដែលទីក្រុងប៉េកាំងបានប្រកាសនាពេលនោះ គឺថាតៃវ៉ាន់ជាផ្នែកមួយរបស់ចិន។
ទី២ គោលនយោបាយចិនតែមួយ មានភាពចន្លោះប្រហោងចាប់តាំងពីការចាប់ផ្តើមដំបូងម្លេះ ហើយមានការលំបាកពីមួយពេលទៅមួយពេល។
នៅពេលដែលទីក្រុងវ៉ាស៊ីនតោនបានចាប់ផ្តើម ខ្លួនពុំមានភាពច្បាស់លាស់ពីអនាគតរបស់កោះតៃវ៉ាន់ទេ និងបានទុកវាទៅឱ្យមហាអំណាចទាំងពីរដើម្បីធ្វើការឱ្យទទួលបានសុខសន្តិភាព វាបានកើតឡើងដូច្នេះមែន ដោយនិយាយថា ចិនទាំងអស់ស្ថិតនៅសងខាងកោះតៃវ៉ាន់ ដែលបានយល់ព្រមចំពោះគោលដៅចិនតែមួយ៕
(ប្រភព: The Diplomat ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦)