(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានទាមទារឱ្យមានការចូលរួមពីគ្រប់ផ្នែកពាក់ព័ន្ធ ដែលមិនអាចមាននរណាម្នាក់ ស្ថាប័នណាមួយ ឬប្រទេសណាមួយ អាចលុបបំបាត់បទឧក្រិដ្ឋជួញដូរមនុស្សតែម្នាក់ឯងបានឡើយ ជាពិសេសឧក្រិដ្ឋកម្មឆ្លងដែន ដែលមានខ្សែបណ្តោយចាត់ចែងយ៉ាងស្មុគស្មាញ។ លោក បានថ្លែងដូចនេះ កាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ ក្នុងឱកាសអញ្ជើញជាអធិបតី នៅក្នុងទិវាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស១២ ធ្នូ ឆ្នាំ២០១៦ នៅសាលមហោស្រព និងពិព័រណ៌កោះពេជ្រ ដែលមានការចូលរូមពីសំណាក់ថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ រួមទាំងកងកម្លាំងប្រដាប់អាវុធ និងសិស្ស និស្សិតរាប់ពាន់នាក់ផងដែរ។
ថ្លែងនៅក្នុងទិវានោះ លោក ស ខេង បានមានប្រសាសន៍ថា សព្វថ្ងៃនេះ កម្លាំងសមត្ថកិច្ចជាច្រើន បានខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ និងពេលខ្លះ រហូតដល់លះបង់អាយុជីវិត ដើម្បីបុព្វហេតុសន្តិសុខ សុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងប្រទេសជាតិ។ តែទោះជាយ៉ាងណាក្តី ក៏នៅតែមិនទាន់មានឥទ្ធិពលគ្រប់គ្រាន់ អាចលុបបំបាត់បទល្មើសទាំងអស់នេះបាននៅឡើយ។
ដើម្បីធ្វើកិច្ចការនេះ ទាមទារឱ្យមានការយល់ដឹងដូចគ្នា មានឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់ ដើម្បីអនុវត្តភារកិច្ចប្រកបដោយការទទួលខុសត្រូវ និងរួមសហការគ្នា ជាធ្លុងមួយ ឆ្ពោះទៅកាន់គោលដៅរួមតែមួយ គឺធ្វើអ្វីៗដើម្បីសេចក្តីសុខ និងភាពរីកចម្រើនរបស់មនុស្សជាតិ។
គួរបញ្ជាក់ថា ស្ថានភាពនៃការជួញដូរមនុស្សនៅក្នុងប្រទេសកម្ពុជាសម្រាប់ឆ្នាំ ២០១៦ ត្រូវបានក្រសួងការបរទេសអាមេរិកទទួលស្គាល់ថា មានភាពល្អប្រសើរជាងមុន។ យោងតាមរបាយការណ៍លើកទី ១៦ របស់ក្រសួងការបរទេសអាមេរិក ដែលចេញផ្សាយនៅពាក់កណ្តាលឆ្នាំ ២០១៦នេះ បានចាត់ថ្នាក់ប្រទេសកម្ពុជាស្ថិតក្នុងក្រុមប្រទេស ទី២ (Tier 2) ក្នុងចំណោមប្រទេស ១៨៨ ដែលជាចំណាត់ថ្នាក់រួចផុតពីការឃ្លាំមើល (Tier 2 Watch List) របស់ក្រសួងការបរទេសអាមេរិក៕