ដើម្បីស្វែងយល់ និងសិក្សាពីស្ថានភាពជាក់ស្ដែងនៃការបំពេញការងារ និងសុខទុក្ខរបស់បងប្អូនពលករខ្មែរ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦នេះ ក្រុមការងារស្ថានទូតដឹកនាំដោយលោកឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានចុះសួរសុខទុក្ខ និងពិនិត្យមើលស្ថានភាពការងារជាក់ស្ដែងរបស់ពលករផ្នែកកសិកម្ម នៅចំការដំណាំចំនួនពីរកន្លែង នៅជាយទីក្រុងសេអ៊ូល។ គិតត្រឹមខែមេសា ឆ្នាំ២០១៦នេះ ពលករខ្មែរមកបម្រើការងារផ្នែកកសិកម្មនៅសាធារណរដ្ឋកូរ៉េ ក្រោមប្រព័ន្ធអនុញ្ញាតមុខរបរ (EPS-TOPIK) មានចំនួន 16,225 នាក់ (ស្រី ចំនួន 7,315នាក់)។
ក្រោយចុះពិនិត្យជាក់ស្ដែងក្រុមការងារសង្កេតឃើញថា ឥរិយាបថ និងលក្ខខណ្ឌការងារ រវាងថៅកែ និងពលករ គឺមានភាពល្អប្រសើរច្រើន និងបានគោរពសិទ្ធិគ្នាទៅវិញទៅមក តែទន្ទឹមនេះ ក៏នៅមានថៅកែ ឬមេកា មួយចំនួនមិនទាន់បានគោរពលក្ខខណ្ឌការងារនៅឡើយ ដែលនេះជាក្ដីកង្វល់របស់ស្ថានទូត ។
ជាមួយគ្នានេះដែរ ស្ថានទូត បាននិងកំពុងខិតខំប្រឹងប្រែងធ្វើការសហការជាមួយអង្គភាពអភិវឌ្ឍធនធានមនុស្សរបស់សាធារណរដ្ឋកូរ៉េ(HRD) ដើម្បីជួយអប់រំ ផ្សព្វផ្សាយដល់និយោជកឱ្យគោរពតាមលក្ខខណ្ឌការងារទាំងអស់គ្នា៕