ត្រាំ នឹង​ដឹងខ្លួន​នៅពេល​អាមេរិក​គ្មាន​ឥទ្ធិពល

ថ្ងៃព្រហស្បតិ៍ ទី ១៥ ធ្នូ ២០១៦​
112

នៅខែកុម្ភៈ ឆ្នាំ ១៩៤៥ នៅពេលផុតរលត់សង្គ្រាមលោកលើកទីពីរ លោក Franklin D. Roosevelt, Joseph Stalin និង Winston Churchill បានជួបគ្នានៅ Yalta ជាទីក្រុងរមណីដ្ឋានរុស្ស៊ីមួយនៅតំបន់ Cremea ដើម្បីពិចារណាលើទិសដៅនៃសង្គ្រាមនិងសន្តិភាពដែលត្រូវបង្កើតឡើង។ ពួកគេយល់ស្របគ្នាទៅនឹងសណ្តាប់ធ្នាប់មួយនៅពេលក្រោយសង្គ្រាមដែលគ្រប់គ្រងដោយ “អ្នកការពារចំនួន ៤” របស់លោក Roosevelt គឺអាមេរិក រុស្ស៊ី អង់គ្លេស និងចិន។

លោក Roosevelt ជឿថា គាត់អាចបញ្ចុះបញ្ចូលលោក Stalin ឲ្យរក្សាការប្តេជ្ញាចិត្តនៅ Yalta របស់គាត់ចំពោះសន្តិសុខរួមនិងទ្វីបអឺរ៉ុបមិនបែកបាក់។ លោក Stalin មានទស្សនៈផ្សេងទៅវិញ គឺ ពិភពលោកដែលកំណត់ដោយដែនឥទ្ធិពលដែលមានកម្លាំងខ្លាំងជាងគេជាអ្នកមានឥទ្ធិពល។ នៅក្នុងដែនរបស់សូវៀត ភាពខ្មៅងងឹតបានគ្របទៅលើអឺរ៉ុបភាគខាងកើតអស់ ៤៥ ឆ្នាំ។

វាបានធ្លាក់ទៅលើប្រធានាធិបតី Harry Truman ជាអ្នកទប់ទល់នឹងការវាទីរបស់សូវៀត។ គាត់បានសាងសង់សម្ព័ន្ធភាពនៅពេលសន្តិភាពជាលើកដំបូងរបស់អាមេរិក ដោយចាប់ផ្តើមនៅក្នុងអឺរ៉ុបខាងលិច និងបន្ទាប់មកនៅអាស៊ី។ អាមេរិកបាននាំមុខក្នុងការបង្កើតបទដ្ឋាន ច្បាប់ និងស្ថាប័ននៃអ្វីដែលបានក្លាយទៅជាសណ្តាប់ធ្នាប់អន្តរជាតិសេរី រាប់បញ្ចូលទាំងអង្គការសហប្រជាជាតិ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងផែនការស្តារអឺរ៉ុបខាងលិចឡើងវិញ។

សណ្តាប់ធ្នាប់សេរីដែលដឹកនាំដោយអាមេរិកគាំទ្រពិភពលោកបើកចំហដែលភ្ជាប់ដោយលំហូរដោយសេរីរបស់មនុស្ស ទំនិញ គំនិត និងដើមទុន ជាពិភពលោកមួយដែលយកមូលដ្ឋានក្នុងគោលការណ៍នៃស្វ័យសម្រេច និងអធិបតេយ្យសម្រាប់ប្រទេសទាំងអស់ និងសិទ្ធិមូលដ្ឋានសម្រាប់ពលរដ្ឋរបស់គេ។ វាពិតជាមិនបានសម្រេចតាមគំនិតនោះ ជារឿយៗនៅអាមេរិកឡាទីន និងតំបន់អាស៊ីអាគ្នេយ៍។ ប៉ុន្តែ ទោះបីជាភាពតានតឹងយ៉ាងខ្លាំងនៃសង្គ្រាមត្រជាក់ក៏ដោយ ក៏វាបានបង្កើតសន្តិភាពអស់ជាច្រើនទសវត្សរ៍រវាងពួកមហាអំណាច ក្នុងខណៈពេលកំពុងបង្កើនភាពរុងរឿងរួមគ្នា។

