(ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ខាងមុខ ដែលជាថ្ងៃខួបកំណើតគម្រប់៦២ ឈានចូល ៦៣ឆ្នាំ របស់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ទ្រង់បានផ្ញើព្រះរាជសារជូនពរ ប្រកបដោយសេចក្តីកោតសរសើរយ៉ាងកក់ក្តៅជាទីបំផុតចំពោះលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
សម្តេចព្រះមហាក្សត្រី បានមានព្រះរាជបន្ទូលថា លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន គឺជាអ្នកសេ្នហាជាតិដែលបានបរិច្ចាគកម្លាំងកាយ-ចិត្ត និងធនធានចូលរួមក្នុងសកម្មភាពកសាងជាតិ មាតុភូមិ និងប្រជារាស្រ្តកម្ពុជា។ តាមរយៈសកម្មភាពប្រកបដោយស្មារតីសេ្នហាជាតិ មាតុភូមិ និងប្រជារាស្រ្តនេះ បានធ្វើឱ្យកិត្តិនាមរបស់លោកស្រី ប៊ុន រ៉ានី ល្បីរន្ទឺទទួលបានការកោតសរសើរ និងអំណរសាទរ ទាំងនៅលើឆាកជាតិ និងអន្តរជាតិ។
នៅក្នុងឱកាសនេះផងដែរ សម្តេចព្រះមហាក្សត្រី ក៏បានថ្វាយព្រះពរជ័យជូនលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ទទួលបានមហាជោគជ័យថ្មីទៀត ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជារាស្រ្តកម្ពុជា និងសូមបានប្រកបតែនឹងព្រះពុទ្ធពរ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