​​​​​​​​​​​​​​​​​​​​​​​​​ការ​ងារ​សមរម្យ​នៅ​តែ​ជា​ក្តី​សុបិន្ត​សម្រាប់​​ប្រ​ទេស​​​ជា​ច្រើន​នៅ​ក្នុង​អា​ស៊ាន​ ​​​​

ថ្ងៃអង្គារ ទី ១៣ ធ្នូ ២០១៦​
114

ក្រុមអង្គការក្រៅរដ្ឋាភិបាលបាននិយាយថា ប្រទេសថៃ អាស៊ាន និងអនុតំបន់ទន្លេមេគង្គ នៅតែមិនមានបទបញ្ញត្តិដែលយកសិទ្ធិជាមូលដ្ឋានឱ្យបានសមរម្យ និងបណ្តាញសុវត្ថិភាពនៅកន្លែងការងារ ដើម្បីធានាឱ្យមានយុត្តិធម៌សម្រាប់ពលករចំណាកស្រុក។

លោក Brahm Press ដែលជានាយកមូលនិធិកម្មវិធីផ្តល់ជំនួយដល់ពលករចំណាកស្រុក (Migrants Assistance Program, MAP) មានមូលដ្ឋាននៅក្នុងខេត្តឈៀងម៉ៃ បាននិយាយថា បញ្ហានៃការងារសមរម្យបានល្បីរន្ទឺក្នុងចំណោមពលករចំណាកស្រុកនៅកម្រិតពិភពលោក និងនៅក្នុងប្រទេសថៃ។

គាត់បានថ្លែងនៅខាងក្រៅសន្និសីទមួយក្នុងទីក្រុងដាកានៃប្រទេសបង់ក្លាដេស កាលពីសប្តាហ៍មុនថា «ប្រទេសជាច្រើនបានរឹតត្បិតប្រភេទនៃការងាររបស់ពលករចំណាកស្រុកដែលអាចធ្វើបាន ដោយមិនគិតថាតើពួកគេមានជំនាញ ឬក៏គ្មានជំនាញ។ នៅក្នុងប្រទេសជាច្រើន ពលករចំណាកស្រុកធ្វើការដែលគ្មានជំនាញ ពួកគេត្រូវបានគេចាត់ទុកថាមិនសូវសំខាន់ ប៉ុន្តែជាកម្មករដែលអាចបង្កើនផលិតកម្មតាមរយៈការអភិវឌ្ឍជំនាញ»។

គាត់បាននិយាយថា ពលករចំណាកស្រុកបានទទួលប្រាក់ឈ្នួលប្រចាំថ្ងៃតិចតួចជាប្រព័ន្ធ ដោយបង្ខំឱ្យពួកគេធ្វើការលើសម៉ោង ហើយក្រោយមក ពួកគេប្រហែលជាមិនបានទទួលប្រាក់ឈ្នួលប្រចាំថ្ងៃអប្បបរមាផង។

នៅក្នុងប្រទេសថៃ និងបណ្តាប្រទេសជាច្រើនទៀតក្នុងតំបន់អាស៊ី ពលករចំណាកស្រុកបានជាប់គាំងដោយសារតែគោលនយោបាយមិនអាចបត់បែនបាន ដែលតម្រូវឱ្យពួកគេទ្រាំធ្វើការឱ្យនិយោជកតែម្នាក់គត់នៅប្រភេទការងារដដែលក្នុងទីតាំងមួយ ក្នុងគោលបំណងដើម្បីចង់ទទួលបានឯកសារស្របច្បាប់។

លោក Press បានកត់សម្គាល់ថា ការពិតគឺថា និយោជកបានប្រើកម្មកររបស់ខ្លួនឱ្យធ្វើការងារជាច្រើនមុខ ជារឿយៗនៅក្នុងទីតាំងផ្សេងៗគ្នា។ ហើយនៅពេលដែលពលករចំណាកស្រុកមានអារម្មណ៍ថា ត្រូវបានគេបោកប្រាស់ ឬរំលោភនោះ វាកាន់តែងាយស្រួលដើម្បីរត់ចេញ និងក្លាយជាពលករគ្មានឯកសារ វាប្រសើរជាងដែលត្រូវព្យាយាម និងផ្លាស់ប្តូរនិយោជកជាផ្លូវការ ដាក់ពាក្យប្តឹង និងទទួលបានឯកសារស្របច្បាប់។