សណ្តាប់ធ្នាប់ក្រោយសង្គ្រាមដែលអាមេរិកបានបង្កើតឡើង ឥឡូវនេះ កំពុងជួបការប្រឈមយ៉ាងខ្លាំង រាប់បញ្ចូលទាំងអ្នកប្រកួតប្រជែងចាស់ៗផង។ ប្រធានាធិបតីរុស្ស៊ី Vladimir Putin មិនមែនជាលោក Stalin ទេ ហើយរុស្ស៊ីក៏មិនមែនជាសហភាពសូវៀតដែរ។ ប៉ុន្តែលោក Putin ពិតជាស្វះស្វែងបង្កើតឡើងវិញនូវដែនឥទ្ធិពលរុស្ស៊ី ក្នុងខណៈងាកចេញពីសណ្តាប់ធ្នាប់អន្តរជាតិសេរី ដែលមានឥទ្ធិពលនៅក្នុងសង្គ្រាមត្រជាក់។ ចិននៅតែផ្តោតលើស្ថិរភាពក្នុងស្រុក ប៉ុន្តែ “គំរូថ្មីនៃទំនាក់ទំនងរបស់មហាអំណាច” ដែលខ្លួនបានស្នើដល់អាមេរិកនោះនឹងធ្វើឲ្យយើងស្ថិតនៅម្ខាងនៃតំបន់ប៉ាស៊ីហិ្វក និងអនុញ្ញាតឲ្យចិនដើរតួនាទីកាន់តែសំខាន់នៅភាគម្ខាងទៀតនៃតំបន់ប៉ាស៊ីហ្វិករបស់គេ។

សម្ព័ន្ធមិត្តរបស់អាមេរិកនៅអឺរ៉ុបនិងអាស៊ីកំពុងកង្វល់ទៅលើថា តើរដ្ឋបាល ដូណាល់ ត្រាំ នឹងច្រានចោលការលេចឡើងសារជាថ្មីនៃដែនឥទ្ធិពល ឬក៏គាំទ្រវា។ ពួកគេព្រួយបារម្ភថា លោក ត្រាំ ហាក់បីដូចជាយល់ស្របនឹងថ្នាក់ដឹកនាំ “ខ្លាំង” របស់ពួកផ្តាច់ការ និងគាំទ្រវិធីសាស្ត្រមេដឹកនាំជាធំរបស់លោក Putin។ គាត់ស្ទើតែគ្មានបង្ហាញកង្វល់អំពីការលូកដៃចូលក្នុងប្រព័ន្ធអ៊ីនធឺណិតរបស់រុស្ស៊ីក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតរបស់យើង ឬភាពកម្រោលអ៊ុយក្រែន ក្នុងខណៈដែលលើកឡើងថា NATO គឺ “មិនយកមកប្រើការទៀតទេ”។ គាត់លើកឡើងថា អាមេរិកគួរតែដកខ្លួនចេញពីកិច្ចការនៃ “ការការពារពិភពលោក” និងចាត់ទុកជប៉ុននិងកូរ៉េខាងត្បូងថា ជាអ្នកដែលត្រូវទទួលខុសត្រូវដោយខ្លួនឯង ដែលគួរតែទទួលបន្ទុកក្នុងការពារខ្លួននិងបង្កើតសព្វាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួនរបស់គេ។

គាត់បានសន្យាទាត់ចោលកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក ដែលទុកឲ្យចិនដឹកនាំសេដ្ឋកិច្ចនិងបង្កើនឥទ្ធិពលយុទ្ធសាស្ត្រនៅអាស៊ី។ សម្រាប់មនុស្សជាច្រើននៅអាស៊ីនិងអឺរ៉ុប ការអះអាងបែបនេះស្មើទៅនឹងពិភពលោកមួយដែលអាមេរិករួញខ្លួនចូលក្នុងស្នូក ហើយរុស្ស៊ីនិងចិនគ្រប់គ្រងពួកគេទាំងនៅក្នុងដែននយោបាយនិងសេដ្ឋកិច្ច។

