រោងចក្រ ភេសជ្ជៈកូកាកូឡា ដែលបានវិនិយោគ នៅកម្ពុជា តាំងពីឆ្នាំ ១៩៩៣ ហើយពេលនេះ បានបង្កើនទំហំសង្វាក់ ផលិតកម្ម ដោយបានវិនិយោគបន្ថែម ១០០ លានដុល្លារទៀត នៅតំបន់សេដ្ឋកិច្ច ពិសេសភ្នំពេញ។ ព្រោះថាកម្ពុជាមានសក្តានុពល និងនយោបាយ មិនរើសអើង ដែលកំពុងទាក់ទាញ វិនិយោគទុនបរទេស។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី មានប្រសាសន៏ថ្លែងដូច្នេះក្នុងពិធី សម្ពោធ រោងចក្រ កូកាកូឡា នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។
ប្រមុខរាជរដ្ឋាផិបាលកម្ពុជា សម្តេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍បន្តថា រោងចក្រនេះ បានផ្តល់ការងារ ដល់ប្រជាពលរដ្ឋ ជាង ៨១៧ នាក់។ នេះក៏ជាមោទនៈកម្ពុជា ដែលក្រុមហ៊ុនកូកាកូឡា បានដាក់អក្សរខ្មែរ លើកំប៉ុងភេសជ្ជៈ។ កូកាកូឡាកម្ពុជា មិនត្រឹមតែបម្រើ សេចក្តីត្រូវការ ក្នុងប្រទេសទេ ប៉ុន្តែក៏អាចនាំចេញ ទៅបណ្តាប្រទេសអាស៊ាន បានទៀតផង។ ទន្ទឹមនឹងផលិតភេសជ្ជៈ ក្រុមហ៊ុន បានរួមចំណែកជួយ បណ្តុះបណ្តាល ធនធានមនុស្ស និងចូលរួមផ្សព្វផ្សាយ អំពីសុវត្ថិភាពចរាចរណ៍ នៅកម្ពុជា។ ហើយដោយសារតែ ភាពរីកចម្រើន នៃដំណើរការអាជីវកម្ម ក៏ដូចជាការគាំទ្រពី អតិថិជនរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជានោះ ក្រុមហ៊ុនភេសជ្ជៈ កូកាកូឡា កាលពីឆ្នាំ២០១៥ កន្លងទៅ បានសម្រេចដាក់ទុនវិនិយោគ ប្រមាណ ១០០ លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រ ដ៏ធំមួយ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ភ្នំពេញ។
បើតាមនាយកប្រចាំតំបន់ ទទួលបន្ទុកក្នុងប្រទេសចិន និងអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុនកូកាកូឡាលោក Marithin Jansen បានអោយដឹងថា ក្រុមហ៊ុនភេសជ្ជៈកម្ពុជា ចាប់ផ្តើមវិនិយោគ បង្កើតឡើងវិញ នូវរោងចក្រផលិត ភេសជ្ជៈកូកាកូឡា ក្នុងប្រទេសកម្ពុជា នៅឆ្នាំ១៩៩៣ នៅពេលនោះ ក្រុមហ៊ុន បោះទុនវិនិយោគ ចំនួនទឹកប្រាក់ ដប់លានដុល្លារអាមេរិក ដើម្បីដំណើរការផលិតកម្ម ផលិតភេសជ្ជៈ ២ មុខគឺ កូកាកូឡា និងហ្វាណតា ជាប្រភេទដប។
លោកបន្តថា ដោយផ្តើមចេញពីកត្តា សន្តិភាពពេញលេញ ស្ថិរភាពនយោបាយ ក្រោមការដឹកនាំ របស់រដ្ឋាភិបាលកម្ពុជា និងស្ថានភាព អំណោយផល ក្រុមហ៊ុន ក៏បោះទុនវិនិយោគ ជាបន្តបន្ទាប់ នៅឆ្នាំ១៩៩៧ និងបានផលិត ជាប្រភេទកំប៉ុង ដោយបន្ថែមទុន ដប់ប្រាំលានដុល្លារ កំលាំងពលកម្ម កើនឡើងពីររយនាក់។ ខណៈដែលកម្ពុជាកាន់តែ ផ្តល់អំណោយផលសន្តិភាព និងការអភិវឌ្ឍ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា បានចាប់យកឱកាសនេះ ដោយវិនិយោគទុន ចំនួនមួយរយលានដុល្លារ ក្នុងការសាងសងរោងចក្រថ្មីនេះ ដែលមានផ្ទៃដី ១២,៣ហិតា បង្កើតការងារ បានចំនួន ៨១៧ នាក់ (ស្រីចំនួន ៦១៧នាក់។
បើតាមនាយកប្រតិបត្តិសភាពាណិជ្ជកម្មអាមេរិក AmCham លោក Ronald Marvin លោករំពឹងថាការពង្រីករបស់កូកាកូឡានឹងផ្ដល់សញ្ញាវិជ្ជមានមួយសម្រាប់ក្រុមវិនិយោគិនដែលកំពុងសម្លឹងមើលប្រទេសកម្ពុជា។ លោកបានបន្ថែមថាតំបន់សេដ្ឋកិច្ចពិសេស (SEZ) របស់ប្រទេសកម្ពុជាផ្ដល់កម្មវិធីដ៏រឹងមាំសម្រាប់ក្រុមហ៊ុនក្នុងការចូលទីផ្សារកម្ពុជា។ លោកបានថ្លែងថា៖ «ប្រសិនបើក្រុមហ៊ុនអាមេរិកវិនិយោគ ១០០ លានដុល្លារនៅកម្ពុជាអ្នកនឹងគិតថាវានឹងជាសញ្ញាវិជ្ជមានមួយសម្រាប់ក្រុមវិនិយោគិនជាច្រើន»។ លោកបានបន្ថែមថា៖ ចំនួននោះច្រើនជាងតម្លៃគោលសម្រាប់វិនិយោគិនដែលកូកាកូឡាត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុននាំមុខគេសម្រាប់ការវិនិយោគដ៏ល្អ»។
អត្ថបទ៖ ប៊ុនធី