(វីដេអូ) តួ​ក​គី​៖ មនុស្ស ២៩​នាក់ត្រូវបានស្លាប់ និងជាង១០០នាក់រងរបួសក្នុងហេតុការណ៏​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​​​​ក្បែរ​កីឡដ្ឋាន​​ Besiktas

ថ្ងៃអាទិត្យ ទី ១១ ធ្នូ ២០១៦​
105
មនុស្សយ៉ាងហោចណាស់២៩នាក់បានស្លាប់ និងជាច្រើននាក់ទៀតបានរបួស ក្នុងការបំផ្ទុះគ្រាប់បែកចំនួនពីរក្បែរកីឡដ្ឋានក្រុមកីឡាបាល់ទាត់ Besiktas ក្នុងទីក្រុងអ៊ីស្តង់ប៊ុល។ មកដល់ពេលនេះគេមិនទាន់ដឹងថា ក្រុមជ្រុលនិយមណាមួយ នៅពីក្រោយហេតុការណ៍នេះនៅឡើយទេ ។
រដ្ឋមន្ត្រីមហាផ្ទៃតួកគី Suleyman Soylu បាននិយាយថា ហេតុការណ៍បំផ្ទុះឡានអត្តឃាតនិងការបំផ្ទុះគ្រាប់បែកអត្តឃាតជាបន្តបន្ទាប់ បានសម្លាប់មនុស្ស២៩នាក់ និង១៦៦នាក់ផ្សេងទៀតរងរបួសក្នុងទីក្រុងធំជាងគេរបស់តួកគី អ៊ីស្តង់ប៊ុល។ ហេតុការណ៍បំផ្ទុះនេះ កើតឡើងនៅក្បែរកីឡដ្ឋានរបស់ក្រុម Besiktas ក្រោយការបញ្ចប់ការប្រកួតរវាងក្រុម Besiktas និងក្រុម Bursaspor នារាត្រីថ្ងៃទី១០ ខែធ្នូ។
ក្រុមមន្ត្រីតួកគីអះអាងថា ការបំផ្ទុះនេះ គឺសំដៅលើក្រុមប៉ូលិស និងមនុស្សម្នាដែលចាកចេញពីកីឡដ្ឋាន។ រដ្ឋមន្ត្រីមហាផ្ទៃតួកគី Soylu បញ្ជាក់ថា មន្ត្រីប៉ូលិសពីរនាក់ ស្ថិតក្នុងចំណោមអ្នកដែលបាត់បង់ជីវិត ឯអ្នករបួសចំនួន១៧នាក់ ត្រូវបានបញ្ជូនទៅបន្ទប់វះកាត់ និង៦នាក់ផ្សេងទៀត ស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់។
បើតាមសារព័ត៌មាន BBC មនុស្ស១០នាក់ ត្រូវបានចាប់ខ្លួនក្រោយហេតុការណ៍ផ្ទុះនេះ ប៉ុន្តែអ្នកនៅពីក្រោយការផ្ទុះនេះ នៅមិនទាន់កំណត់អត្តសញ្ញាណបាននៅឡើយទេ។ ប៉ុន្តែអាជ្ញាធរតួកគី បានដាក់ការសង្ស័យលើក្រុមភាគតិចឃើដ ដែលជានិច្ចកាលស្ថិតនៅពីក្រោយការបំផ្ទុះជាច្រើនលើកកន្លងមក។ ដោយឡែកក្រុមជ្រុលនិយមរដ្ឋឥស្លាម ក៏ស្ថិតក្រោមការសង្ស័យផងដែរ។
ក្នុងសេចក្ដីថ្លែងការណ៍មួយបន្ទាប់ពីហេតុការណ៍ផ្ទុះខាងលើ លោកប្រធានាធិបតី Recep Tayyip Erdogan និយាយថា ការវាយប្រហារភេរវកម្មនេះ មានគោលដៅប្រឆាំងកម្លាំងសន្តិសុខ និងប្រជាជនតួកគី។ ភេរវករវាយប្រហារនៅក្បែរកីឡដ្ឋាន Besiktas ព្រោះពួកគេចង់ឲ្យមានមនុស្សជាច្រើនត្រូវបានសម្លាប់។ ជាលទ្ធផលនោះ មនុស្សជាច្រើនបានស្លាប់ និងរបួសមែន។
តួកគី បានរងការវាយប្រហារស្រដៀងគ្នាបែបនេះជាច្រើនលើកមកហើយ ជាពិសេសទីក្រុងធំជាងគេទាំងពីររបស់ប្រទេសនេះ គឺជាគោលដៅចម្បងនៃការវាយប្រហារតែម្ដង។ មនុស្សរាប់សិបនាក់ បានក្លាយជាជនរងគ្រោះនៃការប្រហារទាំងនេះ។ រដ្ឋធានីអង់ការ៉ា ធ្លាប់ត្រូវបានសកម្មឃើដ វាយប្រហារពីរដង ឯក្រុងអ៊ីស្តង់ប៊ុលវិញ ក៏ធ្លាប់រងការប្រហារជាច្រើនលើកពីសំណាក់ក្រុមរដ្ឋឥស្លាមផងដែរ៕
ចែករំលែក

បញ្ចេញយោបល់