អាជីវកម្មដីឡូត៍កាន់តែកើន អ្នកជំនាញចង់អោយមានគ្រប់គ្រងកាន់តែតឹងរឹង

ថ្ងៃចន្ទ ទី ១៥ តុលា ២០១៨​
57

ស្របពេលកំណើនអាជីវកម្មដីឡូត៍កំពុងមានសកម្មភាពកើនឡើងខ្លាំងនោះ អ្នកជំនាញអចលនវត្ថុបានបង្ហាញពីការព្រួយបារម្ភ ដែលអាចឈានទៅរកវិបត្តិណាមួយ ដូចនេះ ពួកគាត់ចង់អោយមានការគ្រប់គ្រងលើសកម្មភាពនេះ អោយបានតឹងរឹងជាងមុន។

នៅក្នុងរយៈពេលប្រមាណ២ឆ្នាំចុងក្រោយនេះ អាជីវកម្មដីឡូត៍ដោយទិញដីវាល ដីចំការដីស្រែរឺដី ដែល ទុកចោល មកចាក់ពុះជាឡូត៍កាន់តែកើនឡើង ហើយកាន់តែរីកធំ ធ្វើអោយមានការព្រួយបារម្ភចំពោះភាពមិនច្បាស់លាស់នៃគម្រោងដីឡូត៍ទាំងនោះ ។ អ្នកជំនាញខាងវិស័យអចលនទ្រព្យចង់អោយរដ្ឋាភិបាលអនុវត្តច្បាប់តឹងរឹងជាងមុន ដើម្បីការពារហានិភ័យដែលនឹងកើតឡើងនៅពេលអនាគត ពីការលក់ដ៏ឡូត៍ដោយគ្មានច្បាប់គ្រប់គ្រងតឹងរឹង ។

បើនិយាយពីដីឡូត៍ នាពេលបច្ចុប្បន្ននេះ ត្រូវបានគេមើលឃើញថា ទាំងអ្នកសិល្ប៍ អ្នកធ្វើការឯកជន ជាច្រើនព្រោងព្រាត បានចេញទៅលក់ដីឡូត៍ ដើម្បីទទួលបានផលចំណេញឬហៅថា កុម្មុយស្យុង បើសិនជាពួកគេលក់ដីឡូត៍នោះបាន ។ កត្តាទាំងនេះ បានធ្វើអោយម្ចាស់ដីឡូ៍មិនចាំបាច់ចំណាយបុគ្គលិក ក្នុងការលក់ដូរឡើយ ពួកគេគ្រាន់តែប្រកាសតៗគ្នា ទៅអ្នកទំនេរ ឬមានវេហាស័ព្ទ ដើម្បីលក់គម្រោងដីឡូត៍របស់ខ្លួនទៅកាន់មិត្តភក្តិសាច់ញាតិ រឺអ្នកដែលពួកគេស្គាល់ ។ បើសិនជាលក់ដាច់ម្ចាស់គម្រោងក៏ទទួលផល បើលក់មិនដាច់ពួកគេក៏មិនខាតបង់លើការចំណាយប្រាក់ខែបុគ្គលិកឡើយ អញ្ចឹងទើបមានអ្នកចេញទៅរកស៊ីអាជីវកម្មនេះ កាន់តែច្រើនឡើង។

បើតាមលោកប៉ូ អ៊ាវគង់ អ្នកវាយតម្លៃអចលនវត្ថុមួយរូបនៅកម្ពុជា បានអោយដឹងថា ដោយសារតែការគ្របគ្រង់អាជីវកម្មដីឡូត៍នៅមិនទាន់តឹងរឹងនៅឡើយនោះ បានធ្វើអោយសកម្មភាពបែបនេះ កាន់តែកើនឡើង ក្នុងនោះ អ្នកមានទុនទិញដីសម្រាប់ពុះជាឡូត៍លក់ ហើយអោយអ្នកដែលមិនមានជំនាញជាអ្នកលក់ ។ ការប្រកាសលក់របស់ពួកគេជួនកាលលើសពីអ្វីម្ចាស់គម្រោងនឹងធ្វើ ឧទាហរណ៍គម្រោងនេះ នឹងសង់នេះសង់នោះ ធ្វើយ៉ាងណាអោយអ្នកទិញចង់ទិញដី ។ ហើយនៅពេលមានអ្នកទិញដីនោះ អ្នកលក់នឹងទទួលបានប្រាក់កម្រៃជើងសារ ដូច្នេះហើយពួកគេមួយបានបំផ្លោងគម្រោងកាន់តែធំ ។ លោកបន្តថា សកម្មភាពពុះដីឡូត៍កាន់តែកើនឡើងនេះ ក៏បានឆ្លុះបញ្ជាក់ពីតម្រូវការនៅក្នុងប្រទេសកម្ពុជាផងដែរ បើពុំមានអ្នកទិញក៏ពុំមានអ្នកពុះលក់ដែរ ក៏ប៉ុន្តែត្រូវតែមានច្បាប់គ្រប់គ្រងមួយ ដើម្បីទប់ស្កាត់វិបត្តិណាមួយនៅពេលខាងមុខ ។

