​សន្ទុះ​នៃ​ការ​លក់​អចល​នទ្រព្យ​នឹង​កើន​ឡើងវិញ​ ប្រសិន​បើ​កម្ពុជា​​​មាន​​អ្នក​លក់​ជំនាញ​

ថ្ងៃអង្គារ ទី ១៣ ធ្នូ ២០១៦​
119

ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ ក្រុមអ្នករកស៊ីលើវិស័យអចលនទ្រព្យនៅកម្ពុជា បានត្អូញត្អែពីការលក់របស់ខ្លួនមានការធ្លាក់ចុះ។ យ៉ាងណាមិញនៅសប្តាហ៍នេះ ក្រុមហ៊ុន Century 21 Cambodia បានបង្ហាញក្តីរំពឹងរបស់ខ្លួនថា ការជួញដូរលើវិស័យអចលនៈទ្រព្យនៅកម្ពុជា អាចនឹងមានការកើនឡើងវិញ ប្រសិនបើកម្ពុជាមានធនធានមនុស្សជំនាញ។

ការរំពឹងនេះ ត្រូវបានលើកឡើងនៅក្នុងកិច្ចពិភាក្សាអំពីការបង្កើតក្រុមសហការណ៍រួមរវាងក្រុមហ៊ុនអចលនៈទ្រព្យក្នុងស្រុក ដែលរៀបចំដោយក្រុមហ៊ុន Century 21 Cambodia ក្នុងសណ្ឋាគារឡឺរ៉ូយយ៉ាល់ នៅសប្តាហ៍នេះ។
កម្មវិធីនេះធ្វើឡើងក្នុងគោលបំណង ប្រឹក្សាយោបល់ និងចែករំលែកបទពិសោធន៍ ជាមួយក្រុមហ៊ុនអចលនៈទ្រព្យជាង១០ នៅក្នុងប្រទេសកម្ពុជា។ ក្រុមពិភាក្សាទាំងនោះបានផ្តោតសំខាន់លើការ បណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយជំនាញវិជ្ជាជីវៈ សម្រាប់ភ្នាក់ងារអចលនទ្រព្យ ដោយមានការទទួលស្គាល់ពីក្រសួង និងស្ថាប័ន តាមរយៈការឆ្លងកាត់វគ្គបណ្តុះបណ្តាល និងប្រឡងសមត្ថភាព។ ក្រុមពិភាក្សា គ្រោងនឹងបង្កើតស្តង់ដាររួមមួយចំពោះកំរ៉ៃជើងសារ លិខិតបទដ្ឋាន និងកិច្ចសន្យាផ្លូវច្បាប់ផ្សេងៗ រួមទាំងពង្រឹងនូវកិច្ចទំនាក់ទំនងល្អរវាងក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុកទាំងអស់។

លោក គុយ វ៉ាត អគ្គនាយកក្រុមហ៊ុន Century 21 Cambodia បានបង្ហាញក្តីរំពឹងថា ការជួញដូរក្នុងវិស័យអចលនទ្រព្យអាចនឹងមានការកើនឡើងវិញ ប្រសិនបើកម្ពុជា មានធនធានមនុស្សដែលមានជំនាញ ក្នុងការលក់។ លោកថា បច្ចុប្បន្នធនធានមនុស្សមានជំនាញលក់អចលនទ្រព្យនៅកម្ពុជា ហាក់នូវមានកម្រិត ដូច្នេះមានតែក្រុមហ៊ុនទាំងអស់នៅកម្ពុជា រួមគ្នាក្នុងការដោះស្រាយបញ្ហានេះ។

ទោះជាយ៉ាងនេះក្តី យើងមិនទាន់មានព័ត៌មានទាក់ទងនឹងការលក់គម្រោងខន់ដូ ឬគេហដ្ឋាននៅកម្ពុជានៅឡើយទេ។ កន្លងមករដ្ឋលេខាធិកាក្រសួងរៀបចំដែនដីនគរូបនីកម្ម និងសំណង់បានអះអាងថា រយៈពេល៨ខែក្នុងឆ្នាំ២០១៦ ទុនវិនិយោគលើវិស័យសំណង់បានកើនឡើងដល់ ៧លាន ២សែន ១ម៉ឺន ៨ពាន់ ដុល្លារអាមេរិក ខណៈមានក្រុមហ៊ុនដែលបានចុះបញ្ជីរនៅក្រសួងមានចំនួន ៨១២ក្រុមហ៊ុន។ ហើយអ្នកជំនាញបានព្យាការណ៍ថា នៅឆ្នាំ២០៣០ត្រូវបានរំពឹងថា នឹងមានប្រជាជន៧លាន៩សែន២ម៉ឺននាក់ ត្រូវជា៤៤%នៃប្រជាជនសរ៉ុប។ ឯកឧត្តមថា កំណើនប្រជាជននេះ នឹងជំរុញឲ្យមានកំណើនលំនៅឋាននៅកម្ពុជា៕

អត្ថបទ៖ ប៊ុនធី

13059890_792419737558472_814183873_n

ចែករំលែក

បញ្ចេញយោបល់