ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ រវាងក្រសួងសាធារណការ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Korea Consultants International (KCI)

ថ្ងៃសុក្រ ទី ២ វិច្ឆិកា ២០១៨​
41

នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ ថុល បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Korea Consultants International (KCI) សម្រាប់ការងារត្រួតពិនិត្យ និងគាំទ្រការអនុវត្តគម្រោង ដែលមានតម្លៃទឹកប្រាក់ សរុបប្រមាណ ៣ ៣១៧ ៦៤០ ដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ៖ ក្រុមហ៊ុន KCI ទទួលបានទឹកប្រាក់ចំនួន២ ៨៨៤ ៩០៤ ដុល្លារសហរដ្ឋអាមេរិក។

សូមជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជាបានទទួលប្រាក់កម្ចីសម្បទាន ពីធនាគារ អភិវឌ្ឍន៍អាស៊ីលេខ. ៣៥៧៦-CAM (COL) ចំនួន ៧០លានដុល្លារអាមេរិក ដើម្បីអនុវត្តគម្រោងកែលម្អ និងលើកកម្រិតបណ្ដាញផ្លូវជាតិលេខ១ពីគីឡូ ម៉ែត្រ០៦៣+៣០០ដល់គីឡូម៉ែត្រ ១៥៩+០០០ (អ្នកលឿង-បាវិត) និងផ្លូវជាតិលេខ ៦ ពីគីឡូម៉ែត្រ ៣១៧+៦៣០ ដល់គីឡូម៉ែត្រ ៣៦៧-៥១២ (ក្រុងសៀមរាប-ក្រឡាញ់) មានប្រវែងសរុប ១៤៥,៥៨ គីឡូម៉ែត្រ ពីកម្រាលកៅស៊ូ DBST ទៅកម្រាលកៅស៊ូ AC ព្រមទាំងដាក់លូសងខាងផ្លូវដើម្បីរំដោះទឹកភ្លៀងផងដែរ។

គម្រោងនេះ គ្រោងចំណាយរយះពេល៥៤ខែ ពោលគឺរយៈពេលសាងសង់ ១៨ខែ និងថែទាំរយៈពេល៣៦ខែដោយចាប់ផ្ដើមអនុវត្តចាប់ពីខែមករា ឆ្នាំ២០១៩ ដល់ខែមិថុនា ឆ្នាំ២០២៣៕

ចែករំលែក

បញ្ចេញយោបល់