ចំណែកលោក ឌឹត ចណ្ណា នាយកគ្រប់គ្រងក្រុមហ៊ុនវាយតម្លៃអចលនវត្ថុឡាក់គីក៏បានអោយដឹងដែរថា បើក្រលេកមើលពីវិស័យដីឡូត៍ក្នុងពេលបច្ចុប្បន្ននេះ ពិតជាមានសកម្មភាពខ្លាំងមែនជាពិសេសនៅតំបន់ជិតៗរាជធានីភ្នំពេញនិងបានសាយភាយទៅកាន់បណ្ដាខេត្តមួយចំនួន ដែលមានសក្ដានុពល ហើយសកម្មភាពនេះ កាន់តែខ្លាំងឡើងៗ ដោយសារតែវាមានតម្លៃសមរម្យ ធ្វើអោយប្រជាពលរដ្ឋជាច្រើនមានលទ្ធភាពទិញរក្សាទុក ខ្លះទុកអោយឡើងថ្លៃ ដើម្បីលក់ចេញវិញ ហើយខ្លះទៀតទុកសម្រាប់សង់លំនៅឋាននៅពេលអនាគត ដោយរំពឹងថានឹងមានគម្រោងអភិវឌ្ឍន៍អ្វីតាមការសន្យារបស់ម្ចាស់គម្រោង ។

បើតាមលោកគីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ក្នុងវិទ្យុអន្តរជាតិមួយជាភាសាខ្មែរ បានអោយដឹងថា នៅក្នុងឆ្នាំ ២០១៨នេះ មិនមែនជាឆ្នាំដំបូងនៃការពុះដីឡូត៍លក់នោះទេ ក៏ប៉ុន្តែយើងទទួលស្គាល់ថា ឆ្នាំ ២០១៨នេះ ជាឆ្នាំដែលសកម្មភាពពុះដីឡូត៍លក់បានកើនឡើងខ្លាំង ។ លោកថា វាជាឆ្នាំ ដែលមានសកម្មភាពពុះដីឡូត៍លក់ច្រើនមែនទែន តាំងពីនៅភ្នំពេញ នៅតាមបណ្ដាខេត្តមួយចំនួនទៀត ទាំងខេត្តជាប់សមុទ្រ ខេត្តទើបបង្កើតថ្មី និងខេត្តនៅជាប់ព្រំដែនជាដើម ។

លោកបន្តថា កំនើនពុះដីឡូត៍លក់នេះ ដោយសារតែមានតម្រូវការ ហើយភាគច្រើនផ្គត់ផ្គង់សម្រាប់អ្នកមានចំណូលទាប និងមធ្យម ដោយសារតែពួកគាត់មិនមានលទ្ធភាព ទិញផ្ទះសម្រាប់ស្នាក់នៅ ។ ក៏ប៉ុន្តែទីផ្សារដីឡូត៍នៅពេលបច្ចុប្បន្ននេះ អ្នកទិញសម្រាប់ទុកលក់ចំនេញ ច្រើនជាងអ្នកទិញទុកប្រើប្រាស់ ដែលជាហេតុធ្វើអោយ សកម្មភាពពុះលក់កាន់តែច្រើននិងជាអ្នកធ្វើអោយដីធ្លីឡើងថ្លៃផងដែរ ។ លោកបញ្ជាក់ថា ហានិភ័យកើតឡើងធំឬតូច វាអាស្រ័យលើការគ្រប់គ្រងបានកម្រិតណា បើសិនជាគ្រប់គ្រងបានល្អនោះ ហានិភ័យកើតឡើងអាចនឹងតិចតួច រឺមិនមាន ក៏ប៉ុន្តែបើសិនជាការគ្រប់គ្រងមិនបានល្អ នោះហានិភ័យដែលកើតឡើងនឹងពិបាកដោះស្រាយ ៕

ចែករំលែក

បញ្ចេញយោបល់