ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បាននិយាយកាលពីថ្ងៃអាទិត្យថា គាត់បានសម្រេចចិត្តទទួលយកកិច្ចព្រមព្រៀងសព្វាវុធដែលផ្តល់ដោយចិនស្ថិតក្រោមលក្ខខណ្ឌសម្បទាន ដែលនេះជាសញ្ញាចុងក្រោយបំផុតនៃទំនាក់ទំនងយ៉ាងកក់ក្តៅរវាងប្រទេសជិតខាងទាំងពីរដែលធ្លាប់ប្រទុសសារាយនឹងគ្នា។
លោក Duterte បាននិយាយថា គាត់នឹងស្នើឱ្យរដ្ឋមន្ត្រីការពារជាតិរបស់គាត់បញ្ជូនមន្ត្រីយោធាទៅកាន់ប្រទេសចិនដើម្បីទទួលយកសព្វាវុធ ដែលនឹងត្រូវបង់សងវិញរយៈពេល ២៥ ឆ្នាំ។ លោកមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតទេ។
លោក Duterte បាននិយាយថា «ប្រទេសចិនកំពុងដាក់សម្ពាធលើខ្ញុំចំពោះសព្វាវុធនេះ ដែលវាមានរួចទៅហើយនៅទីនោះ។ ខ្ញុំនឹងទទួលយកវា។
គាត់បាននិយាយថា «យើងមិនចាំបាច់ស្នើសុំពីប្រទេសដទៃទេ ដោយសារពួកគេមានឆន្ទៈក្នុងការផ្ដល់ឱ្យ»។ «នេះមិនមែនជាទំនិញមិនគិតថ្លៃនោះទេ ប៉ុន្តែការពិតជាការផ្តល់ឱ្យ ដោយត្រូវបង់សងវិញក្នុងរយៈពេល ២៥ ឆ្នាំ»។
រដ្ឋមន្ត្រីការពារជាតិលោក Delfin Lorenzana និយាយថា យោធាកំពុងពិចារណាទិញកាំភ្លើងបាញ់ស៊ីបពីរុស្ស៊ី ដោយបានបន្ថែមថា កងទ័ព និងទាហានហ្វីលីពីននឹងធ្វើការសិក្សាមួយដើម្បីមើលថា តើអាចឈានទៅដល់មានកិច្ចព្រមព្រៀងឬយ៉ាងណា។ មន្រ្តីបាននិយាយថា លោកLorenzana បានធ្វើដំណើរទស្សនកិច្ចទៅប្រទេសរុស្ស៊ីកាលពីសប្តាហ៍មុនដើម្បីជួបជាមួយមន្រ្តីការពារជាតិ ដែលជាទស្សនកិច្ចលើកដំបូងដែលមិនធ្លាប់មានពីមុនមករបស់ប្រធានការពារជាតិហ្វីលីពីនប្រចាំទីក្រុងម៉ូស្គូ ចាប់តាំងពីទំនាក់ទំនងការទូតត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៧៦ ។
លោក Lorenzana បានប្រាប់ The Associated Press ថា «ប្រសិនបើកាំភ្លើងបាញ់ស៊ីបល្អដូចដែលពួកគេបានអះអាង យើងនឹងសម្រេចចិត្តទិញវា»។ «កងទ័ព និង ទាហាននឹងធ្វើតេស្តសាកល្បង និងកំណត់ថា តើពួកគេទិញកំាភ្លើងនោះប៉ុន្មានដើម»។
លោក Duterte បានឈោងចាប់ប្រទេសចិន និងប្រទេសរុស្ស៊ី បន្ទាប់ពីគាត់ចូលកាន់តំណែងកាលពីខែមិថុនា ខណៈដែលប្រកាន់ជំហរប្រទុសសារាយជាមួយនឹងរដ្ឋបាលលោក Obama បន្ទាប់ពីរដ្ឋបាលលោក Obama បានរិះគន់ទៅលើសង្គ្រាមដ៏ប្រល័យរបស់គាត់ទៅលើអ្នកប្រើប្រាស់គ្រឿងញៀន។
ប្រទេសហ្វីលីពីនបានពឹងផ្អែកយ៉ាងខ្លាំងលើអាមេរិកសម្រាប់សព្វាវុធ នាវា និងយន្តហោះ រយៈពេលជាច្រើនឆ្នាំកន្លងមក ទោះបីជាហ្វីលីពីបានងាកទៅបណ្តាប្រទេសផ្សេងទៀតសម្រាប់ សម្ភារៈ ការពារជាតិ នៅពេលដែលខ្លួនបានពុះពារក្នុងការធ្វើទំនើបកម្មយោធាដែលខ្វះខាតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕
ប្រភព: The Association Press