កម្ពុជាទទួលបានជោគជ័យថ្មីមួយទៀត លើឆាកអន្តរជាតិ ក្នុងកិច្ចការការពារសម្បត្តិវប្បធម៌ពិភពលោក

ថ្ងៃអង្គារ ទី ១៣ ធ្នូ ២០១៦​
257

តួនាទីជាប្រធានគណៈកម្មាធិការ នៃអនុសញ្ញាទីក្រុងឡាអេឆ្នាំ១៩៥៤ របស់អង្គការយូណេស្កូ ស្តីពីកិច្ចការពារសម្បត្តិវប្បធម៌ក្នុងគ្រាមានជម្លោះប្រដាប់អាវុធ គឺជាជោគជ័យថ្មីមួយទៀត នៃគោលនយោបាយអភិរក្ស និងលើកតម្លៃបេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិ ដែលត្រូវបានលើកស្ទួយ បានបង្ហាញយ៉ាងច្បាស់នូវតួនាទីកាន់តែសំខាន់ និងឈានមុខរបស់កម្ពុជានៅលើឆាកអន្តរជាតិ ជាពិសេសនៅក្នុងវិស័យបេតិកភណ្ឌ និងវប្បធម៌សម្រាប់មនុស្សជាតិ។ នេះបើយោងតាមសារលិខិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦នេះ។

នាយករដ្ឋមន្ត្រីកម្ពុជា បានសរសេរក្នុងសារលិខិតថា ប្រទេសកម្ពុជាត្រូវបានជ្រើសរើសជាឯកច្ឆ័ន្ទឱ្យធ្វើជាប្រធានគណៈកម្មាធិការ នៃអនុសញ្ញាទីក្រុងឡាអេឆ្នាំ១៩៥៤ របស់អង្គការយូណេស្កូ ស្តីពីកិច្ចការពារសម្បត្តិវប្បធម៌ក្នុងគ្រាមានជម្លោះប្រដាប់អាវុធ នៅក្នុងកិច្ចប្រជុំលើកទី១១របស់ខ្លួន ដែលបានប្រព្រឹត្តិទៅនៅទីស្នាក់ការកណ្តាលអង្គការយូណេស្កូ នាទីក្រុងប៉ារីស នៅថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦។ ការជ្រើសរើសប្រទេសកម្ពុជាជាប្រធានគណៈកម្មាធិការនេះ គឺអាស្រ័យដោយសារការចូលរួមយ៉ាងសកម្មដ៏លេចធ្លោរបស់ប្រទេសកម្ពុជា ក្នុងការងារពង្រឹងការអនុវត្តអនុសញ្ញាទីក្រុងឡាអេឆ្នាំ១៩៥៤ នាពេលកន្លងមក ជាពិសេសការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មការជាតិយូណេស្កូកម្ពុជា ប្រតិភូអចិន្ត្រៃយ៍របស់ប្រទេសកម្ពុជាប្រចាំអង្គការយូណេស្កូ និងគណៈប្រតិភូកម្ពុជា ក្នុងការចលនាស្វែងរកការគាំទ្រពីសំណាក់ភាគីពាក់ព័ន្ធ ទើបសមាជិកនៃគណៈកម្មាធិការទាំងអស់ បានសម្រេចជ្រើសរើសកម្ពុជា ធ្វើជាប្រធានសម្រាប់អណត្តិ២០១៦-២០១៧ ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ខ្លឹមសារបន្ថែមថា៖ ប្រការដែលគួរឱ្យកត់សម្គាល់ និងជាមោទនភាព គឺក្នុងចន្លោះពេលតែបីឆ្នាំប៉ុណ្ណោះ កម្ពុជាបានធ្វើជាប្រធានគណៈកម្មាធិការនៃអនុសញ្ញាសំខាន់ៗចំនួនពីរ នៃអង្គការយូណេស្កូ ពោលគឺ ប្រធានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអនុសញ្ញាឆ្នាំ១៩៧២ ស្តីពីការការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិពិភពលោក កាលពីឆ្នាំ២០១៣ និងជាប្រធានគណៈកម្មាធិការនៃអនុសញ្ញាទីក្រុងឡាអេឆ្នាំ១៩៥៤ នាពេលនេះ។  កិច្ចការដ៏សំខាន់លើកឆាកអន្តរជាតិទាំងនេះ ពិតជាបានរួមចំណែកលើកតម្កើងកិត្តិស័ព្ទរបស់ប្រទេសកម្ពុជា កាន់តែប្រសើរឡើងថែមទៀត។

គួររំលឹកផងដែរថា គិតត្រឹមថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ មានប្រទេសចំនួន១២៧ ជា រដ្ឋភាគីនៃអនុញ្ញាឆ្នាំ១៩៥៤ ក្នុងនោះ ១០៤ប្រទេសជារដ្ឋភាគីនៃពិធីសារទី១ឆ្នាំ១៩៥៤ និងមាន ៦៩ប្រទេស បានចូលជារដ្ឋភាគីនៃពិធីសារទី២។ ពិធីសារទី២ គឺជាក្របខណ្ឌគតិយុត្តិដ៏មានសារសំខាន់ ដោយបានបង្កើតឱ្យមាន «គណៈកម្មាធិការដើម្បីការពារបេតិកភណ្ឌវប្បធម៌ក្នុងគ្រាមានជម្លោះប្រដាប់អាវុធ» ដែលជាយន្តការសម្រាប់អនុវត្តអនុសញ្ញាឆ្នាំ១៩៥៤ ជាមួយនឹងមុខងារចម្បងក្នុងការផ្តល់ ផ្អាក ឬលុបចោលកិច្ចការពារពិសេស និងពិនិត្យសម្រេចផ្តល់ជំនួយអន្តរជាតិ ឬប្រើប្រាស់ «មូលនិធិដើម្បីការពារបេតិកភណ្ឌវប្បធម៌ក្នុងគ្រាមានជម្លោះប្រដាប់អាវុធ»។ អនុសញ្ញាទីក្រុងឡាអេឆ្នាំ១៩៥៤នេះ កាន់តែទទួលបានការយកចិត្តទុកដាក់ខ្ពស់ ជាពិសេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារការវិវត្តនៃសភាពការណ៍សកលលោក ពោលគឺការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សម្បត្តិបេតិកភណ្ឌវប្បធម៌នៅជុំវិញពិភពលោក ជាក់ស្តែង នៅមជ្ឈឹមបូព៌ា៕

e129e8e5-8541-4f35-9606-9db70858a91f_cx0_cy1_cw0_w987_r1_s_r1 photo_2016-12-13_10-57-45 photo_2016-12-13_10-57-48

ចែករំលែក

បញ្ចេញយោបល់