ស្តេចប្រេងដែលជាមិត្តរបស់ពូទីនលោក Rex Tillerson ក្លាយជារដ្ឋមន្ត្រីការបរទេស អាមេរិក

ថ្ងៃពុធ ទី ១៤ ធ្នូ ២០១៦​
112

គេបានស្គាល់មុខរដ្ឋមន្ត្រីសំខាន់ៗនៃរដ្ឋបាលអាមេរិករបស់លោក ត្រាំ ហើយ ! នៅទីបំផុត ដូចពាក្យចចាមអារាមមែន លោកប្រធានាធិបតីទើបជាប់ឆ្នោតទើបបានអារកាត់សេចក្តីនៅថ្ងៃអង្គារនេះ តែងតាំងលោក Rex Tillerson កំពូលមហាសេដ្ឋីជាថៅកែក្រុមហ៊ុនប្រេង Exxon Mobil ឱ្យធ្វើជារដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក។ គ្រាន់តែបានស្គាល់អនាគតប្រមុខការទូតអាមេរិកថ្មីភ្លាមពាក្យរិះគន់ក៏ចាប់សាយភាយដែរ ព្រោះ Rex Tillerson ជាអ្នកជំនួញធំ ជាមិត្តជំនិតរបស់លោក ពូទីន ។

តើលោក Rex Tillerson មានប្រវត្តិរូបសង្ខេបយ៉ាងណា ?

មានកំណើតនៅរដ្ឋតិចសាស់ អាយុ៦៤ឆ្នាំ លោក Rex Tillerson នឹងក្លាយជាប្រមុខការទូតអាមេរិកបន្តពីលោក ចន ឃែរី ។ គ្មានបទពិសោធន៍នយោបាយ ក្នុងវិស័យសាធារណៈមែន ប៉ុន្តែលោកជាអ្នកជំនួញដ៏ធំ ជាអគ្គនាយកក្រុមហ៊ុនយក្សអាមេរិក ផ្នែកប្រេងនិងឧស្ម័ន Exxon Mobil ចរចារកស៊ីជាមួយស្ទើរគ្រប់ប្រទេសលើពិភពលោកតាំងពី៤០ឆ្នាំ។

ពីវេណេស៊ុយអេឡា ដល់យ៉េមែនកាត់ទៅគួដឌីស្ថានឆ្លងដល់រុស្ស៊ីលោក Rex Tillerson បានចងស្ពានមេត្រីពាណិជ្ជកម្ម យ៉ាងរឹងមាំដែលអាចជាប្រយោជន៍ខ្លាំងនៅពេលបំពេញតួនាទីជាប្រមុខការទូត។ នេះបើតាមការគិតរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានលើកសរសេរលោក Rex Tillerson ថាជាអ្នកចរចាពាណិជ្ជកម្ម កំរិតពិភពលោក។

កាន់តែពេញចិត្តលោក ត្រាំ ខ្លាំងទៀត មកពីលោក ជាមិត្តដ៏ស្និទ្ធស្នាលបំផុតរបស់លោក ពូទីន។ បុរសទាំងពីរបានស្គាល់គ្នា ១៥ ឆ្នាំហើយ តាំងពីលោក ពូទីន បានឡើងជាប្រធានាធិបតីរុស្ស៊ីដំបូងភ្លាម។ លោក ពូទីន ធ្លាប់ទាំងបានផ្តល់មេដាយមិត្តភាព ដោយផ្ទាល់ដៃដល់លោក Tillerson នៅឆ្នាំ២០១២ ក្រោយពីក្រុមហ៊ុន Exxon Mobil បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនរដ្ឋរុស្ស៊ីទៅខួងរកប្រេងនៅតំបន់អង់តាកទិចសមុទ្រខ្មៅ និងស៊ីបេរី។ កិច្ចសន្យានេះមានទំហំ ៥០០ពាន់លានដុល្លារតែត្រូវបង្កកសិន ដោយក្រុមហ៊ុនសុខចិត្តគោរពទណ្ឌកម្មដាក់ដោយរដ្ឋាភិបាលអាមេរិកប្រឆាំងនឹងរុស្ស៊ីពីបទចូលកាន់កាប់តំបន់គ្រីមេ របស់អ៊ុយក្រែននៅឆ្នាំ២០១៤។

ប៉ុន្តែការរិះគន់ក៏មានខ្លាំងដែរទាំងមកពីខាងបក្សប្រជាធិបតេយ្យ និងបក្សសាធារណរដ្ឋផ្ទាល់។ ព្រោះ មិត្តរបស់ពូទីន មិនមែនគុណសម្បត្តិសម្រាប់ក្លាយជាប្រមុខការទូត។ រវាងមហាសេដ្ឋី ស្និទ្ធនឹងរុស្ស៊ី និងរដ្ឋមន្ត្រីការបរទេស តើនឹងអាចមានវិបត្តិផលប្រយោជន៍ជាតិនិងឯកជនទេ?!

ជាចុងក្រោយលោក Rex Tillerson ត្រូវបញ្ជាក់ជំហរជុំវិញកិច្ចព្រមព្រៀងអន្តរអាត្លង់ទិក ព្រោះលោកធ្លាប់គាំទ្រ ឯលោកត្រាំចង់លុបចោល៕

(ប្រភព : វិទ្យុបារាំងអន្តរជាតិ ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦)

528412-tillerson-with-putin

ចែករំលែក

បញ្ចេញយោបល់