រដ្ឋការ អូបាម៉ា បានធ្វើឲ្យស៊ីជម្រៅលើផ្នែកនៃកិច្ចសហប្រតិបត្តិការជាមួយប៉េកាំង ចាប់ពីកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីស ការដោះស្រាយជម្ងឺឆ្លង Ebola កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ និងកូរ៉េខាងជើង រហូតដល់ផែនការរួមនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ ខ្លួនបានចរចាលើសន្ធិសញ្ញាកាត់បន្ថយអាវុធនុយក្លេអ៊ែរថ្មីមួយជាមួយម៉ូស្គូ និងជួយឲ្យរុស្ស៊ីចូលក្នុងអង្គការពាណិជ្ជកម្មពិភពលោក។

ប៉ុន្តែ នៅពេលរុស្ស៊ី ឬចិនកំពុងតែផ្ចាញ់គោលការណ៍នៃសណ្តាប់ធ្នាប់អន្តរជាតិសេរីនោះ អាមេរិកត្រូវតែក្រោកឈរទប់ទល់នឹងពួកគេ។ នៅអ៊ុយក្រែន លោក Putin បានស្វះស្វែងផ្លាស់ប្តូរព្រំដែនរបស់អ៊ុយក្រែនដោយប្រើកម្លាំង ក្នុងខណៈដែលបានបដិសេធប្រជាជនខ្លួននូវសិទ្ធិសម្រេចថា តើប្រទេស សហភាព ឬសម្ព័ន្ធមិត្តណាមួយដែលពួកគេចូលរួម។ វាជាមូលហេតុដែលការគាំទ្ររបស់អាមេរិកចំពោះអ៊ុយក្រែនមានសារៈសំខាន់។

ហើយការគាំទ្រខ្លាំងក្លារបស់យើងចំពោះច្បាប់អន្តរជាតិនៅសមុទ្រចិនខាងត្បូងក៏ដូចគ្នាដែរ។ នៅទីនោះ អកប្បកិរិយារបស់ចិនក្នុងការទាមទារផ្ទៃទឹកដ៏ធំធេងនិងសាងសង់សំណង់យោធាលើកោះសិប្បនិមិត្តនោះនឹងបំផ្លាញដល់សេរីភាពនៃការធ្វើនាវាចរ និងលំហូរពាណិជ្ជកម្មដោយសេរីដែលភាពរុងរឿងរបស់យើងពឹងផ្នែកលើ គឺជាដំណោះស្រាយជម្លោះដោយសន្តិវិធីដែលផ្តល់ស្ថិរភាពនិងសិទ្ធិរបស់សម្ព័ន្ធមិត្តដែលយើងបានសន្យាការពារ។

ពិភពលោកមួយដែលមានដែនឥទ្ធិពលនឹងមិនសន្តិភាព ឬស្ថិរភាពទេ។ អាមរិកនឹងមិនធានាមិនផ្ទុះកំហឹងបានទេ។ អ្នកមានអនុត្តរភាពកម្រនឹងពេញចិត្តនឹងអ្វីដែលគេទទួលបានណាស់។ ការទាមទារពង្រីកតំបន់របស់គេ ព្រមទាំងការបះបោរនិងការសង្កត់សង្កិនក្នុងចំណោមពួកគេនឹងនាំឲ្យមានជម្លោះដែលនឹងទាញយើងចូល។ អាមេរិកនឹងត្រូវតែទទួលយកការបាត់ប្រយោជន៍ពាណិជ្ជកម្មជារៀងរហូត នៅពេលដែនឥទ្ធិពលសេដ្ឋកិច្ចច្រានយើងចេញ ឬបង្ករឲ្យមានការបាត់ប្រយោជន៍ដល់កម្មករ បរិស្ថាន កម្មសិទ្ធិបញ្ញា និងតម្លាភាព។

ការរួមចំណែកដ៏ធំធេងបំផុតរបស់អាមេរិកចំពោះសន្តិភាពនិងការរីកចម្រើនបាននិងកំពុងតែចាក់គ្រឹះដល់ពិភពលោកមួយដែលមានការតភ្ជាប់ បើកចំហ និងផ្អែកលើច្បាប់។ ឥឡូវនេះ យើងត្រូវតែសម្រេចចិត្តថា តើត្រូវតែបន្តការពារ ជួសជុល និងកសាងលើមូលដ្ឋានគ្រឹះនោះ ឬចូលរួមគំនិតកំទេចវាចោល៕

untitled
ប្រភព៖ The New York Times ចុះថ្ងៃ១៣ ខែធ្នូ ឆ្នាំ២០១៦

 

 

ចែករំលែក

បញ្ចេញយោបល់