កំណើនសេដ្ឋកិច្ចល្អរបស់ប្រទេសកម្ពុជា ក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ បានទាក់ទាញទុនវិនិយោគពីបរទេសយ៉ាងច្រើនក្នុងវិស័យផ្សេងៗគ្នា ក្នុងនោះវិស័យទេសចរណ៍ ទទួលបានកំណើនខ្ពស់រហូតដល់ជាង៤១% នៃការវិនិយោគសរុប។ យ៉ាងណាមិញ ដើម្បីជំរុញឲ្យមានការបណ្តាក់ទុនវិនិយោគនៅកម្ពុជា រាជរដ្ឋាភិបាលគ្រោងបង្កើតឲ្យមានតំណាងសភាពាណិជ្ជកម្មនៅក្រៅប្រទេស។
ក្រសួងពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធ នៅសប្តាហ៍នេះបានបើកកិច្ចប្រជុំត្រួតពិនិត្យសម្រេចលើអនុក្រឹត្រថ្មី ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់សភាពាណិជ្ជកម្មកម្ពុជាក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រួមទាំងមានការចូលរួមពី មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងសមាជិក-សមាជិកានៃសភាពាណិជ្ជកម្មកម្ពុជាប្រមាណជាង៣០រូប។
គោលបំណងនៃអង្គប្រជុំ គឺដើម្បីពិភាក្សាលើសេចក្តីព្រាងអនុក្រឹតថ្មីស្តីពីការបង្កើតសភាពាណិជ្ជកម្មកម្ពុជា ដើម្បីបើកផ្លូវឲ្យក្រុមហ៊ុនបរទេស ក៏ដូចជាអណិកជនខ្មែរនៅក្រៅប្រទេស អាចឈរឈ្មោះជាសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មរាជធានីភ្នំពេញ និងជាតំណាងឲ្យសភាពាណិជ្ជកម្មនៅបរទេស។
ឆ្លងតាមកិច្ចពិភាក្សា អង្គប្រជុំទាំងមូលបានឯកភាពធ្វើវិសោធនកម្មលើមាត្រាទី២, ទី៩, និងទី១០ នៃអនុក្រឹតលេខ០៧ អនក្រ.បក ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០០៧ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់សភាពាណិជ្ជកម្មកម្ពុជា និងអនុក្រឹតលេខ ២៩អនក្រ.បក ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០០៩ ដោយបន្ថែមខ្លឹមសារមួយចំនួន ដើម្បីងាយស្រួលក្នុងការអនុវត្តការងារឲ្យកាន់តែមានប្រសិទ្ធភាព។
យោងតាមខ្លឹមសារនៃសេចក្តីព្រាងអនុក្រឹតថ្មី នឹងអនុញ្ញាតឲ្យសភាពាណិជ្ជកម្មកម្ពុជា បើកការិយាល័យតំណាងនៅរាជធានី-ខេត្ត ឬតំបន់នៃប្រទេសណាមួយ តាមការសម្រេចពីរាជរដ្ឋាភិបាល ហើយការប្រព្រឹត្តិទៅ និងនីតិវិធីនៃការជ្រើសរើសសមាសភាពនៃការិយាល័យតំណាងនីមួយៗ នឹងត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីពាណិជ្ជកម្ម។ លើសពីនេះ សេចក្តីអនុក្រឹតថ្មី ក៏បានផ្តល់អំណាចដល់ប្រធានសភាពាណិជ្ជកម្មកម្ពុជា ក្នុងការជ្រើសរើសអនុប្រធានបន្ថែមតាមការចាំបាច់ ពីក្នុងចំណោមអនុប្រធានសភាពាណិជ្ជកម្មរាជធានី-ខេត្ត សម្រាប់ជួយការងារនៅក្នុងសភាពាណិជ្ជកម្មកម្ពុជា។ សេចក្តីព្រាងអនុក្រឹតថ្មីនេះ នឹងត្រូវបញ្ជូនទៅកាន់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចុះហត្ថលេខាជាផ្លូវការ និងដាក់ឲ្យអនុវត្តនៅក្នុងឆ្នាំក្រោយ។
របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានឲ្យដឹងថា គិតត្រឹមត្រីមាសទី១ឆ្នាំ២០១៦ ស្ថាប័នមួយនេះបានអនុម័តទៅលើគម្រោងវិនិយោគចំនួន៤៥គម្រោង ដែលមានទុនវិនិយោគប្រមាណ ១ពាន់៧លានដុល្លារអាមេរិក(១០០៧ លានដុល្លារ) ដោយបានបង្កើតការងារជិត ៥ម៉ឺនកន្លែងដល់ប្រជាពលរដ្ឋ។ ក្នុងចំណោមគម្រោងទាំងនោះ មាន៣៦ ក្នុងវិស័យឧស្សាហកម្ម ៥គម្រោងក្នុងវិស័យទេសចរណ៍ ៣គម្រោងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ដោយឡែក១គម្រោងទៀតស្ថិតក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ។ បើគិតពីចំណាត់ថ្នាក់អ្នកវិនិយោគគឺ អ្នកវិនិយោគកម្ពុជា ស្ថិតក្នុងលំដាប់ថ្នាក់លេខ១ ចិនលេខ២ និងជប៉ុនលេខ៣៕
អត្ថបទ៖ ប៊ុនធី