គាត់បាននិយាយថា «មានពលករចំណាកស្រុកទាំងនោះ ដែលនឹងទទួលបានភ្នាក់ងារមួយដើម្បីចុះឈ្មោះធ្វើជាថៅកែរបស់ពួកគេ ក្នុងគោលបំណងដើម្បីឱ្យមានភាពបត់បែនក្នុងជម្រើសការងាររបស់ខ្លួន។ ម៉្យាងវិញទៀត ពលករចំណាកស្រុកត្រូវបានគេធ្វើឡើងឱ្យមានលក្ខណៈបណ្តោះអាសន្ន គឺជាផ្នែកមួយនៃកម្លាំងពលកម្មដែលអាចបត់បែនបាន ជាទីកន្លែងដែលថៅកែមានការទទួលខុសត្រូវដោយផ្ទាល់តិចតួចសម្រាប់កម្មកររបស់ពួកគេ តាមរយៈការចុះកុងត្រាជាមួយភាគីតូចៗ»។

លោក Press បាននិយាយថា នៅពេលដែលមានវិបត្តិសេដ្ឋកិច្ច ពលករចំណាកស្រុកគឺជាអ្នកទីមួយហើយ ដែលត្រូវបាត់បង់ការងាររបស់ខ្លួន ហើយពួកគេកម្រនឹងទទួលបានប្រាក់ឧបត្ថម្ភពីភាពអត់ការងារធ្វើណាស់។

គាត់បាននិយាយថា សម្រាប់ពលករចំណាកស្រុកនៅក្នុងប្រទេសថៃ ប្រទេសកំណើតរបស់ពួកគេមិនទាន់មានការយកចិត្តទុកដាក់ពីសង្គម ដើម្បីសម្រួលពលករចំណាកស្រុកដែលគ្មានការងារធ្វើ បាត់បង់សមត្ថភាព ឬចូលនិវត្តន៍ ដែលត្រឡប់ទៅស្រុកកំណើតវិញ ហើយសេដ្ឋកិច្ចរបស់ពួកគេ ក៏មិនអាចជួយសម្រួលដល់ការរស់នៅផងដែរ។

ចំនួនដ៏បំផុតនៃពលករចំណាកស្រុកនៅក្នុងអនុតំបន់ទន្លេមេគង្គទៅកាន់ប្រទេសថៃ គឺមកពីប្រទេសភូមា ឡាវ និងកម្ពុជា។

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៃពលករចំណាកស្រុក បានអំពាវនាវឱ្យមានការងារសហការគ្នាលើប្រព័ន្ធជ្រើសរើសបុគ្គលិកប្រកបដោយក្រមសីលធម៌។ អង្គការ ILO បានលើកឡើងផងដែរថា ប្រទេសសមាជិកអាស៊ាននៅពេលអនាគតអាចបង្កើតក្រមប្រតិបត្តិរួមថ្នាក់តំបន់សម្រាប់ទីភ្នាក់ងារជ្រើសរើសបុគ្គលិក។

ក្រុមការងារតស៊ូមតិរបស់បណ្តាញទេសន្តរប្រវេសន៍មេគង្គ (Mekong Migration Network, MMN) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «ប្រសិនបើចាំបាច់ រដ្ឋាភិបាលទាំងអស់គួរតែធ្វើការឆ្ពោះទៅរកគោលនយោបាយមួយ ដោយមិនមានការបង់ថ្លៃសម្រាប់ជួលនិយោជិកធ្វើការ និងកាត់បន្ថយតួនាទីរបស់មេខ្យល់ក្នុងស្រុកនៅក្នុងដំណើរការនៃការជ្រើសរើសបុគ្គលិក»៕

ប្រភព: Bangkok Post ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦

13

 

 

 

 

 

ចែករំលែក

បញ្ចេញយោបល់