ក្រុមការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរាប្រចាំស្រុកពួកបាននាំយកកញ្ចប់ទ្រទ្រង់សុខមាលភាពមាតា និងទារក ជូនដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងឃុំដូនកែវ

ថ្ងៃពុធ ទី ១៤ ធ្នូ ២០១៦​
102

នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ក្រុមការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរាប្រចាំស្រុកពួកបាននាំយកកញ្ចប់ទ្រទ្រង់សុខមាលភាពមាតា និងទារក ទៅចែកជូនដល់ប្រជាពលរដ្ឋកំពុងរស់នៅក្នុងឃុំដូនកែវ។ ពិធីចែកជូននេះត្រូវបានធ្វើឡើងនៅក្នុងសាលាឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។
កញ្ចប់ទ្រទ្រង់សុខមាលភាពមាតា និងទារកចំនួន៣២កញ្ចប់ ត្រូវបានក្រុមការងារសហគនម៍របស់អាជ្ញាធរជាតិអប្សរាប្រចាំស្រុកពួក នាំយកទៅចែកជូនដល់គ្រួសារប្រជាពលរដ្ឋនៅក្នុងឃុំដូនកែវ។

ក្នុងពិធីនេះក៏មានការចូលរួមពីតំណាងអាជ្ញាធរជាតិអប្សរា តំណាងអាជ្ញាធរស្រុកពួក មេឃុំដូនកែវ រួមនិងប្រជាពលរដ្ឋប្រមាណ៥០នាក់។
ក្នុងពិធីនោះ លោក និន ចាន់សាមៀន ប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា បានរំលឹកពីប្រវត្តិនៃការបង្កើតស្ថាប័នអាជ្ញាធរជាតិអប្សរា ក៏ដូចជាតួនាទីក្នុងការអភិរក្ស និងគ្រប់គ្រងរមណីយដ្ឋានអង្គរនាពេលកន្លងមក។

ដោយសារកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរជាតិអប្សរា ទើបរមណីយដ្ឋានអង្គរមានភាពរីកចម្រើន ល្បីល្បាញជាលំដាប់ និងបានទាក់ទាញភ្ញៀវទេសចររាប់លាននាក់មកទស្សនារមណីយដ្ឋានប្រវត្តិសាស្រ្តមួយនេះក្នុងមួយឆ្នាំៗ។
លោក និន ចាន់សាមៀន ក៏បានឲ្យដឹងដែរថា ការផ្តល់កញ្ចប់ទ្រទ្រង់សុខមាលភាពមាតា និងទារកនេះ គឺជាការបង្ហាញទឹកចិត្តក្នុងការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដែលមានលោក សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិអប្សរាផងដែរ។ យុវជនជំនាន់ក្រោយពិតជាទំពាំងស្នងឫស្សីមិនអាចខ្វះបាន ដើម្បីចូលរួមថែរក្សាសម្បត្តិបេតិកភណ្ឌក្នុងរមណីយដ្ឋានអង្គរ។

លោក សាមៀនក៏បានស្នើសុំឲ្យប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់អង្គរ ត្រូវបន្តចូលរួមការពារ និងថែរក្សា អភិរក្សឧទ្យានអង្គរ ដែលជាមរតកដ៏មានតម្លៃរបស់ដូនខ្មែរឲ្យបានគង់វង្សស្ថិតស្ថេរជាដរាប។
គួរបញ្ជាក់ថា កញ្ចប់ទ្រទ្រង់សុខមាលភាពមាតា និងទារកដែលបានផ្តល់ជូននៅពេលនេះរួមមាន កន្រ្តក បំពង់ទឹកក្តៅ កន្សែងពោះគោ កូនមុង ស្រោមដៃស្រោមជើង ខោអាវទារក រួមនិងថវិកាមួយចំនួនទៀត។ គិតតាំងពីឆ្នាំ២០១៥ ដែលក្រុមសហគមន៍ត្រូវបានបង្កើតឡើង គឺជាលើកទី១២ហើយ ដែលក្រុមការងារបានចុះចែកទ្រទ្រង់សុខមាលភាពមាតា និងទារកដល់អ្នកឃុំដូនកែវ ដែលសរុបទាំងអស់មានចំនួន៣០៤កញ្ចប់៕
photo_2016-12-14_14-27-34 photo_2016-12-14_14-27-40 photo_2016-12-14_14-27-44 photo_2016-12-14_14-27-49 photo_2016-12-14_14-27-54 photo_2016-12-14_14-27-58 photo_2016-12-14_14-28-03

ចែករំលែក

បញ្ចេញយោបល់