ក្នុងរយៈពេល ៥ឆ្នាំ កំពង់​ផែ​ស្វយ័ត​ក្រុងភ្នំពេញ មាន​ចំណូល​​សរុប​កើនឡើង​ទ្វេ​ដង ហើយ​​នៅឆ្នាំ​២០១៦ នឹងមានចំនួន​កុងតឺន័រ​​ប្រមាណ​១៦​ម៉ឺន​​ឆ្លងកាត់​​

ថ្ងៃចន្ទ ទី ១២ ធ្នូ ២០១៦​
328

នៅក្នុងឆ្នាំ២០១៦    តាមផែនការរបស់កំពង់ផែស្វយ័តក្រុងភ្នំពេញ រំពឹងថា អាចនឹងមានចំនួនកុងតឺន័រឆ្លងកាត់កំពង់ផែប្រមាណ ១៦៥.០០០កុងតឺន័រ ខណៈនៅឆ្នាំ២០១៥កន្លងមក កុងតឺន័រឆ្លងកាត់តាមកំពង់ផែស្វយ័តក្រុងភ្នំពេញ មានចំនួន១៤ម៉ឺនកុងតឺន័រ ។

ក្នុងឆ្នាំ២០១៥កន្លងមកបើតាមបទពិសោធន៍ ទីផ្សារនៃប្រទេសដែលបាននាំចេញឆ្លងកាត់កំពង់ផែស្វយ័តក្រុងភ្នំពេញ រួមមាន ប្រទេសចិនច្រើនជាងគេរហូតដល់៣៤% បន្ទាប់មកទៀតគឺសហរដ្ឋអាមេរិក២២%, ជប៉ុន១០%, វៀតណាម៩%, សហភាពអឺរ៉ុប៧,៦%, ម៉ាឡេស៊ី៣,៤% និងក្រៅពីនោះមានប្រទេសផ្សេងៗទៀត ។ ដោយឡែក សម្រាប់ចំណែកទីផ្សារនាំចូលតាមរយៈកំពង់ផែស្វយ័តក្រុងភ្នំពេញវិញមាន៦៧% បន្ទាប់មកប្រទេសវៀតណាម១៦%, ម៉ាឡេស៊ី៧%, សិង្ហបុរី៣%, សហភាពអឺរ៉ុប២%, សហរដ្ឋអាមេរិក១% និងប្រទេសផ្សេងៗទៀត៤% ។

ជាក់ស្ដែង តាំងពីឆ្នាំ២០១២ រហូតមកដល់ឆ្នាំ២០១៥ កំណើនបុគ្គលិកបានកើនឡើងជាមធ្យម ៦,៧៥% ខណៈកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តក្រុងភ្នំពេញ មានកំណើនជាមធ្យម១៥,០៧% ។

យោងតាមរបាយការណ៍របស់កំពង់ផែក្រុងភ្នំពេញ នៅឆ្នាំ២០១២ មានបុគ្គលិកបម្រើការចំនួន៤០០នាក់ ខណៈកុងតឺន័រឆ្លងកាត់មានជិត១០ម៉ឺនកុងតឺន័រ ហើយមកដល់ឆ្នាំ២០១៥ កំពង់ផែស្វយ័តក្រុងភ្នំពេញ មានបុគ្គលិកបម្រើការងារជិត៥០០នាក់ ខណៈកុងតឺន័រឆ្លងកាត់មានជាង១៤ម៉ឺនកុងតឺន័រ ។ បើតាមដ្យាក្រាម ចំនួនបុគ្គលិកមានសន្ទុះខ្លាំងនៅចន្លោះឆ្នាំ២០១២ និង២០១៣ ហើយនៅឆ្នាំបន្ទាប់ពីនោះ មិនសូវមានសន្ទុះប៉ុន្មានទេ ប៉ុន្តែចំនួនកុងតឺន័រឆ្លងកាត់បានកើនឡើងគួរឲ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ ។

គួរបញ្ជាក់ថា កំពង់ផែស្វយ័តក្រុងភ្នំពេញ ក៏បានចុះបញ្ជីបោះផ្សាយភាគហ៊ុនរបស់ខ្លួននៅក្នុងទីផ្សារមូលបត្រកម្ពុជាផងដែរកាលពីចុងឆ្នាំ ២០១៥កន្លងមកនេះ ។ ក្នុងរយៈពេល៤ឆ្នាំចុងក្រោយ កំពង់ផែស្វយ័តក្រុងភ្នំពេញ មិនត្រឹមតែបានបង្ហាញពីភាពរីកចម្រើនប៉ុណ្ណោះទេ តែក៏បានបង្ហាញពីភាពរឹងមាំខ្លាំងក្នុងការប្រកបអាជីវកម្មផងដែរ ដោយចំណូលសរុប កើនឡើងទ្វេដងគិតចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៤ ដែលអត្រាកំណើនជាមធ្យមប្រចាំឆ្នាំ២១,២០% ពី៦,១៦លានដុល្លារអាមេរិក ដល់១៣,២៩លានដុល្លារអាមេរិក ។កំណើននេះបានមកពីសេវាកម្មសំខាន់ៗដូចជា សេវាកម្មលើកដាក់ក្រោមដងយោង (Stevedore) សេវាកម្មលើកដាក់នៅលើទីលានកុងតឺន័រ (LOLO) និងសេវាកម្មផែដទៃទៀតដូចជា សេវាកម្មចូលចតនាវា និងសេវាកម្មកណ្ណធារកិច្ច ដែលមានប្រហែល៩៣,៦៣% នៃចំណូលសរុបរបស់ ក.ស.ភ ក្នុងឆ្នាំ២០១៥ ។ គិតត្រឹមថ្ងៃដំណាច់ឆ្នាំ២០១៥ កំពង់ផែស្វយ័តក្រុងភ្នំពេញមានទ្រព្យសកម្មសរុប១៥៩,៥៨លានដុល្លារអាមេរិក និងមូលធនសរុបចំនួន១២៦,៤៦លានដុល្លារអាមេរិក ៕

អត្ថបទ៖ ប៊ុនធី

download

sihanoukville_port_heng_chivoan_0

ចែករំលែក

បញ្ចេញយោបល់