នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០១៦នេះ ការធ្វើសមយុទ្ធយោធារវាងកម្ពុជា-ចិន ដែលមានឈ្មោះថា «លំហាត់នាគមាសឆ្នាំ២០១៦» បានចាប់ផ្តើមហើយ នៅក្នុងខេត្តកំពង់ស្ពឺ។ សមយុទ្ធនេះ ជាការហាត់សមរួមគ្នារវាងកងយោធពលខេមរភូមិន្ទកម្ពុជា ជាមួយកងទ័ពប្រជាជនចិន ដែលត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ។
ក្នុងឱកាសនោះផងដែរ លោក ប៉ុល សារឿន បានបញ្ជាក់ថា លំហាត់នេះជាការផ្លាស់ប្តូរបទពិសោធន៍ និងកសាងសមត្ថភាពកងទ័ពឱ្យទទួលបានជំនាញថ្មីបន្ថែមទៀត លើកិច្ចការ មនុស្សធម៌ ការសង្គ្រោះជីវិតក្នុងពេលជួបគ្រោះមហន្តរាយនានា ជាពិសេសការផ្សាភ្ជាប់យ៉ាងជ្រាលជ្រៅទៅនឹងកិច្ចសហប្រតិបត្តិការ រិតចំណងមេត្រីភាព រវាងកងទ័ពប្រទេសទាំងពីរ។
លោកប៉ុល សារឿន លើកឡើងពីការជឿជាក់ថា ការធ្វើលំហាត់ហ្វឹកហ្វឺនជាលើកដំបូងជាមួយកងទ័ពប្រជាជនចិននាពេលនេះ និងឆ្លើយតបយ៉ាងត្រឹមត្រូវ ក្នុងកិច្ចសហការទាំងថ្នាក់ជាតិ អន្តរជាតិ ដើម្បីទប់ស្កាត់ និងកាត់បន្ថយបញ្ហាប្រឈមទាំងឡាយ ដែលមានផល ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មនុស្សជាតិ។
លោក Huang Ming អគ្គមេបញ្ជាការអង្គកងទ័ពទី៤១ នៃការរំដោះប្រជាជនចិន បានថ្លែងថា ចិននឹងពង្រឹងកិច្ចសហការផ្នែកកងទ័ពរវាងចិន-កម្ពុជា ដោយមិន មានថ្ងៃងាករេ ឡើយ ហើយសន្យាថា នឹងរួមសុខទុក្ខជាមួយកម្ពុជា ទោះនៅក្នុងកាលៈទេសៈណាក៏ដោយ៕